ព្រះសីហនុ៖ នាពេលថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ គ្រោងបើកសាលារៀនសាកល្បងដំបូងចំនួន៥សាលា ដោយត្រូវធ្វើសំណាកតេស្តវិភាគរកជំងឺកូវីដ១៩ យ៉ាងទៀងទាត់ចំពោះសិស្ស និងគ្រូ។
ដោយឡែក នៅនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ការអនុវត្តសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលមានហានិភ័យទាប ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ក្នុងខេត្តព្រះសីហនុ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំពិភាក្សា ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ដោយយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលមានហានិភ័យទាប ដើម្បីត្រៀមបើកសាលាសាកល្បងឡើងវិញ ក្នុងរដ្ឋបាលខេត្ត នឹងជ្រើសរើសយកសាលា ដែលមានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់បានល្អ បើកដំណើរការសាកល្បងមុនគេ និងឈានទៅបើកសាលាបន្តបន្ទាប់យោងតាមស្ថានភាពសមស្រប។
ក្នុងដំណាក់កាលដំបូងនេះ រដ្ឋបាលខេត្ត ផ្តោតលើសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ព្រោះជាថ្នាក់ត្រូវប្រឡងសញ្ញាបត្រនាពេលខាងមុខ ដោយគ្រោងបើកសាកល្បងដំបូង ចំនួន៥សាលានៅតាមក្រុងស្រុកទាំង៥ មានដូចជា ១. វិទ្យាល័យកែវផុស នៅស្រុកស្ទឹងហាវ ២. អនុវិទ្យាល័យទួលកែវ នៅស្រុកព្រៃនប់ ៣. វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្រុងព្រះសីហនុ ៤. អនុវិទ្យាល័យស្ទឹងសំរោង នៅស្រុកកំពង់សីលា និង៥. អនុវិទ្យាល័យព្រែកស្វាយ នៅក្រុងកោះរ៉ុង។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលបាលខេត្ត បានធ្វើការណែនាំដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាអាជ្ញាធរ មុននឹងបើកសាលាសាកល្បងឡើងវិញ យើងត្រូវអនុវត្តទៅតាមនីតិវិធីស្តង់ដារ ប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចខាងក្រោម៖
ធ្វើសំណាកតេស្តវិភាគរកជំងឺកូវីដ១៩ យ៉ាងទៀងទាត់ចំពោះសិស្ស និងគ្រូ ដើម្បីធានាថា ការបើកសាលាសាកល្បងឡើងវិញរបស់យើង មិនមានហានិភ័យនៃការឆ្លងជំងឺនេះ។
ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានទទួលការចាក់វ៉ាក់សាំងទាំងពីរដូស រួចរាល់ទើបអនុញ្ញាតឱ្យចូលរៀន និងចូលបង្រៀន។ ចំពោះសិស្ស និងគ្រូដែលមិនបានចាក់វ៉ាក់សាំងមិនអនុញ្ញាតឱ្យចូលរៀន និងបង្រៀននោះទេ ប្រសិនបើមិនមានការបញ្ជាក់ហេតុផលច្បាស់លាស់ ។
ត្រូវមានម៉ាស៊ីនវាស់កម្តៅ អាល់កុល ឬជែល កន្លែងលាងសម្អាតដៃដាក់នៅតាមមុខថ្នាក់រៀន ដើម្បីឱ្យសិស្ស និងគ្រូលាងសម្អាតដៃមុនពេលចូលសាលា និងត្រូវរក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គមជាចំបង ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣. ការពារ និង៣.កុំ របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា ។ល។
អង្គប្រជុំបានសម្រេចដាក់ឱ្យដំណើរការសាលាទាំង៥ខាងលើ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ផែនការនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នឹងចុះត្រួតពិនិត្យការរៀបចំ និងដាក់ឱ្យអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមសាលាទាំង៥ខាងលើ មុនបើកឱ្យដំណើរការ ដើម្បីឱ្យប្រាកដថាមិនមានចំនុចឆកល្វែង និងធានាបានសុវត្ថិភាពចំពោះសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូរបស់យើង៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]