ការថែទាំសុខភាពភ្នែកជារឿងចាំបាច់មួយដែលគ្នាយើងមិនគួរធ្វេសប្រហែសឡើយ។ ពិតណាស់ បញ្ហាភ្នែកផ្សេងៗដូចជាភ្នែកក្រហម រមាស់ និងឈឺចាប់ រំខានដល់សកម្មភាពប្រចាំថ្ងៃរបស់យើងយ៉ាងខ្លាំង ហើយនៅក្នុងករណីដែលយើងមានភ្នែកងាយប្រតិកម្ម ក៏ដូចជាប្រឈមនឹងបញ្ហាភ្នែកជាញឹកញាប់ យើងគប្បីចាត់វិធានការថែទាំជាពិសេស ដើម្បីជៀសវាងជំងឺភ្នែកធ្ងន់ធ្ងរទៅថ្ងៃក្រោយ។
១. រក្សាអនាម័យ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការរក្សាអនាម័យភ្នែក ជារឿងដែលមិនអាចខ្វះបាន។ គ្នាយើងគប្បីជៀសវាងប៉ះពាល់ភ្នែកដោយដៃកខ្វក់ បោកសម្អាតកន្សែងដែលជូតបរិវេណភ្នែកជាប្រចាំ និងត្រូវប្រុងប្រយ័ត្នកុំឲ្យកន្សែងប៉ះត្រូវភ្នែកឲ្យសោះ។
២. លាងសម្អាតមុខ និងសម្ភារៈផាត់មុខជាទៀងទាត់
មួយវិញទៀត យើងត្រូវលាងជម្រះគ្រឿងសម្អាងឲ្យបានស្អាតមុននឹងចូលគេង ក៏ដូចជាលាងសម្អាតរាល់ឧបករណ៍ទាំងអស់ ដែលប្រើប្រាស់សម្រាប់ការផាត់មុខជាប្រចាំ។ ទន្ទឹមនឹងនេះដែរ យើងគប្បីប្រើប្រាស់គ្រឿងសម្អាងដែលមានគុណភាព ដែលមិនបង្កប្រតិកម្មអាលែកហ្ស៊ី ក៏ដូចជាជៀសវាងប្រើប្រាស់គ្រឿងសម្អាងទាំងនោះរួមគ្នាជាដាច់ខាត។
៣. ជៀសវាងព្យាយាមសម្លឹងខ្លាំងជ្រុល
ចូរកុំព្យាយាមអានសៀវភៅនៅពេលដែលពន្លឺស្រអាប់ ពីព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ភ្នែករបស់យើង។ ជាក់ស្ដែង ការអាននៅក្នុងទីងងឹត អាចបង្កើនភាពតានតឹងសាច់ដុំ ដែលនាំឲ្យភ្នែករបស់យើងកាន់តែងាយប្រតិកម្ម ឈឺចាប់ និងរមាស់។ ដូច្នេះហើយ គ្នាយើងគប្បីអានសៀវភៅនៅក្នុងបន្ទប់ដែលមានពន្លឺល្អ និងជៀសវាងអានសៀវភៅនៅក្នុងរថយន្ត ទើបជាការប្រសើរ។
៤. ប្រើប្រាស់ឧបករណ៍ឌីជីថលប្រកបដោយភាពឆ្លាតវៃ
ជាមួយគ្នានេះដែរ ការប្រើប្រាស់ឧបករណ៍ឌីជីថលអាចជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពភ្នែក។ នៅពេលដែលយើងប្រឹងសម្លឹងមើលអេក្រង់ទូរស័ព្ទ ឬកុំព្យូទ័ររយៈពេលយូរ វានឹងធ្វើឲ្យភ្នែករបស់យើងចុករួយ។ ហេតុនេះហើយ យើងគប្បីព្រិចភ្នែកឲ្យបានញឹកញាប់ និងរក្សាគម្លាតឲ្យបានល្អ។ យ៉ាងណាមិញ ការកំណត់ពេលវេលាលើការប្រើប្រាស់ឧបករណ៍ឌីជីថលក៏ជារឿងចាំបាច់មួយដែរ។ បន្ថែមពីនេះ យើងគប្បីប្រើប្រាស់វ៉ែនតាការពារពន្លឺចេញពីអេក្រង់កុំព្យូទ័រ និងសម្រាកភ្នែកឲ្យបានញឹកញាប់ នៅពេលដែលយើងមើលកុំព្យូទ័រ ឬទូរស័ព្ទដៃយូរម៉ោង។
៥. ភ្នែកនឹងប្រសើរឡើង ខណៈពេលគេង
ដូចទៅនឹងរាងកាយរបស់យើងដែរ ភ្នែកចាំបាច់ត្រូវការសម្រាក។ ប្រសិនបើភ្នែកនឿយហត់ វានឹងងាយរងប្រតិកម្មកាន់តែខ្លាំង។ ដូច្នេះហើយ ការគេងឲ្យបានគ្រប់គ្រាន់គឺជាផ្នែកសំខាន់មួយក្នុងការថែទាំសុខភាពភ្នែក។
៦. ការការពារភ្នែក
ការប្រើប្រាស់វ៉ែនតាការពារកម្ដៅថ្ងៃ ជារឿងចាំបាច់មួយក្នុងការការពារភ្នែកដែលងាយប្រតិកម្មពីកាំរស្មីUV បើមិនដូច្នោះទេ យើងនឹងប្រឈមនឹងការរលាកភ្នែក ខណៈពេលដែលយើងនៅខាងក្រៅរយៈពេលយូរ ពិសេសគឺនៅរដូវក្ដៅតែម្ដង។
៧. អាហារសម្រាប់សុខភាពភ្នែក
បន្ថែមពីនេះ គ្នាយើងក៏អាចបញ្ចូលអាហារមួយចំនួនដែលល្អសម្រាប់សុខភាពភ្នែក ដូចជាគ្រាប់ធញ្ញជាតិ គ្រឿងសមុទ្រ ពពួកផ្លែប៊ឺរី បន្លែស្លឹកបៃតង ក្រូច និងស៊ុតជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]