ភ្នំពេញ៖ បន្ទាប់ពីការរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត អស់រយៈពេលជាង១ឆ្នាំ ធនាគារ ហ្វីលីព បានក្លាយជាធនាគារដែលមានបណ្តាញសាខាច្រើនជាងគេមួយនៅក្នុងកម្ពុជា សរុបប្រមាណជាង ៨០សាខា នៅទូទាំងប្រទេស ហើយកាន់តែពិសេសបានបន្តសកម្មភាពក្នុងការផ្តល់ប្រតិបត្តិការសេវាហិរញ្ញវត្ថុជាច្រើនប្រភេទ និង កាន់តែងាយស្រួលដល់អតិថិជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអគ្គនាយក ធនាគារ ហ្វីលីព លោក ចាន់ ម៉ាច បានថ្លែងថា ចាប់តាំងពីការរួមបញ្ចូលគ្នា ធនាគារ ហ្វីលីព បានផ្តោតលើសកម្មភាពសំខាន់ៗជាច្រើនក្នុងនោះ សំដៅជាចម្បងទៅលើការបង្ហាញពីអត្តសញ្ញាណស្លាកយីហោ របស់ធនាគារ ហ្វីលីព ទៅដល់អតិថិជនទាំងអស់របស់ក្រេឌីត គួបផ្សំនឹងការផ្សព្វផ្សាយទៅកាន់សាធារណៈជនឲ្យបានស្គាល់ពី ចក្ខុវិស័យ បេសកកម្ម និង គុណតំលៃរបស់យើងផងដែរ។
លោកបានបន្តទៀតថា សាខាជាច្រើនត្រូវបានកែលម្អមុខមាត់ថ្មីជាបណ្តើរៗ និងបំលែងឲ្យទៅជាសាខាធនាគារដែលបម្រើសេវាកម្ម និងផលិតផលធនាគារពេញលេញជូនដល់អតិថិជនគ្រប់ស្រទាប់ រាប់ចាប់ពីអតិថិជនកម្ចីខ្នាតតូច ឯកត្តជន សហគ្រាសធុនតូចនិងមធ្យម រហូតដល់ សហគ្រាសធំៗ។ ការផ្តល់ជូនផលិតផលដ៏ទាន់សម័យជាមួយនឹងសេវាកម្មដែលកាន់ងាយស្រួល សម្រាប់ជួយសម្រួលដល់អតិថិជនរបស់យើង ក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុរបស់ពួកគេ។
ធនាគារបានឆ្ពោះទៅមុខដោយឈរលើយុទ្ធសាស្រ្តស្នូល តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ហើយបន្តដាក់ជូនផលិតផលធនាគារបែបឌីជីថលទៅកាន់ទីផ្សារ ក្នុងអំឡុងពេល១ឆ្នាំកន្លះនេះហើយដែរ។ តាមរយៈកម្មវិធីធនាគារចល័ត អតិថិជនអាចប្រតិបត្តិការសេវាហិរញ្ញវត្ថុជាច្រើនប្រភេទបានយ៉ាងងាយស្រួល តាមរយៈម្រាមដៃរបស់ពួកគេ។ មាស្ទ័រកាតនិម្មិតរបស់ធនាគារយើង បានផ្តល់លទ្ធភាពគ្រប់បែបយ៉ាងសម្រាប់អតិថិជនក្នុងការទូទាត់ទាំងក្នុង និងក្រៅប្រទេស។
លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០២១ យើងបានដាក់ដំណើរការសេវាកម្ម បើកគណនីដល់ទីកន្លែង ដែលផ្តល់នូវភាពងាយស្រួលទ្វេរដង សម្រាប់អតិថិជនរបស់យើងមានក្នុងការបើកគណនីជាមួយធនាគារ ហ្វីលីព។ យើងរំពឹងថានឹងដាក់ចេញនូវសេវាកម្មជាច្រើនទៀត រួមមានសេវាបង់ទឹក ភ្លើង សេវាកម្មបើកគណនីតាមប្រព័ន្ធអនឡាញ សេវាធនាគារតាមអ៊ីនធើណេត សេវាស្កេននិងទូទាត់ឆ្លងប្រទេស និង កាតទូទាត់ជាច្រើនប្រភេទទៀត។ ដោយសារតែភាពជោគជ័យនៃការរួមបញ្ចូលគ្នានេះ យើងនឹងនាំយកនូវផលិតផលហិរញ្ញវត្ថុជាច្រើន និងសេវាធនាគារឌីជីផលដ៍សំបូរបែប សម្រាប់ដល់អតិថិជនរបស់យើងនៅតាមបណ្តាខេត្តក្រុងទូទាំងប្រទេសផងដែរ។
លោកបានបញ្ជាក់ទៀតថា ក្នុងនាមជាធនាគារពាណិជ្ជសិង្ហបុរីតែមួយគត់នៅកម្ពុជា យើងបានកំណត់នូវចក្ខុវិស័យរបស់យើងយ៉ាងច្បាស់គឺ ផ្តល់ភាពពេញចិត្តដល់អតិថិជន បណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ ។ យើងបានបណ្តុះធនធានបុគ្គលិករបស់យើង ឲ្យមានបុគ្គលិកលក្ខណៈតាមស្តង់ដាសិង្ហបុរី ព្រមគ្នានឹងភាពទន់ភ្លន់នៃវប្បធម៌កម្ពុជា ដើម្បីផ្តល់ជូនសេវាកម្មល្អឥតខ្ចោះជូនដល់អតិថិជន។ ជាដៃគូជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងគឺ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វីលីព ឡាយហ្វ៍ និង ក្រុមហ៊ុន ធានារ៉ាប់រងទូទៅ ហ្វីលីព បានធ្វើឲ្យយើងអាចផ្តល់ជូនជាពិសេសនូវកញ្ចប់សេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏ពេញលេញសម្រាប់អតិថិជន។
ធនាគារយើងបម្រើជូនដល់អតិថិជន ទាំងបច្ចេកវិទ្យាខ្ពស់ ទាំងសេវាកម្មដែលល្អឥតខ្ចោះ។ នេះមានន័យថា យើងផ្តល់ជូនផលិតផលដែលមានគុណភាពខ្ពស់ស្រប ជាមួយសេវាកម្មអតិថិជនដែលល្អប្រសើរបំផុតតាមរយៈបុគ្គលិកជាង ១,៨០០នាក់ របស់យើង។ បុគ្គលិករបស់យើងសុទ្ធសឹងតែបានបណ្តុះបណ្តាលជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍសមត្ថភាពនិងចំណេះដឹងផ្នែកសេវាធនាគាររបស់ពួកគេ។
ដើម្បីបំពេញឲ្យបាននូវចក្ខុវិស័យក្នុងការចូលរួមផ្តល់ប្រយោជន៍ដល់សហគមន៍ យើងក៏បានផ្សាភ្ជាប់ការសហការទៅលើកិច្ចការទំនួលខុសត្រូវសង្គមផងដែរ ដោយផ្តោតទៅលើសកម្មភាពដែលជិតសិ្នទ្ធជាមួយសហគមន៍គោលដៅផ្ទាល់។ ធនាគារ ហ្វីលីព មានមោទនភាពណាស់ដែលក្នុងនាមជាធនាគារពាណិជ្ជនៅកម្ពុជាតែមួយគត់ ដែលមានអង្គការមិនមែនរដ្ឋាភិបាលផ្ទាល់របស់ខ្លួនឈ្មោះថា «អង្គការគាំពារភូមិយើង» ដែលបាននិងកំពុងធ្វើការជាដៃគូជាមួយយើង។ បេសកកម្មរបស់អង្គការ គាំពារភូមិយើង គឺផ្តោតទៅលើការធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋងាយរងគ្រោះ នៅសហគមន៍កម្ពុជាជាពិសេសអតិថិជនរបស់ធនាគារ ហ្វីលីព នៅតាមជនបទដោយផ្តល់វគ្គបណ្តុះបណ្តាល និងប្រឹក្សាយោបល់លើការគ្រប់គ្រងហិរញ្ញវត្ថុ ការអប់រំកុមារតូច និងការអភិវឌ្ឍន៍គ្រួសារនិងសហគមន៍។ ទាំងនេះបានធ្វើឲ្យធនាគារ ហ្វីលីព មានលក្ខណៈពិសេសខុសប្លែកពីធនាគារពាណិជ្ជផ្សេងទៀត។
លោកបន្តថា ជោគជ័យដែលទទួលបានបន្ទាប់ពីការរួមបញ្ចូលគ្នាមក គឺបានសម្រេចរួចរាល់ក្នុងការកែប្រែរូបរាងថ្មីពីក្រេឌីតទាំង៨៨សាខា មកជាធនាគារ ហ្វីលីព ហើយសាខាមួយចំនួនក៏បានបំលែងទៅជាសាខាផ្តល់សេវាធនាគារពេញលេញផងដែរ។ អតិថិជនរបស់យើងនៅទីប្រជុំជន និង ជនបទប្រមាណជាង ៣០% បាន និងកំពុងប្រើប្រាស់េសវាធនាគារចល័ត24/7របស់យើង ហើយយើងរំពឹងថាចំនួននេះនឹងកើនឡើងជាលំដាប់ បន្ទាប់ពីការដាក់ឲ្យមានសេវាទូទាត់ឧបករណ៍ប្រើប្រាស់នៅលើកម្មវិធីធនគារចល័តរបស់យើង។
បន្ទាប់ពីបានក្លាយជាសមាជិកប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិ និង គម្រោងទូទាត់ជាប្រាក់រៀលតាមការស្កេនកូដមក (KHQR) យើងបានក្លាយជាធនាគារលំដាប់ទី៣នាំមុខគេ ដែលមានអ្នកប្រើប្រាស់ប្រព័ន្ធទូទាត់បាគងច្រើនជាងគេ។ បច្ចុប្បន្ននេះ យើងបានផ្តល់ជូនសេវាទូទាត់ជាប្រាក់រៀលតាមការស្កេនកូដ(KHQR) ជាមួយដៃគូអាជីវកម្មជាង ៣,០០០ ហើយយើងនឹងបន្តពង្រីករហូតដល់ ៦,០០០អាជីវករ នៅដំណាច់ឆ្នាំនេះ។ នេះជាដំណើរការដែលធនាគារជួយជ្រោមជ្រែងអតិថិជនរបស់យើង ឲ្យត្រៀមខ្លួនរួចជាស្រេចទៅកាន់ការប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធទូទាត់ថ្នាក់ជាតិមួយនេះ។
យើងនឹងពង្រីកសេវាឌីជីថលបន្ថែមទៀត តាមរយៈការដាក់ឲ្យប្រើប្រាស់សេវាធនាគារតាមអ៊ីនធើណិត សម្រាប់អតិថិជនឯកត្តជន និងសហគ្រាសនាត្រីមាសទី៤ ឆ្នាំ២០២១។ យើងក៏មានគម្រោងដាក់ឲ្យប្រើប្រាស់ សេវាកម្មបើកគណនីតាមអនឡាញផងដែរ ដោយអតិថិជនអាចទាញយកកម្មវិធីធនាគារចល័តរបស់យើងហើយបង្កើតគណនីដោយខ្លួនឯង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ធនាគារ ហ្វីលីព តែងតែធ្វើការជាដៃគូយ៉ាងជិតស្និទ្ ធជាមួយសហគមន៍ប្រជាជាតិសិង្ហបុរីនៅកម្ពុជា។ លើសពីនេះ យើងតែងតែគាំទ្រសកម្មភាពជាច្រើនរបស់សហគមន៍ពួកគាត់ ដើម្បីធ្វើការណែនាំផលិតផល និងសេវាកម្មរបស់យើងទៅដល់អាជីវកម្មរបស់ពួកគាត់ផងដែរ។ យើងទទួលបានអាជីវកម្មរបស់ជនជាតិសិង្ហបុរីជាច្រើន ដែលប្រើប្រាស់សេវាកម្មរបស់ធនាគារយើង។ ជាមួយគ្នានេះយើងក៏បានសហការជាមួយដៃគូអាជីវកម្មសិង្ហបុរីជាច្រើន ក្នុងការផ្តល់ការបញ្ចុះតំលៃដល់អ្នកប្រើប្រាស់កាតធនាគារ ហ្វីលីព។ ភាគច្រើននៃអាជីវកម្មជនជាតិសិង្ហបុរីនៅកម្ពុជា គឺជាដៃគូសហការរបស់ធនាគារយើងសេវាទូទាត់ដោយស្កេនកូដQR ដែលនេះបានផ្តល់នូវភាពស្រួលទ្វេរឡើងសម្រាប់អតិថិជនជាតិសិង្ហបុរី។
លោករំលឹកថា ទិសដៅចក្ខុវិស័យរបស់ធនាគារលោកក្នុងពេល៥ឆ្នាំខាងមុខ នឹងបន្តការរីកចម្រើនរបស់យើងបន្ថែមទៀតទៅកាន់ឌីជីថលភាវូបនីយកម្ម។ យើងមានគោលបំណងសម្រេចឲ្យបាន ក្នុងការក្លាយខ្លួនជាធនាគារឌីជីថលនាំមុខគេមួយនៅកម្ពុជា ។ បច្ចុប្បន្ន យើងបានដាក់ការវិនិយោគទៅលើរចនាសម្ព័ន្ធនៃសេវាកម្មធនាគារឌីជីថលជាច្រើនប្រភេទ ហើយទាំងនេះ នឹងជះផលដល់អតិថិជនរបស់យើងឲ្យទទួលបានទំនើបកម្ម និងភាពងាយស្រួលច្រើនឡើងនាអនាគត។ ក្នុងពេល៥ឆ្នាំខាងមុខ យើងរំពឹងថាអតិថិជនកាន់តែច្រើន និងរីករាយប្រើប្រាស់ផលិតផលឌីជីផលនិងសេវាកម្មរបស់យើងក្នុងការសម្រេចគោលដៅហិរញ្ញវត្ថុក្នុងក្តីស្រមៃរបស់ពួកគាត់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]