រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដោយផ្ទាល់ទៅទទួលវ៉ាក់សាំង Oxford AstraZeneca ជាជំនួយបរិច្ចាគរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងដឹកមកដល់កម្ពុជានៅល្ងាចថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ ស្អែកនេះ។

វ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកមកដល់កម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ល្ងាចស្អែកនេះ។ នេះបើតាមបង្ហោះឱ្យដឹងនៅលើផេកហ្វេសប៊ុកផ្លូវរបស់ទូរទស្សន៍ជាតិកម្ពុជា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមជម្រាបថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ សម្តេចតេជោបានប្រកាសថា បើគ្មានអ្វីប្រែប្រួលទេ សម្តេចនឹងអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់ប្រទេសអង់គ្លេស ដែលជាជំនួយទ្វេភាគី ដែលនឹងមកដល់នៅថ្ងៃទី៤ ខែសីហា ខាងមុខនេះ។ ហើយចំពោះការរិះគន់ ការចេញទទួលវ៉ាក់សាំង ដែលជាជំនួយ របស់បណ្ដាប្រទេសមួយចំនួនទៀត សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សម្តេចចេញទទួលតែជំនួយទ្វេភាគីតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន៖ ចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ចំនួន ៤១ម៉ឺន ៥ពាន់ដូស៕

សម្តេចតេជោ ហ៊ុន សែន
រូបភាព៖ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា
ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងឯកឧត្តម ម៉ម ប៊ុនហេង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]