ភ្នំពេញ៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រុមហ៊ុន Smart Axiata តាមរយៈមូលនិធិការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (មូលនិធិស.អ.) បានប្រកាសពីការបើកទទួលពាក្យចុះឈ្មោះប្រកួតប្រជែងស្នាដៃច្នៃប្រឌិតឌីជីថល ក្នុងកម្មវិធី ពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានកម្ពុជា ឆ្នាំ២០២១ (CICTA21) ដើម្បីទទួលពានរង្វាន់ល្អបំផុតប្រចាំឆ្នាំថ្នាក់ជាតិនៅកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើអ្វីទៅជាពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា?
កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា (Cambodia ICT Awards ហៅកាត់ថា CICTA) គឺជាកម្មវិធី ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព៌ត័មានថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំតាំង ពីឆ្នាំ២០១៥។ កម្មវិធីនេះ មានគោលបំណងជំរុញការធ្វើបរិវត្តកម្ម ឌីជីថលប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជាតាមរយៈ ការផ្តល់ ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិននូវ៖
● ការទទួលស្គាល់ (Recognition)៖ ផ្តល់ការទទួលស្គាល់ថ្នាក់ជាតិ ដល់សមិទិ្ធផល ស្នាដៃ ច្នៃប្រឌិត និងជោគជ័យនានា លើនវានុវត្តន៍ឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
● ការលើកទឹកចិត្ត (Motivation)៖ ផ្តល់ការលើកទឹកចិត្ត ដល់ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការប្រើប្រាស់ បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល
● ការលើកកម្ពស់ (Promotion)៖ លើកកម្ពស់ការយល់ដឹងពីបច្ចេកវិទ្យាឌីជីថល ក្នុងស្រទាប់សាធារណជន និងជួយកាត់បន្ថយគម្លាតឌីជីថល នៅក្នុងសហគមន៍ធុរកិច្ច និងរវាងប្រជាជនដែលរស់នៅតាមបណ្តាខេត្ត និងក្នុងទីក្រុងដែលជាកត្តារួមចំណែកក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។
● ការផ្តល់ឱកាស (Opportunity)៖ ផ្តល់ឱកាសដើម្បីបង្ហាញនូវស្នាដៃ សមិទិ្ធផលជោគជ័យនានាអំពីនវានុវត្តន៍ឌីជីថល ជាមួយនឹងឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាងរបស់កម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ថ្នាក់តំបន់ និងសកល។
ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល អាចដាក់ពាក្យចូលជាបេក្ខភាពពានរង្វាន់ Cambodia ICT Awards 2021 ដែលមាន ពានរង្វាន់ចំនួន ៦ ប្រភេទដូចខាងក្រោម៖
● សេវារដ្ឋាភិបាលឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Government Service of the Year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ «ក្រសួង-ស្ថាប័នរដ្ឋ» ដែលបានអភិវឌ្ឍដោយប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល សម្រាប់ជាមធ្យោបាយក្នុងការផ្តល់សេវាសាធារណៈ ក្នុងគោលដៅពង្រឹង ប្រសិទ្ធភាពនៃការផ្តល់សេវា សាធារណៈ និង ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងសាធារណជន។
● ស្ថាប័ននវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃ របស់ក្រុមហ៊ុនឬស្ថាប័ន ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពអាជីវកម្មឬសហគ្រាសរបស់ខ្លួនឱ្យកាន់តែ ល្អប្រសើរ ដោយផ្គត់ផ្គង់នូវផលិតផល និងសេវាកម្មថ្មីៗ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ ។
● បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Technology of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ ក្រុមហ៊ុនឬស្ថាប័ន ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបម្រើផលប្រយោជន៍ដល់សង្គម និងរួមចំណែកអភិវឌ្ឍន៍ដល់ សេដ្ឋកិច្ចរបស់សហគ្រាសសង្គម ។
● មាតិកាឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃ របស់ក្រុមហ៊ុនឯកជន ឬអង្គការក្រៅ រដ្ឋាភិបាល ដែលបានច្នៃប្រឌិត និងប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតជាមាតិកាឌីជីថលផ្សេងៗ ដូចជា វីដេអូ ហ្គេម មេរៀន ឯកសារជាសម្លេង។ល។ ដែលអាចរួមចំណែកលើកកម្ពស់ការផ្តល់ នូវចំណេះដឹង ការកំសាន្ត និងដោះស្រាយបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ សាធារណជន និងសង្គម។
● ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ ក្រុមហ៊ុន ឬ ស្ថាប័ន ដែលមានស្នាដៃក្នុងការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងវិស័យ បច្ចេកវិទ្យាឌីជីថល ដូចជាការរកឃើញ រូបមន្តថ្មី វិធីសាស្ត្រថ្មី វិធានថ្មី ការបង្កើតថ្មី។ល។
● ធុរកិច្ចថ្មីឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Startup of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃ របស់ធុរកិច្ចថ្មីឌីជីថលដែលមាន អាយុមិនលើសពី ៣ឆ្នាំដោយរាប់ចាប់ពីថ្ងៃចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ។ ធុរកិច្ចថ្មីឌីជីថលត្រូវតែជាក្រុមហ៊ុន ដែលបានបង្កើតសមិទ្ធិផលថ្មី ជាមួយគំនិតនវានុវត្តន៍ថ្មី ដោយប្រើបច្ចេកវិទ្យាឌីជីថល។
បណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានបញ្ជាក់ថា៖
កម្មវិធី CICTA21 ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រុមហ៊ុន Smart Axiata ដោយប្រើប្រាស់ថវិកា មូលនិធិស.អ. ក្នុងការកសាងធនធានសមត្ថភាពលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍។ ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល សហគ្រិន ឬធុរកិច្ចថ្មីឌីជីថល នឹងទទួលបាន ទឹកប្រាក់ចំនួន ២,០០០ ដុល្លារសម្រាប់ពានរង្វាន់នីមួយៗពីកម្មវិធី។
លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត អាស្យាតា បានថ្លែងថា៖
តើនរណាខ្លះអាចចូលរួមបាន?
លក្ខខណ្ឌនៃការចូលរួម៖
- ជាក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុន ឬអង្គការ ដែលបានចុះបញ្ជី និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ ស្របទៅតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា
- ម្ចាស់ក្រុមហ៊ុន ត្រូវមានសញ្ជាតិខ្មែរ ឬមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា
- ផលិតផល ត្រូវតែមានកម្មសិទ្ធិបញ្ញា ដោយក្រុមហ៊ុនឬស្ថាប័នសាមីផ្ទាល់ និងអភិវឌ្ឍន៍ ឬបង្កើតឡើងដោយប្រើប្រាស់ធនធានយ៉ាងហោចណាស់៥១% នៅក្នុងព្រះរាជាណាចក្រកម្ពុជា
- សម្រាប់ធុរកិច្ចថ្មីឌីជីថល (Digital Startups) ត្រូវមានអាយុមិនលើសពី ៣ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ
- ក្រុមហ៊ុនដែលក្ស័យធន មិនត្រូវបានអនុញ្ញាតអោយចូលរួមក្នុងកម្មវិធីនេះបានឡើយ
ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល សហគ្រិន ឬធុរកិច្ចថ្មីឌីជីថល ដែលត្រូវនឹងលក្ខខណ្ឌដូចខាងលើ និងមានបំណងចូលរួម ប្រកួតប្រជែងកម្មវិធី CICTA21 អាចដាក់ពាក្យ តាមរយៈ តំណរ៖ https://bit.ly/APPLYCICTA21 រហូតដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 093-316-781 ឬអ៊ីមែល : pr@cadt.edu.kh ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]