ម៉ាក់​ៗ​អាច​នឹង​បែក​ញើស​ច្រើន​ជាង​ធម្មតា​អំឡុង​ពេល​មាន​គភ៌​ដោយ​សារ​តែ​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន។​ ប៉ុន្តែ​ ការ​បែក​ញើស​នេះ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ឡើយ​ ហើយ​យើង​អាច​ដោះស្រាយ​​វា​បាន​ ដោយ​ការអនុវត្ត​តាម​តិចនិក​មួយ​ចំនួន​ខាង​ក្រោម។

ការ​បែក​ញើស​ខ្លាំង​ពេល​ពពោះ​ចាប់ផ្ដើម​​នៅ​ពេល​ណា​?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជា​ទូទៅ​ ម៉ាក់​ៗ​អាច​នឹង​បែកញើស​​នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ។ ពិត​ណាស់​ ការ​កើន​ឡើង​​សីតុណ្ហភាព​រាងកាយ​នៅ​ពេល​ពពោះ​ អាច​បណ្ដាល​ឲ្យ​យើង​បែក​ញើស​។ ចំណែក​ឯ​កត្តា​មួយ​ចំនួន​ទៀត​ ដូចជា​ការ​ប្រែប្រួល​អ័រម៉ូន ការ​កើន​ឡើង​បរិមាណ​ឈាម ​និង​ការ​ឡើង​ទម្ងន់​ក៏​អាច​នាំ​ឲ្យ​​យើង​បែក​ញើស​ផង​ដែរ​។

គណនាថ្ងៃសម្រាលកូន នៅទីនេះ

មូលហេតុ​​​ផ្សេង​ៗ​​ធ្វើ​ឲ្យ​យើង​បែក​ញើសខ្លាំង​អំឡុង​ពេល​មាន​គភ៌

ស្ត្រី​មួយ​ចំនួន​អាច​ជួប​ប្រទះ​ការ​បែក​ញើស​នៅ​អំឡុង​ពេល​ថ្ងៃ​ ខណៈ​ដែល​​មួយ​ចំនួន​ទៀត​បែក​ញើស​ច្រើន​នៅ​ពេល​យប់​។ យ៉ាង​ណា​មិញ ​មូលហេតុ​ទូទៅ​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ៗ​បែក​ញើសខ្លាំង​អំឡុង​ពេល​ពពោះ​​មាន​ដូចជា​៖

  • ការ​​ធ្វើ​មេតាប៉ូលីស​កើន​ឡើង​
  • ជាតិ​ស្ករ​ក្នុង​ឈាម​ទាប
  • ជំងឺ​លើស​កម្រិត​អ័រម៉ូន​ទីរ៉ូអ៊ីត
  • ​​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំ​
  • លំហូរ​ឈាម​កើន​ឡើង​
  • ការ​ឆ្លង​មេរោគ​​
  • កម្រិត​អ័រម៉ូន​Progesterone​ឡើង​ខ្ពស់​
  • ការ​ប្រែប្រួល​អ័រម៉ូន
  • ​ការ​ឡើង​ទម្ងន់
  • អាកាសធាតុ​
  • សកម្មភាព​រាងកាយ​
  • ការ​ថប់​បារម្ភ​
  • ការ​ញ៉ាំ​អាហារ​ហឹរ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​។​

តិចនិក​​ដោះស្រាយ​បញ្ហា​បែក​ញើស​ខ្លាំង​​ពេលពពោះ

ទោះ​បី​ជា​យើង​មិន​អាច​បញ្ឈប់​ការ​បែក​ញើស​នៅ​អំឡុង​ពេល​ពពោះ​ទាំង​ស្រុង​ក៏​ពិត​មែន​ ម៉ាក់​ៗ​អាច​អនុវត្ត​តិចនិក​ងាយ​ៗ​ទាំង​នេះ​ ដើម្បី​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​ ឬ​ការ​មិន​ស្រួល​ខ្លួន​​បាន​។

គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ

១. ជៀសវាង​ចេញ​ក្រៅ​នៅ​ពេល​អាកាសធាតុ​ក្ដៅ

​ម៉ាក់​ៗ​គប្បី​ជៀសវាង​ចេញ​ទៅ​ខាង​ក្រៅ​ នៅ​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង ដើម្បី​កុំ​ឲ្យ​បែក​ញើស​កាន់​តែ​ច្រើន​។ មួយ​វិញ​ទៀត​ ​យើង​គប្បី​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ ឬ​ពេល​ល្ងាច​ ព្រម​ទាំង​ស្លៀក​សំលៀកបំពាក់​ស្ដើង​ៗ​ និង​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន​។

២. ផ្លាស់ប្ដូរ​របប​អាហារ​មួយ​ចំនួន​

​​​​​ជាមួយ​គ្នា​នេះ​ដែរ ​ស្ត្រី​ពពោះ​មិន​គួរ​ញ៉ាំ​អាហារ​ហឹរ​ ឬ​ភេសជ្ជៈ​ក្ដៅ​នោះ​ទេ​ ពីព្រោះ​វា​អាច​បង្កើន​សីតុណ្ហភាព​នៅ​ក្នុង​រាងកាយ​។ ចូរ​ញ៉ាំ​ទឹក​​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​ ក៏​ដូចជា​អាច​កាត់​បន្ថយ​​កម្ដៅ​រាងកាយ។

៣. ព្យាបាល​ការ​ឆ្លង​មេរោគ​ឲ្យ​បាន​ទាន់​ពេលវេលា​

ប្រសិនបើ​យើង​មាន​ជំងឺ​ ឬ​ឆ្លង​មេរោគ​ គួរ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា​។ មួយ​វិញ​ទៀត​ ម៉ាក់​ៗ​​អាច​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​​បាន​ដឹង​ច្បាស់​​ថា​ ថ្នាំ​ណា​មួយ​ដែល​យើង​ប្រើ ​មាន​ជះ​ឥទ្ធិពល​ដល់​ការ​បែកញើស​។

៤. សង្កេត​មើល​ការ​ប្រែប្រួល​ផ្សេងៗ​​

ភាគច្រើន​ អតុល្យភាព​អ័រម៉ូន​បណ្ដាល​ឲ្យ​បែក​ញើស​ អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ហេតុ​នេះ​ហើយ​ យើង​គប្បី​សង្កេត​មើល​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​រាងកាយ​​ឲ្យ​បាន​ដិតដល់​។

៥. ​ប្រើប្រាស់​ម្សៅ​ហ៊ុយ​

បន្ថែម​ពី​នេះ​ ម៉ាក់​ៗ​ក៏​អាច​ប្រើប្រាស់​ម្សៅ​ហ៊ុយ​ ប្រសិនបើ​​​​​មាន​អាការៈ​បែក​ញើស​ច្រើន​ជ្រុល​។ ទោះ​បី​ជា​វា​មិន​អាច​កាត់បន្ថយ​ការ​បែក​ញើស​បាន​ ប៉ុន្តែ​ម្សៅ​ហ៊ុយ​អាច​ស្រូប​យក​ជាតិ​សំណើម​ដែល​ច្រើន​ជ្រុល​បាន​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]