អាការៈ​ក្អក​ជា​សញ្ញា​បញ្ជាក់​ថា​រាងកាយ​របស់​យើង​កំពុង​​ព្យាយាម​កម្ចាត់​វត្ថុ​ចម្លែក​ ភ្នាក់ងារ​បង្ក​ការ​រលាក​ មេរោគ ស្លេស្ម​ និង​បាក់តេរី​ចេញ​ពី​បំពង់​ករបស់​យើង​។ ពិត​ណាស់​ ការ​ក្អក​​ជាប់​រហូត​​​អាច​រំខាន​ដល់​​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង​ ជា​ពិសេស​វា​ក៏​អាច​រារាំង​មិន​ឲ្យ​យើង​គេង​លក់​ស្កប់ស្កល់​ដែរ​។​ យ៉ាង​ណា​មិញ គ្នា​យើង​ក៏​អាច​កាត់បន្ថយ​អាការៈ​ក្អក​នេះ តាម​រយៈ​​​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ និង​​ជៀសវាង​ញ៉ាំ​អាហារ​រឹង​។

វីតាមីន​C

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈ​ពេល​ដែល​​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​វីតាមីន​C ​អាច​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​ និង​រយៈពេល​នៃ​ជំងឺ​ផ្ដាសាយ​ និង​ក្អក​ក៏​ពិត​មែន​ ប៉ុន្តែ​​វា​មាន​ប្រសិទ្ធភាព​តិចតួច​ប៉ុណ្ណោះ នៅ​ពេល​ដែល​យើង​កំពុង​តែ​ឈឺ​​។ ប៉ុន្តែ​​យើង​ក៏​​នៅ​តែ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ផ្លែ​ឈើ​​មួយ​ចំនួន​សម្រាប់​កាត់បន្ថយ​អាការៈ​ក្អក​ស្ងួត​ផង​ដែរ​។ ជាក់​ស្ដែង ពពួក​ផ្លែ​ក្រូច​មាន​សមាសធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ឲ្យ​យើង​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​។ ​រី​ឯ​ផ្លែឈើ​ដែល​អាច​ប្រឆាំង​នឹង​ការ​រលាក ក៏​ដូចជា​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​មាន​ដូចជា​ពពួក​​ផ្លែ​ប៊ឺរី​ ​អាច​ជួយ​ទប់ស្កាត់​ពី​អាការៈ​ក្អក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។

អាហារ​ហឹរ​

ជាមួយ​គ្នា​នេះ​ដែរ អាហារ​ហឹរ​​អាច​ជួយ​កម្ចាត់​សំបោរ​នៅ​ក្នុង​​​ប្រហោង​ច្រមុះ​ ដែល​ធ្វើ​ឲ្យ​យើង​ដកដង្ហើម​បាន​ស្រួល​​។ ​​មួយ​វិញ​ទៀត អាហារ​ហឹរ​​ដែល​​មាន​ដូចជា​ម្ទេស ​ផ្ទុក​សមាសធាតុ​ Capsaicin ​ដែល​មាន​គុណប្រយោជន៍​ជួយ​កម្ចាត់​អាការៈ​ក្អក។ ប៉ុន្តែ​ ប្រសិនបើ​គ្នា​យើង​មាន​បញ្ហា​ក្រពះ​ គួរ​ជៀសវាង​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ច្រើន​​ជ្រុល​។

​ទឹក​ឃ្មុំ

ពិត​ណាស់​ ទឹក​ឃ្មុំ​មាន​លក្ខណៈ​ពិសេស​ប្រឆាំង​នឹង​បាក់តេរី មេរោគ​ ផ្សិត​ ក៏​ដូចជា​ប្រឆាំង​នឹង​ការ​រលាក​​ដែល​អាច​ជួយ​កាត់​បន្ថយ​អានុភាព​ និង​រយៈពេល​នៃ​ការ​ក្អក​។ គ្នា​យើង​អាច​សាកល្បង​ញ៉ាំ​ទឹក​ឃ្មុំ ជាមួយ​នឹង​ក្រូច​ឆ្មារ​ ដោយ​លាយ​​ទឹក​ឃ្មុំ​​ចំនួន​២​ស្លាប​ព្រា​បាយ​ និង​ទឹក​ក្រូច​ឆ្មារ​ស្រស់​ចំនួន​២​ស្លាបព្រា​បាយ​ ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ចំនួន​២៥០​មីលីលីត្រ។ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​មិន​ត្រឹមតែ​អាច​​ជួយ​រំលាយ​​ស្លេស្ម និង​បំបាត់​ការ​​ឈឺ​បំពង់​ក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​​ផ្ដល់​វីតាមីន​C​ដល់​រាងកាយ​ ដើម្បី​បង្កើន​​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង​។

ម្នាស់​

ចំណែក​ឯ​ម្នាស់​ក៏​មាន​គុណ​ប្រយោជន៍​ជួយ​បំបាត់​បញ្ហា​ក្អក​នេះ​ដែរ។ សារធាតុ​Bromelain ​ជា​អង់ស៊ីម​ដែល​មាន​នៅ​ក្នុង​ផ្លែ​ម្នាស់​ មាន​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក​យ៉ាង​មាន​ប្រសិទ្ធភាព​។​ បន្ថែម​ពី​នេះ វា​ក៏​អាច​បំបែក​​ស្លេស្ម និង​កម្ចាត់​ចេញ​ពី​បំពង់​ក​ទាំង​ស្រុង​​ផង​ដែរ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]