អាការៈឈឺខ្នងអាចកើតលើមនុស្សគ្រប់វ័យ និងមកពីមូលហេតុខុសៗគ្នា ឬមកពីទម្លាប់មួយចំនួន។ អត្ថបទនេះនឹងបង្ហាញពីទម្លាប់មួយចំនួនដែលអាចបង្កឲ្យយើងមានអាការៈឈឺខ្នងបាន។
១. ឥរិយាបថនៃការអង្គុយ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការអង្គុយឱនទៅមុខយូរអាចបន្ថែមសម្ពាធទៅលើខ្នងផ្នែកខាងក្រោមព្រោះឥរិយាបថនេះក៏ខុសពីទម្រង់ឆ្អឹងខ្នងផងដែរ។ ដើម្បីបន្ធូរការឈឺចាប់ ឬចលនាកន្រ្ទាក់សាច់ដុំ យើងអាចធ្វើចលនាក្បាល និងកចុះឡើង និងងាកទៅឆ្វេងទៅស្តាំរាល់កន្លះម៉ោងម្ដង ឬយើងអាចស្អំទឹកកក ឬបន្ទះកម្ដៅទៅនឹងខ្នងកន្លែងដែលឈឺដោយមានកន្សែងស្តើងទ្រាប់ពីក្រោម។
ការអង្គុយយូរអាចធ្វើឲ្យសាច់ដុំខ្នង ក និងឆ្អឹងខ្នងមានសម្ពាធ។ ដូចនេះយើងគួរអង្គុយត្រង់ខ្នងនៅកៅអី និងកំណត់កម្ពស់កៅអីឲ្យដាក់ជើងដល់កម្រាល។ ទោះបីជាអង្គុយបែបនេះក្តី យើងនៅតែត្រូវងើបឡើង និងធ្វើចលនារាល់កន្លះម៉ោងម្ដងដើម្បីឲ្យរាងកាយបានសម្រាក។
២. របបអាហារ
ការជ្រើសរើសរបបអាហារខុសអាចបង្កការរលាក ឬខ្វះសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ។ រាងកាយយើងត្រូវការប្រូតេអ៊ីនសាច់ គ្រាប់ធញ្ញជាតិ (whole grains) បន្លែ ផ្លែឈើ និងខ្លាញ់ល្អសម្រាប់សុខភាពដែលមាននៅក្នុងផ្លែបឺរ និងត្រីសាល់ម៉ុនដើម្បីជួយឲ្យសាច់ដុំ ឆ្អឹង និងជាលិកាទន់នៅខ្នងមានភាពរឹងមាំ។ បន្ថែមពីនេះទៀត យើងគួរជ្រើសរើសញ៉ាំអាហារដែលមានកាល់ស្យូម ផូស្វ័រ និងវីតាមីន Dផងដែរ។
៣. ឥរិយាបថនៃការគេង
ការគេងផ្ងារគឺជាឥរិយាបថគេងដ៏ល្អសម្រាប់គ្នាយើងមានអាការៈឈឺខ្នង ប៉ុន្តែការផ្លាស់ប្តូរទម្លាប់នៃការគេងអាចនឹងមានភាពលំបាកប្រសិនជាយើងមិនទម្លាប់គេងផ្ងារ។ យើងក៏អាចប្រើខ្នើយទ្រាប់ក្រោមជង្គង់ ដើម្បីរក្សាទម្រង់ធម្មជាតិរបស់ខ្នង។ ដោយឡែកយកល្អយើងមិនគួរគេងផ្កាប់ទេ ប្រសិនជាយើងមានបញ្ហាឈឺខ្នង។ ការគេងផ្កាប់អាចធ្វើឲ្យយើងរើខ្លួនញឹកញាប់ដែលធ្វើឲ្យរោយក និងខ្នងផ្នែកខាងក្រោម។ ប្រសិនជាយើងទម្លាប់គេងផ្កាប់ និងមិនចង់ប្តូរឥរិយាបថនៃការគេង យើងអាចគេងលើខ្នើយទន់ ឬមិនកើយខ្នើយដើម្បីឲ្យកស្ថិតនៅទីតាំងត្រឹមត្រូវ។
៤. ការមិនហាត់ប្រាណ
យើងអាចប្រឈមនឹងការឈឺខ្នង ប្រសិនជាយើងមិនសកម្ម ព្រោះឆ្អឹងខ្នងត្រូវការការទ្រទ្រង់ពីសាច់ដុំពោះ និងខ្នង។ ការលើកទម្ងន់អាចជួយបានដែលមានក្នុងសកម្មភាពប្រចាំថ្ងៃដូចជាការឡើងជណ្ដើរ និងលើករបស់របរផ្សេងៗ។ ក្រៅពីនេះយើងក៏អាចធ្វើលំហាត់ប្រាណដូចជាការដើរ ជិះកង់ ឬហែលទឹកបានដែរ ហើយលំហាត់ប្រាណទាំងនេះអាចជួយការពារឌីសចន្លោះឆ្អឹងខ្នងយើងបាន។ យើងគួរទម្លាប់ហាត់ប្រាណរាល់ថ្ងៃ និងចៀសវាងហាត់ប្រាណហួសប្រមាណ និងធ្វើឲ្យរងរបួស។
៥. ការជក់បារី
ការជក់បារីធ្វើឲ្យយើងងាយប្រឈមនឹងការឈឺខ្នង ព្រោះបារីមាសារធាតុអាចទប់ស្កាត់លំហូរឈាមរួមទាំងលំហូរឈាមទៅកាន់ឆ្អឹងខ្នងបាន។ ម៉្យាងទៀត ការជក់បារីអាចធ្វើឲ្យឌីសចន្លោះឆ្អឹងខ្នងទៅជាទន់ និងងាយបាក់បែក ហើយធ្វើឲ្យឆ្អឹងងាយបាក់ និងមានជំងឺពុកឆ្អឹងដែរ។ សូម្បីតែការក្អកពីការជក់បារីក៏អាចបង្កអាការៈឈឺខ្នងដែរ។
៦. ការញ៉ាំច្រើនហួសកំណត់
ការឡើងទម្ងន់លឿនអាចបន្ថែមសម្ពាធដល់ឆ្អឹង និងសាច់ដុំនៅនឹងខ្នង។ ការជ្រើសរើសអាហារសំបូរដោយសារធាតុចិញ្ចឹមនឹងធ្វើឲ្យយើងមិនសូវបារម្ភរឿងទទួលបានបរិមាណកាឡូរីច្រើនជ្រុល។ ជំនួសឲ្យការញ៉ាំអាហារសម្រន់ដូចជានំដំឡូងកញ្ចប់ ងាកមកញ៉ាំយ៉ាអួ ឬផ្លែឈើវិញ។
៧. ការពាក់ស្បែកជើងកែង
ការពាក់ស្បែកជើងកែងអាចធ្វើឲ្យយើងប្រើប្រាស់សាច់ដុំខ្នងផ្នែកខាងក្រោមហួសកម្រិតរួមទាំងអាចប៉ះពាល់ដល់ឥរិយាបថនៃការឈរឬអង្គុយ និងឆ្អឹងខ្នងផងដែរ ជាពិសេសនៅពេលយើងមានវ័យកាន់តែចាស់។ ប្រសិនជាយើងពាក់ស្បែកជើងកែងនៅកន្លែងធ្វើការ យើងគួរមានស្បែកជើងគ្មានកែងសម្រាប់ពេលយើងធ្វើដំណើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]