ភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍និង ICT ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឲ្យអតិថិជនរបស់ខ្លួនប្រើប្រាស់លេខកូដពិសេស *1200# ដើម្បីអនុញ្ញាតឲ្យអតិថិជនត្រួតពិនិត្យនិងកាត់ផ្ដាច់កញ្ចប់សេវាកម្មនានាដែលមិនត្រូវការ នៅក្នុងគណនីទូរសព្ទរបស់ខ្លួន ។
បើតាមការឲ្យដឹងពីក្រុមហ៊ុន វិធានការនេះអនុលោមទៅតាមការណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលបានណែនាំឲ្យប្រតិបត្តិករសេវាទូរសព្ទទាំងអស់នៅកម្ពុជា បង្កើតនិងដាក់ឲ្យប្រើប្រាស់នូវលេខកូដពិសេស *1200# ដើម្បីឲ្យអ្នកប្រើប្រាស់សេវាទូរសព្ទអាចពិនិត្យនិងកាត់ផ្ដាច់នូវកញ្ចប់សេវាកម្មនានាដែលពួកគេមិនត្រូវការ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ក្រុមហ៊ុនមិត្តហ្វូនបានដាក់ឲ្យអតិថិជនប្រើប្រាស់នូវលេខកូដពិសេស ចំនួន ៣ គឺ *1200#, *1201# និង *1202# ដើម្បីអនុវត្តតាមគោលការណ៍ណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជា ។ លោកបានបញ្ជាក់ថា លេខកូដ *1200# គឺសម្រាប់ឲ្យអតិថិជនពិនិត្យមើលនិងលុបចោលនូវកញ្ចប់សេវាកម្មនានាដែលខ្លួនមិនត្រូវការ ចំណែកឯលេខកូដ *1201# គឺសម្រាប់ឲ្យអតិថិជនពិនិត្យមើលទឹកប្រាក់ដែលនៅសល់ក្នុងគណនីរបស់ខ្លួន និងលេខកូដ *1202# សម្រាប់ឲ្យអតិថិជនពិនិត្យព័ត៌មានអំពីស៊ីមកាតលេខទូរសព្ទរបស់ពួកគាត់។
និយ័តករទូរគមនាគមន៍កម្ពុជា (TRC) ដែលជាសេនាធិការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងមក បានបង្កើតលេខកូដពិសេស *1200# និងបានណែនាំឲ្យប្រតិបត្តិករប្រព័ន្ធទូរសព្ទចល័តនៅក្នុងស្រុក ដាក់ឲ្យអតិថិជនប្រើប្រាស់លេខកូដពិសេសនេះ ដើម្បីអនុញ្ញាតឲ្យពួកគេពិនិត្យនិងលុបចោលនូវកញ្ចប់សេវាកម្មណាដែលពួកគេមិនត្រូវការ ។ ការណែនាំនេះបានធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរពីសំណាក់អ្នកប្រើប្រាស់អំពីការកាត់ប្រាក់ថ្លៃសេវានានាដោយមិនបានឲ្យពួកគេដឹងមុនពីសំណាក់ប្រតិបត្តិករមួយចំនួន ។
បន្ទាប់ពីមានការណែនាំនេះពីនិយ័តករទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន មិត្តហ្វូន ដែលជាតួអង្គសំខាន់មួយនៅក្នុងវិស័យទូរគមនាគមន៍នៅកម្ពុជា បានចាត់វិធានការជាច្រើន ក្នុងនោះរួមទាំងវិធានការដែលតម្រូវឲ្យបុគ្គលិក ភ្នាក់ងារលក់ និងដៃគូទាំងអស់របស់មិត្តហ្វូន ធ្វើបច្ចុប្បន្នភាពព័ត៌មានអតិថិជនឲ្យបាន ១០០% នៅមុនពេលធ្វើការលក់ដូរស៊ីមកាត ។
គួរបញ្ជាក់ថា មិត្តហ្វូន បានចូលមកវិនិយោគនិងដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ហើយសព្វថ្ងៃ បានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់សេវាកម្មទូរគមនាគមន៍និង ICT នៅក្នុងប្រទេសកម្ពុជា ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]