រាជធានីភ្នំពេញ៖​ រកឃើញ​ គ្រោងឆ្អឹងសាកសពបុរសម្នាក់ និងស្ត្រីម្នាក់​ កប់ក្នុងរណ្ដៅ ២ផ្សេងគ្នា ស្ថិតនៅក្នុងព្រៃឫស្សី ក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល បន្ទាប់ពីអ្នកភូមិដើរជីកទំពាំងប្រទះឃើញ លលាដ៏ក្បាល កាលពីល្ងាចថ្ងៃ២៧ ខែសីហា ឆ្នាំ២០២១។ នេះបើតាមការឱ្យដឹងពីនគរបាលខណ្ឌកំបូល។ ចំពោះករណីនេះដែរ ត្រូវបាននគរបាល ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យជំនាញធ្វើកោសល្យវិច័យរួចរាល់ហើយ។ បើតាមលទ្ធផលកោសល្យវិច័យ បានបញ្ជាក់ថា ជនរងគ្រោះទាំង ២នាក់បានស្លាប់ អស់រយៈពេលប្រមាណ៥ ទៅ៦ខែ កន្លងមកហើយ។ 

ដោយឡែក ចំពោះមូលហេតុនៃការស្លាប់ ដោយសារតែអំពើឃាតកម្ម ក្នុងនោះ ជនរងគ្រោះជាបុរស ត្រូវគ្រាប់កាំភ្លើងចំក្បាល និងមានស្នាមវាយបែកប្រេះលលាដ៏ក្បាលផងដែរ ដោយត្រូវ ឃាតកបាញ់ និងវាយសម្លាប់។ រីឯជនរងគ្រោះជាស្ត្រីត្រូវឃាតកវាយក្បាលសម្លាប់ ព្រោះមានស្នាមប្រេះលលាដ៏ក្បាល។ ក្រោយឃាតកសម្លាប់រួច បានយកសពទាំង២ ទៅកាន់ចំណុចខាងលើ រួចជីករណ្ដៅកប់ចម្ងាយប្រមាណ ៨ម៉ែត្រពីគ្នា ហើយរណ្ដៅជីក រាក់ៗ ត្រឹមតែកប់សពជិតប៉ុណ្ណោះមិនជ្រៅនោះទេ។ ប៉ុន្តែដោយសារតែពេលកប់រួចថ្មីៗមិនមានអ្នកឆ្លងកាត់ប្រទះឃើញ ទើបត្រូវបានស្មៅដុះពីលើជិតពីលើរណ្ដៅ។ ប្រសិនបើមិនមានអ្នកប្រទះឃើញលលាដ៏ក្បាលទេ ប្រហែលជាមិនអាចដឹងថា មានសាកសពកប់នៅទីនោះឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងទៀត លលាដ៏ក្បាលដែលអ្នកជីកទំពាំងប្រទះឃើញនោះ សង្ស័យឆ្កែកាយពាំចេញពីរណ្ដៅតាំងពីពេលដែលសពហើមរលួយម្ល៉េះ។ ក្រោយពីគាស់ចេញមក សាកសពមានសភាពរលេះរលួយអស់ហើយ នៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ និងស្ទើរតែលែងធុំក្លិនស្អុយទៅហើយ។ រហូតមកដល់ពេលនេះមិនទាន់ស្គាល់អត្តសញ្ញាណ និងទីលំនៅសាកសពរបស់ជនរងគ្រោះទាំង២នៅឡើយទេ ហើយក៏ពុំដឹងថា ជនរងគ្រោះទាំង២នាក់ ជាប្ដីប្រពន្ធនឹងគ្នា ឬក៏ជាមិត្តភក្ដិនឹងគ្នានោះដែរ តែនេះជាអំពើឃាតកម្ម។

ទោះយ៉ាងនេះក៏ដោយ ក្រោយពីការធ្វើកោសល្យវិច័យរួចរាល់ នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យជំនាញ បាននាំយកគ្រោងឆ្អឹងសពជនរងគ្រោះទាំង២នាក់ រួមទាំងសម្លៀកបំពាក់ទៅរក្សាទុកធ្វើការតាមជំនាញបន្តទៀត។ ដោយឡែកកម្លាំងនគរបាលខណ្ឌកំបូលក៏បាននិងកំពុងធ្វើការស្រាវជ្រាវជុំវិញករណីនេះបន្ត៕

ប្រភព៖ CNC

ចំពោះរូបផ្សេងៗ ខ្មែរឡូត សូមមិនដាក់ ដោយសារតែ​មានសភាព គួរឲ្យអាសូរពេក!!

កន្លែងដែលគេប្រទះឃើញលលាដ៏ក្បាល
កន្លែងដែលគេប្រទះឃើញលលាដ៏ក្បាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]