ភ្នំពេញ៖ លោក យី កក្កដា មានដើមកំណើតមកពីខេត្តបាត់ដំបង គឺជាវិចិត្រករគំនូរតាមជញ្ជាំង និងជាជាងចម្លាក់ដ៏មានទេពកោសល្យម្នាក់។ សម្រាប់លោក កក្កដា បើទោះជារូបលោកកំព្រាឪពុកម្តាយតាំងពីតូច និងមិនមានការបណ្តុះបណ្តាលពីសាលាគំនូរក៏ពិតមែន ក៏ប៉ុន្តែចំពោះជំនាញលើសិល្បៈគំនូររបស់លោកពិតជាមិនធម្មតានោះទេ។

លោក យី កក្កដា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះ​សិល្បៈគំនូររបស់លោក យី កក្កដា គឺផ្តោតសំខាន់ទៅលើការលាយបញ្ចូលគ្នារវាងសិល្បៈប្រពៃណី រួមជាមួយនិងបច្ចេកទេសទំនើប។​ លោក​ កក្កដា មានចំណាប់អារម្មណ៍ខ្ពស់ទៅលើ ធនធានធម្មជាតិ និងវប្បធម៍របស់កម្ពុជា ហើយជាពិសេសនោះគំនូររបស់លោកផ្តោតសំខាន់ទៅលើធនធានទឹក ដូច្នេះហើយសិល្បៈគំនូររបស់លោកតែងតែមានការបញ្ចូលទៅដោយទេសភាព សត្វ និងជំរករបស់សត្វដែលរស់នៅតំបន់ទឹក។

សម្រាប់ចំនុចដ៏គួរឲ្យចាប់អារម្មណ៍​មកលើលោក យី កក្កដា រូបលោកផ្ទាល់ បាននឹងកំពុងតែគូរផ្ទាំងគំនូរមួយ ដែលទាក់ទងយ៉ាងសំខាន់ទៅនឹងធនធានទឹក នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីអតីតកាល រហូតដល់បច្ចុប្បន្ន ព្រោះលោកមានបំណងចង់ឲ្យមនុស្សគ្រប់គ្នា បានឃើញនិងយល់ថា ហេតុអ្វីបានជាទឹកគឺជាសរសៃឈាមនៃប្រទេសកម្ពុជា ដែលមានដូចជាទន្លេរមេគង្គ រហូតដល់ឆ្នេរសមុទ្រ ក៏ដូចជាបឹងបួរនានា។ ហើយរូបលោកចង់បង្ហាញពីសារៈសំខាន់ដ៏ចាំបាច់បំផុតរបស់ធនធានទឹកចំពោះ សុខភាពរបស់មនុស្សគ្រប់គ្នា ក៏ដូចជាចង់បង្ហាញថាធនធានទឹកគឺជាអត្តសញ្ញាណជាតិខ្មែរ និងជាពាណិជ្ជកម្មក្នុងការដឹកជញ្ចូន ការចិញ្ចឹមជីវិតទាំងមនុស្សសត្វ និងជាជម្រករបស់សត្វព្រៃផងដែរ។

លោក យី កក្កដា

ដូច្នេះហើយ លោក យី កក្កដា សង្ឃឹមថាគំនូររបស់លោកបង្ហាញអំពីសារៈសំខាន់ធនធានទឹកទាំងនេះ នឹងជម្រុញឲ្យមនុស្សគ្រប់គ្នា ចេះស្រលាញ់ចេះគោរព និងចេះការពារធនធានទឹកជាពិសេសនោះ ក្នុងអំឡុងពេលប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍន៍ខ្លាំង។

លើសពីនេះ គោលបំណងរបស់លោក កក្កដា ដែលគិតថាធនធានទឹកមានសារៈសំខាន់នាពេលបច្ចុប្បន្ន ព្រោះលោកជឿជាក់ថាធនធានទឹក គឺជាអ្វីៗគ្រប់យ៉ាងដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន ដូច្នេះហើយលោកសង្ឃឹមថាសិល្បៈគំនូររបស់លោក នឹងជម្រុញយុវជនកម្ពុជា ឲ្យស្វែងយល់ពីសារៈប្រយោជន៍ធនធានទឹក ក៏ដូចជានាំគ្នារកវិធីថែរក្សាធនធានទាំងនេះឲ្យបានគង់វង្ស ហើយរូបលោកក៏សង្ឃឹមយ៉ាងមុតមាំថា សិល្បៈគំនូររបស់លោក នឹងបង្កើនការយល់ដឹងអំពីភាពផុយស្រួយក្នុងការបាត់បង់ធនធានទឹក ដែលវានឹងផ្តល់ហានិភ័យដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការបំពុលទឹក និងជាពិសេសនោះ គឺការគំរាមកំហែងទៅលើសត្វព្រៃ។

គួរបញ្ជាក់ដែរថា ផ្ទាំងគំនូររបស់លោក យី កក្កដា នឹងត្រូវដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍របស់កម្ពុអ៊ែរ៉ា ក្នុងពេលឆាប់ៗខាងមុខនេះ ដែលនឹងធ្វើឡើងនៅ ឌឹកហ្វេកតូរីភ្នំពេញ។ សម្រាប់លោកអ្នកចង់ស្វែងរកបន្ថែមអំពីគំនូររបស់លោក យី កក្កដា និងចង់តាមដាននូវព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍របស់កម្ពុអ៊ែរ៉ា លោកអ្នកអាចចុចលើតំណរនេះ https://bit.ly/2VsTb0K ដើម្បីចូលទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់កម្ពុអ៊ែរ៉ា។ ហើយចំពោះតំណរនេះ https://www.facebook.com/kakadayiartist សម្រាប់លោកអ្នកអាចចូលទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់លោក យី កក្កដា ដើម្បីតាមដានរាល់សកម្មភាពផ្សេងៗរបស់លោក៕

កម្ពុអ៊ែរ៉ា
កម្ពុអ៊ែរ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]