ភ្នំពេញ៖ ពានរង្វាន់សហគ្រិនខ្មែរក្នុងធុរកិច្ចបង្កើតថ្មី ២០២១ ដែលផ្តួចផ្តើមឡើងដោយសហគ្រិនខ្មែរ រៀបចំដោយ Mango Tango Asia នឹងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ៥ ខែ ដោយផ្តល់ការណែនាំនិងបង្វឹក ដើម្បីជ្រើសរើស និងផ្តល់រង្វាន់ដល់ធុរកិច្ចបង្កើតថ្មីដែលមានសក្តានុពលលើ ៤ប្រភេទអាជីវកម្ម ដែលមានដូចជា៖
- ធុរកិច្ចបង្កើតថ្មីឆ្នើម (៣ រង្វាន់)
- ធុរកិច្ចស្ត្រី (១ រង្វាន់)
- ធុរកិច្ចសង្គម (១ រង្វាន់)
- ធុរកិច្ចនវានុវត្តន៍ (១ រង្វាន់) ។
ជាក់ស្តែង ៣៦អាជីវកម្មនឹងត្រូវជ្រើសរើសដំបូងដើម្បីទទួលវគ្គបណ្តុះបណ្តាល និងការណែនាំ ដើម្បីជួយម្ចាស់អាជីវកម្មបង្កើតយុទ្ធសាស្រ្តឆ្ពោះទៅរកទីផ្សារ (Go- to Market) ក្នុងរយៈពេល ៦ សប្តាហ៍។ ក្រោយពីនោះ អាជីវកម្មចំនួន ១៨ ដែលជ្រើសចេញពី ៣៦ក្រុម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងទទួលបានការហ្វឹកហាត់បន្ថែមលើការធ្វើបទបង្ហាញអាជីវកម្មប្រកបដោយប្រសិទ្ធភាព ដើម្បីប្រកួតយកជ័យលាភីចុងក្រោយ ៦ ក្រុម។ ជ័យលាភីនឹងទទួលបានពានរង្វាន់ លិខិតទទួលស្គាល់ ប្រាក់រង្វាន់ និង ជំនួយគាំទ្រផ្នែកទីផ្សារដែលមានតម្លៃស្មើនឹង ១,២០០ ដុល្លារអាមេរិក។
សហគ្រិនខ្មែរផ្តួចផ្តើមបង្កើតកម្មវិធីនេះក្នុងគោលបំណងដើម្បីលើកកម្ពស់ ផ្សារភ្ជាប់ និង អភិវឌ្ឍសហគ្រិនភាព និងជម្រុញវប្បធម៌សហគ្រិនភាពនៅកម្ពុជា។
សហគ្រិនខ្មែរ (KE: Khmer Enterprise) គឺជាស្ថាប័នប្រតិបត្តិករក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតឡើង ដើម្បីគាំទ្រនិងជួយដល់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូចនិងមធ្យម (SMEs) តាមរយៈ
១. ការបង្កើនសមត្ថភាព
២. ការលើកកម្ពស់វប្បធម៌សហគ្រិនភាព
៣. ការបង្កើតបណ្តាញទំនាក់ទំនង
៤. ការផ្តល់មូលនិធិដើមទុន
ជំនួយអាចមានក្នុងទម្រង់ជាហិរញ្ញវត្ថុ ការប្រឹក្សាយោបល់លើធុរៈកិច្ច និង ជំនួយបច្ចេកទេស ។
កម្មវិធីពានរង្វាន់សហគ្រិនខ្មែរក្នុងធុរកិច្ចបង្កើតថ្មី ២០២១ បានបើកទទួលពាក្យចូលរួមចាប់ពីថ្ងៃនេះតទៅ។ សហគ្រិនដែលចាប់អារម្មណ៍អាចធ្វើការចុះឈ្មោះឥឡូវនេះ តាមរយៈតំណភ្ជាប់នេះ៖ https://bit.ly/37dUTFv
ថ្ងៃផុតកំណត់នៃការទទួលពាក្យនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកយើងតាមរយៈ [email protected] cc [email protected] ឬ 077 725 406 ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]