ភ្នំពេញ៖ ជាការពិតណាស់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចារឹកទុកថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ដោយផ្នែកលើតួនាទីមិនអាចខ្វះបានរបស់ព្រះសង្ឃពោលគឺវត្តអារាម។ តាំងតែពីដើមមករហូតដល់បច្ចុប្បន្នវត្តអារាមព្រះពុទ្ធសាសនាបានចូលរួមអភិវឌ្ឍសង្គមកម្ពុជាស្ទើរតែគ្រប់វិស័យ ដូចវិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ជាដើម។ ថ្នាក់ដឹកនាំជាច្រើនរូបសុទ្ធតែមានអតីតភាពជាក្មេងវត្តឬក៏បានទទួលការអប់រំ បណ្តុះបណ្តាលពីសាលាវត្តដែលមានព្រះសង្ឃជាគ្រូបង្ហាត់បង្រៀនឬជាគ្រូបាធ្យាយជាដើម ។

បើតាមរបាយការណ៍ក្រសួងធម្មការ និងសាសនា គិតត្រឹមចុងឆ្នាំ២០១៨ វត្តអារាម នៅកម្ពុជាបច្ចុប្បន្នមានចំនួន ៤,៩៧៩វត្ត និងព្រះសង្ឃ ៧០,៨៥៣អង្គ ទូទាំងប្រទេស។ យ៉ាងណាមិញថ្ងៃនេះដែរ khmerload នឹងនាំលោកអ្នកទៅស្គាល់វត្តអារាមមួយកន្លែងដែលជាទីគោរពបូជាដ៏ស័កិ្តសិទ្ធិ និងមានប្រវត្តដ៏ដ៏អស្ចារ្យផងដែរ ពោលគឺ «វត្តព្រះធាតុ» ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ទីតាំង​បច្ចុប្បន្ន ស្ថិតក្នុង សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ វត្តនេះត្រូវបានកាត់ចូលក្នុង ខណ្ឌដង្កោ កាលពីឆ្នាំ២០១១ យើងអាចធ្វើដំណើរពីភ្នំពេញ ទៅកាន់វត្តព្រះធាតុបានពីរផ្លូវ មួយគឺតាមទៅ ក្រុងតាខ្មៅ ពេលដល់រង្វង់មូលតាខ្មៅ គឺយើងបត់ទៅផ្លូវខាងលិច រហូតទៅដល់ផ្លូវបំបែក ជាបួន ដែលមានផ្លូវទៅកាន់ ខេត្តតាកែវ និងខេត្តកំពត ប៉ុន្តែយើងត្រូវជិះទៅផ្លូវត្រង់។

ក្លោងទ្វារ វត្តព្រះធាតុ

ម្យ៉ាងវិញទៀត គឺធ្វើដំណើរតាមផ្លូវចម្ការដូង ទៅកាន់ទិសខាងត្បូង រហូតដល់ផ្លូវបំបែកជាបួនដូចគ្នា ប៉ុន្តែយើងត្រូវបត់ផ្លូវខាងស្តាំ ជិះចូលទៅប្រហែលជា២០០ម៉ែត្រ និងបានឃើញខ្លោងទ្វារ ធ្វើអំពីឈើមួយ ដាក់ឈ្មោះថា វត្តព្រះធាតុ។ ព្រះចៅអធិការវត្តព្រះធាតុ នាពេលបច្ចុប្បន្ននេះ មានព្រះនាមថា ព្រះតេជគុណ វិសាបទ វ៉ែន សារឿន។  

រូបសំណាក់ លោកតា កន្លោង

ទីតាំងវត្តព្រះធាតុ ជាបូជនីយដ្ឋានបុរាណទីទួលប្រាសាទដែលត្រូវបានកសាងឡើងដោយបុព្វបុរសខ្មែរ តាំងពីសម័យចេនឡាក្នុងរវាងសតវត្សទី៦ដល់ទី៧មកម្ល៉េះ។ ប៉ុន្តែសព្វថ្ងៃប្រាសាទបុរាណនោះត្រូវបានបាក់បែកខូចខាតអស់ទៅហើយ ដោយសារការគាស់កកាយពីសំណាក់ជនទុច្ចរិកនាពេលកន្លងមក និងការកសាងព្រះវិហារថ្មីចំពីលើទួលប្រាសាទ ដោយព្រះគ្រូចៅអធិកាវត្តសម័មុន គឺនៅសេសសល់តែបំនែកថ្មប្រាសាទនិងបដិមាតោថ្មខ្លះៗ ដែលត្រូវបានរៀបតំកល់ទុកក្រោមដើមពោធ៍ក្បែរព្រះវិហារជាភស្តុតាងតែប៉ុណ្ណោះ។

រូបសំណាក់ក្នុងទីធ្លាវត្ត

កាលដើមឡើយវត្តព្រះធាតុ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាលទេ ប៉ុន្តែសព្វថ្ងៃត្រូវបានកាត់បញ្ចូលក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ វិញ។ យោងតាមឯកសារ ប្រវត្តិសាស្រ្តវត្តព្រះធាតុត្រូវបានស្ថាបនាឡើង ក្នុងថ្ងៃ១១កើត ខែបុស្ស ឆ្នាំម្សាញ់ ព.ស ១៩១៦ ត្រូវនឹង គ.ស ១៣៧២ ដោយស្នាព្រះហស្ថអតីតព្រះមហាក្សត្រខ្មែរមួយអង្គ ព្រះនាមព្រះបាទ ធម្មសោគរាជ ក្រោយពីព្រះអង្គទ្រង់បួងសួងនៅត្រង់ទីទួលប្រាសាទនេះ ហើយទ្រង់ក៏បានធ្វើសង្គ្រាមឈ្នះទ័ពសៀមសម័យនោះ ក្រោយពីការកសាងសង់វត្តនេះ ព្រះអង្គក៏បាននិមន្តព្រះសង្ឃពីទួលក្រាំងព្រះពុទ្ធ សព្វថ្ងៃនេះស្ថិតនៅក្នុង សង្កាត់ព្រែកកកំពឹស ខណ្ឌដង្កោ ឲ្យនិមន្តមកគង់ចាំព្រះវស្សានៅវត្តព្រះធាតុវិញ ព្រោះទួលក្រាំងព្រះពុទ្ធតែងតែរងគ្រោះដោយសារទឹកជំនន់។

រូបចំលាក់តោតាំងពីសម័បុរាណ

ដោយឡែក បើតាមរឿងព្រេងតំណាលតៗគ្នាមក ទួលព្រះធាតុនេះមានប្រវត្តជាប់ពាក់ព័ន្ធនឹងរឿងស្ដេចបាយ៉ងកោ គឺនៅពេលព្រះអង្គយាងក្រសាលសមុទ្រមេឃ ក៏បានបង្អុលភ្លៀងធ្លាក់ជោគជាំទើបព្រះអង្គបន់ស្រន់ចំពោះបារមីទួលព្រះធាតុនេះ កាលដើមឡើយជាកោះហ៊ំព័ទ្ធដោយទឹកសមុទ្រ លុះដល់ព្រះអង្គបានរួចផុតគ្រោះថ្នាក់ព្រះអង្គក៏កោព្រះកេសាថ្វាយ ហើយជាប់ព្រះនាមថា«ស្ដេចបាយ៉ង់កោ» ព្រះបានផ្ដាំព្រះរាជបុត្រាបុត្រីឲ្យតំកល់ព្រះអធិធាតុព្រះអង្គនៅទីនេះនៅពេលព្រះអង្គសោយទិវង្គតទើទួលនេះជាប់ឈ្មោះទួលព្រះធាតុតរៀងមក។

ទីសំណាក់លោកាយាយ ម៉ៅ

គួរបញ្ជាក់ផងដែរថា នៅក្នុងបរិវេណវត្តព្រះធាតុ មានព្រះវិហាចំនួនពីរខុសប្លែកពីវត្តអារាមពុទ្ធសាសនាដ៏ទៃទៀត គឺមួយជាព្រះវិហារ «ពុទ្ធសាសនា» និងមួយទៀតជាវិហារព្រហ្មបែបសាសនាហៅថា «វិហារបំណន់» វិហារបំណន់នេះហើយជាកន្លែងដែលមានតំណាលក្នុងរឿងព្រងនិទានចៅស្រទបចេក ត្រង់វគ្គដែលភគសេដ្ឋី និង ធនសេដ្ឋី បានធ្វើដំណើរមកបន់ស្រន់សុំបុត្រាបុត្រីពីបារមីព្រះធាតុនេះឯង។

ព្រះវិហារថ្មី ខាងព្រះពុទ្ធសាសនា

យ៉ាងណាមិញ មកដល់សព្វថ្ងៃនេះ វត្តព្រះធាតុក៏មានបារមីស័ក្កសិទ្ធិ ដូចជា «លោកយាយម៉ៅ លោកយាយទេព លោកតាកន្លោង និងដើមពោធ៍ដ៏ធំមួយ ដែលមានតាំងពីបុរាណកាលមកម្ល៉េះ ដែលបារមីដ៏ស័ក្កសិទ្ធិនេះ បានក្លាយជាទីសក្ការរបស់មនុស្សម្នាជាច្រើនដែលបានធ្វើការបន់ស្រន់សុំលាភសុំជ័យក្នុងការរកស៊ី និងអ្នកខ្លះមកបន់សុំកូនសុំចៅបានយ៉ាងស័ក្កសិទ្ធិទៀតផង។

ព្រះហារចាស់ ខាងព្រហ្មសាសនា

ជាក់ស្ដែង គឺសំណាក់ លោកយាយ ម៉ៅ ដែលសព្វថ្ងៃក្លាយជាអាស្រមដ៏សក្ត័សិទ្ធិ ក្នុងការដែលប្រជាជនដែលរៀបការហើយគ្មានកូន ក៏បានមកបន់ស្រន់នៅទីនោះ ហើយទទួលបាននូវអ្វីដែលពួកគេចង់បានដូចបណង។ នេះបើតាមប្រសាសន៍លោក អ៊ំ ហែម រិទ្ធី ដែលជាចាស់ទុំនៅវត្តនេះបានបញ្ជាក់ ថាមិនត្រឹមតែប៉ុណ្ណោះ មានអ្នកមានបុណ្យសក្ក័ធំៗ រាជការ ក្នុងការឡើងស័ក្ក ជាច្រើនបានមកបន់ស្រន់នៅទីនេះ នៅពេលដែលត្រូវប្រកបអាជីវកម្មធំ ក៏ដូចជាក្នុងការ ទិញលក់អចលនទ្រព្យផ្សេងៗដើម្បីទទួលបានផលចំនេញផងដែរ ។

លោកយាយ ទេព

ក្រោយមក ក៏​បានទៅលាបំណន់ ហើយបាន​អញ្ជើញ​ចូល​ទៅ​បូជា​ថ្វាយ​នូវ​ភួងផ្កា ទៀន ធូ​ប ដើម្បី​ឧទ្ទិស​មគ្គផល​កុសលផល​បុណ្យ និង​ដើម្បី​សុំ​​សេចក្តីសុខ​សប្បាយ ជូន​ដល់​ក្រុម​គ្រួសារ បងប្អូន កូនចៅ​របស់​ខ្លួន និង​​​ការងារ​​រក​ស៊ី​ជួញ​ដូរ​ផ្សេងៗ​ទទួល​​ផល​កម្រៃ​ក្នុង​ការ​​ផ្គត់​ផ្គង់​​សេដ្ឋកិច្ច​ក្រុម​គ្រូ​សារខ្លួន៕

ដើមពោធ៍ដែលមានអាយុកាលរាប់រយឆ្នាំ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]