កណ្តាល៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តកណ្តាល បានចុះត្រួតពិនិត្យ មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ត្រៀមសម្រាប់ទទួលពលករដែលត្រឡប់មកពីប្រទេសថៃ។

ដោយឡែកនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានធ្វើការជម្រុញ និងលើកទឹកចិត្ត ដល់កងកម្លាំង មន្ត្រីពាក់ព័ន្ធ និងលោកគ្រូ អ្នកគ្រូពេទ្យ ដែលត្រូវប្រចាំការទាំងអស់ត្រូវរួមសហការគ្នា ដើម្បីរៀបចំមណ្ឌលចត្តាឡីស័ក ក៏ដូចជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ ឲ្យមានបរិស្ថានស្អាត មានអនាម័យ និងសុវត្ថិភាពខ្ពស់ ពិសេសគឺត្រូវរៀបចំកន្លែងស្នាក់នៅ និងបន្ទប់ទឹក ឲ្យមានរបៀបរៀបរយសមរម្យ សំដៅបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករមកពីប្រទេសថៃ ដែលបំពេញកាតព្វកិច្ចធ្វើចត្តាឡីស័ក ឬសម្រាប់ព្យាបាល ប្រកបដោយប្រសិទ្ធភាពតាមផែនការគ្រោងទុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីនេះឯកឧត្តមអភិបាលរងខេត្តក៏បាន ជំម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការគ្នាជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ដើម្បីតាមដាន ពលករដែលទើបមកពីបរទេសថៃ និងជនចំណូលថ្មីដែលគួរឲ្យសង្ស័យ ត្រូវរាយការណ៍មកដល់អាជ្ញាធរ ដើម្បីមានវិធានការ ចុះធ្វើការស្រាវជ្រាវយកអ្នកដែលគួរឲ្យសង្ស័យទាំងនោះ មកពិនិត្យសំណាក សំដៅបង្ការ និងទប់ស្កាត់ជាមុនកុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ ចូលសហគមន៍ ជាពិសេសគឺជំងឺកូវីដ១៩ ប្រភេទថ្មី ប្រភេទដែលតា វាជាប្រភេទវីរុសបំលែងថ្មី ដែលមានការឆ្លងរីករាលដាលបានយ៉ាងឆាប់រហ័សគួរឲ្យព្រួយបារម្ភ។

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួលបានបញ្ជាក់ថា រដ្ឋបាលស្រុកអង្គស្នួលបានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ទុកសម្រាប់ទទួលពលករដែលមកពីប្រទេសថៃចំនួន ២កន្លែង គឺ ទី១មណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាអង្គពពាយ ដែលអាចផ្ទុកអ្នកធ្វើត្តាឡីស័កបានចំនួន ៧២នាក់ និងទី២ មណ្ឌលព្យាបាលជំងឺកូវីដ១៩ សាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង មានលទ្ធភាពអាចផ្ទុកកជំងឺបានចំនួន ២៣០នាក់។ 

យ៉ាងណាមិញ លោកបានបន្ថែមថា នៅពេលដែលមានពលករដែលត្រឡប់មកពីប្រទេសថៃ អាជ្ញាធរត្រូវនាំពួកគាត់មកមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាអង្គពពាយ ដើម្បីបំពេញការធ្វើចតាឡីស័កចំនួន ១៤ថ្ងៃ និងពិនិត្យយកសំណាក់ ករណីពិនិត្យឃើញពលករណាមួយមានវិជ្ជមានជំងឺកូវីដ១៩ អាជ្ញាធរនឹងបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ នៅសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹងតែម្តង៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

សូមចូលទស្សនារូបភាពខាងក្រោម៖

អាជ្ញាធរខេត្តកណ្តាល កំពុងចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក
ទីតាំងមណ្ឌលចត្តាឡីស័ក
ទីតាំងមណ្ឌលចត្តាឡីស័ក
អាជ្ញាធរខេត្តកណ្តាល កំពុងចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក
អាជ្ញាធរខេត្តកណ្តាល កំពុងចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក
អាជ្ញាធរខេត្តកណ្តាល កំពុងចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក
ទីតាំងមណ្ឌលចត្តាឡីស័ក
ទីតាំងមណ្ឌលចត្តាឡីស័ក
ទីតាំងមណ្ឌលចត្តាឡីស័ក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]