ភ្នំពេញ៖ អភិបាលខេត្តសៀមរាប នឹងសាកល្បងបើកផ្សារលើធំថ្មីឡើងវិញ ដោយបើកមួយចំហៀងផ្សារម្តងក្នុង រយៈពេល៧ថ្ងៃ។

ដោយឡែក នាព្រឹកថ្ងៃទី០៩ ខែសីហាឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងមន្រ្តីជំនាញ បានចុះពិនិត្យ និងសិក្សាមើលផ្សារលើធំថ្មី ក្នុងក្រុងសៀមរាប បានមានប្រសាសន៍ថា នៅក្នុងរយៈពេលពីរឬបីថ្ងៃខាងមុខនេះ រដ្ឋបាលខេត្ត មានបំណងសាកល្បងបើកផ្សារលើធំថ្មីឡើងវិញ ដោយការបើកឱ្យលក់ដូរនោះ ត្រូវប្ដូរវេនគ្នាក្នុងរយៈពេល៧ថ្ងៃម្ដង សម្រាប់អ្នកលក់នៅចំហៀងផ្សារ ដោយក្នុងនោះអ្នកលក់នៅចំហៀងផ្សារម្ខាង អាចលក់បានមួយសប្ដាហ៍ ហើយប្ដូរទៅឲ្យអាជីវករម្ខាងផ្សារវិញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះអាជីវករដែលលក់នៅខាងក្នុងផ្សារលើ គឺអាចលក់បានរហូត ប៉ុន្តែត្រូវរក្សាគម្លាត និងចងខ្សែព័ទ្ធជុំវិញ ដោយត្រូវរៀបចំសណ្តាប់ធ្នាប់ល្អ និងវិធានការមួយចំនួនទៀតតាមការណែនាំរបស់អាជ្ញាធរ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ជាពិសេសជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា ប៉ុន្តែសម្រាប់អាជីវករដែលមិនទាន់ដល់វេន អាចទៅលក់នៅផ្សារបណ្ដោះអាសន្នផ្លូវ៦០ម៉ែត្រជិតផ្សារកុងទីន័រ ។

ឯកឧត្តមអភិបាលខេត្តសៀមរាប បានមានប្រសាសន៍បន្ថែមថា ការបើកផ្សារឡើងវិញវាមិនពិបាកទេ ប៉ុន្តែអ្វីដែលអាជ្ញាធរចង់បាននោះ គឺចង់ឱ្យអ្នកលក់ និងអ្នកទិញមានសុវត្ថិភាព ខណៈដែលអ្នកលក់ជុំវិញផ្សារលើដែលមានប្រមាណជាង៨០០នាក់ ។

ប្រសិនបើការបើកសាកល្បងនេះ ហើយអាជីវករមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ធ្វើឱ្យផ្សារនេះមានភាពស្មុកស្មាញ ដែលប្រឈមនឹងការឆ្លងកូវីដ១៩ច្រើននោះ អាជ្ញាធរ នឹងបិទផ្សារនេះបន្តទៀត ។

សូមជម្រាបថា ផ្សារលើធំថ្មី មានទីតាំងស្ថិតនៅភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្ដសៀមរាប បានប្រកាសបិទការលក់ដូរនៅផ្សារលើធំថ្មីនេះ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈដែលជំងឺនេះ បាននឹងកំពុងកើតឡើងគួរឲ្យព្រួយបារម្ភ ខណៈបច្ចុប្បន្ន ផ្សារលើធំថ្មីនេះ នៅតែបន្តបិទនៅឡើយ ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ឯកឧត្តម ទៀ សីហា និងមន្រ្តីជំនាញ បានចុះពិនិត្យ និងសិក្សាមើលផ្សារលើធំថ្មី
ឯកឧត្តម ទៀ សីហា និងមន្រ្តីជំនាញ បានចុះពិនិត្យ និងសិក្សាមើលផ្សារលើធំថ្មី
ឯកឧត្តម ទៀ សីហា និងមន្រ្តីជំនាញ បានចុះពិនិត្យ និងសិក្សាមើលផ្សារលើធំថ្មី
ឯកឧត្តម ទៀ សីហា និងមន្រ្តីជំនាញ បានចុះពិនិត្យ និងសិក្សាមើលផ្សារលើធំថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]