ជួនកាល អាការៈឈឺខ្នងក្រោយញ៉ាំអាហាររួច អាចបញ្ជាក់ពីបញ្ហាសុខភាពមួយចំនួន ដែលយើងគប្បីមានការប្រុងប្រយ័ត្នឲ្យបានដិតដល់។ ការឈឺខ្នងជាទូទៅ កើតឡើងពីការឈឺចាប់សាច់ដុំ ភាពតានតឹង ឬរបួសសាច់ដុំ និងឌីស (discs)ដែលទ្រទ្រង់ឆ្អឹងខ្នងរបស់យើង។ វាជារឿងធម្មតាប៉ុណ្ណោះ ដែលយើងកើតមានអាការៈនេះនៅពេលដែលយើងមានវ័យកាន់តែចាស់ទៅ ពីព្រោះឆ្អឹងកកិតគ្នាទៅវិញទៅមក ដែលបណ្ដាលឲ្យមានការឈឺចាប់ និងចុករួយ។ យ៉ាងណាមិញ លក្ខខណ្ឌសុខភាពទាំងនេះ ក៏អាចនាំឲ្យយើងកើតមានអាការៈឈឺខ្នង។
១. ក្រហាយទ្រូង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ការឈឺខ្នងក្រោយញ៉ាំអាហាររួច អាចបណ្ដាលមកពីការក្រហាយទ្រូង ជាជំងឺប្រព័ន្ធរំលាយអាហារដែលបង្កជាការឈឺចាប់នៅក្នុងទ្រូងដោយសារតែការចាល់អាស៊ីដ។ រោគសញ្ញាដទៃទៀត រួមមានជូរមាត់ ឈឺបំពង់ក និងក្អក។ អាហារជាក់លាក់មួយចំនួនដែលបង្កជាអាការៈនេះ រួមមានគ្រឿងស្រវឹង ភេសជ្ជៈមានជាតិកាហ្វេអ៊ីន សូកូឡា អាហារហឹរ និងប៉េងប៉ោះ។
២. ដំបៅក្រពះ
ការឈឺខ្នងនេះក៏អាចបណ្ដាលមកពីដំបៅក្រពះដូចគ្នា។ ចំណែកឯរោគសញ្ញាទូទៅដទៃទៀតនៃជំងឺដំបៅក្រពះមានដូចជាក្រហាយទ្រូង ឈឺពោះ ហើមពោះ និងមានហ្គាសជាដើម។ ជាទូទៅ ជំងឺដំបៅក្រពះកើតឡើងដោយសារការបង្ករោគដោយបាក់តេរី និងការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីដ រយៈពេលវែង។ ការញ៉ាំអាហារហឹរ ឬអាហារដែលមានជាតិអាស៊ីដអាចធ្វើឲ្យជំងឺនេះកាន់តែយ៉ាប់យ៉ឺនទ្វេដង។
៣. ឥរិយាបថមិនសមរម្យ
ចំកោងខ្លួន អំឡុងពេលញ៉ាំអាហារក៏អាចបង្កជាការឈឺខ្នងដូចគ្នា។ មួយវិញទៀត នៅពេលដែលយើងបញ្ចេញឥរិយាបថកោងខ្លួនក្រោយញ៉ាំអាហាររួច ក៏អាចនាំឲ្យក្រហាយទ្រូង ដោយសារតែចាល់អាស៊ីដ និងបង្កជាអាការៈឈឺខ្នងនេះដែរ។
៤. ការឆ្លងមេរោគតម្រងនោម
ជាមួយគ្នានេះដែរ ការឈឺខ្នងជារោគសញ្ញាមួយនៃការឆ្លងមេរោគតម្រងនោម។ ការឈឺចាប់នៅចំហៀងខ្នង ឬផ្នែកកណ្ដាលទៅខាងលើ អាចបណ្ដាលមកពីការឆ្លងមេរោគតម្រងនោម។ រោគសញ្ញាដទៃទៀតនៃការឆ្លងមេរោគតម្រងនោម រួមមានការនោមញឹកញាប់ ឈឺចាប់ ឬក្រហាយនៅពេលនោម ឈឺពោះ ចង្អោរ និងក្អួត។
៥. គាំងបេះដូង
ប្រសិនបើយើងមានអាការៈឈឺខ្នង ជាមួយនឹងការឈឺទ្រូង បែកញើស ចង្អោរ និងវិលមុខ យើងអាចកំពុងតែប្រឈមនឹងការគាំងបេះដូង។ ជាធម្មតា ស្ត្រីងាយប្រឈមនឹងអាការៈគាំងបេះដូងច្រើនជាងបុរស ហើយរោគសញ្ញានៃអាការៈនេះ មានឈឺខ្នង សម្ពាធនៅខ្នងផ្អែកខាងលើ និងដង្ហើមខ្លីៗ។
៦. អាលែកហ្ស៊ីនឹងអាហារ
ប្រសិនបើយើងអាលែកហ្ស៊ីនឹងអាហារជាក់លាក់មួយចំនួន យើងអាចនឹងប្រឈមនឹងការរលាក ព្រមទាំងឈឺខ្នង បន្ទាប់ពីញ៉ាំអាហាររួច។ ការរលាកអាចបណ្ដាលមកពីអាហារមួយចំនួនដូចជាគ្រឿងស្រវឹង អាហារដែលធ្វើពីទឹកដោះគោ ឬសណ្ដែកដី។
៧. ក្រួសក្នុងថង់ទឹកប្រមាត់
ថង់ទឹកប្រមាត់ផ្ទុក និងបញ្ចេញទឹកប្រមាត់ដែលជាសារធាតុរាវជួយឲ្យរាងកាយរំលាយខ្លាញ់។ ក្រួសក្នុងថង់ទឹកប្រមាត់អាចរារាំងបំពង់ទឹកប្រមាត់ ដែលបណ្ដាលឲ្យឈឺថង់ប្រមាត់។ ក្រួសក្នុងថង់ទឹកប្រមាត់កើតឡើងជាទូទៅ បន្ទាប់ពីយើងញ៉ាំអាហារច្រើនជ្រុល ឬអាហារដែលមានខ្លាញ់។ ការឈឺចាប់នេះអាចបណ្ដាលឲ្យឈឺចាប់ខ្លាំងនៅផ្នែកខាងលើពោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]