ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីការអនុញ្ញាតឱ្យបើកសាលារៀន ឡើងវិញ ប៉ុន្តែមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំហូបចុកឡើយ ខណៈដែលជំងឺកូវីដ១៩នេះ នៅតែមានការឆ្លងរីករាលដាលនៅឡើយ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៍មាន។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តដាក់បម្រាមមិនឱ្យមានការហូបចុក នៅតាមភោជនីយដ្ឋានឡើយ ដោយប្រជាពលរដ្ឋអាចទិញមកហូបចុកនៅតាមផ្ទះរៀងៗខ្លួនបាន ព្រោះមានហានិភ័យ ឆ្លងជំងឺកូវីដ១៩ ។ ឯកឧត្តមអភិបាលបានឆ្លើយបែបនេះ តបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញបើក សាលារៀនឡើងវិញនៅរាជធានីភ្នំពេញ ដោយបានបញ្ជាក់ថា ការជួបជុំហូបចុកគឺបង្កហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវី១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តម បានគូសបញ្ជាក់ថា ចំពោះការសិក្សាវិញ បើយើងដើរយឺតក្រោយគេនោះ វានឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ខណៈដែលការអភិវឌ្ឍន៍ប្រទេស ចាំបាច់ណាស់តែមានធនធានមនុស្សដែលមិនអាចខ្វះបាន ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ចំពោះការ រៀនតាមអនឡាញ ប្រៀបធៀបដូចជនជាតិអ៊ឺរ៉ុបហូបនំបុ័ង និងជនជាតិខ្មែរហូបបាយអ៊ឺចឹង បើយើងបានរៀនជុំគ្នាដូចយើងហូបបាយ បើយើងរៀនអនឡាញដូចជាហូបនំបុ័ងជំនួសបាយ គឺគ្រាន់តែជាអាហារបន្ទាប់បន្សំប៉ុណ្ណោះ ។
« ខុសគ្នាយ៉ាងម៉េចបានជាលើកទឹកចិត្តឱ្យមានការបើកសាលាឡើងវិញ ចូលបង្រៀនជាក្រុមប្រមូលផ្តុំ ប៉ុន្តែហាមបម្រាមរដ្ឋបាលក្នុងការហូបចុក នៅតាមភោជនីយដ្ឋានដែលត្រូវបាននូវហាមនូវឡើយ ។ ចំណុចនេះខុសគ្នាឆ្ងាយណាស់ យើងគិតថា ការហូបចុក បងប្អូនប្រជាពលរដ្ឋអាចទិញទៅហូបចុកនៅតាមផ្ទះរៀងៗខ្លួនបាន ថ្វីត្បិតតែការទិញយកទៅហូបនៅផ្ទះ មានការត្រជាក់ មិនក្តៅខ្វះខាតគ្រឿងបន្តិចបន្តួចតែបងប្អូនអាចហូបបាន សម្រាន្តហើយបន្តជីវិតរស់នៅបាន ។ប៉ុន្តែការសិក្សាបើយើងដើរក្រោយគេ ប្រទេសយើងថ្ងៃអនាគត នឹងខ្វះធនធានមនុស្សក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដែលនេះជាចំណុច សំខាន់ណាស់» ។
ក្នុងនោះដែរ អភិបាលរាជធានីភ្នំពេញរូបនេះ ក៏បានរំលឹកផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា មានបទពិសោធន៍ នៅក្នុងសម័យ ប៉ុល ពត ក្រោយពីបញ្ចប់ភ្លាម សម្តេចបានដាក់គោលនយោបាយទី១គឺបើកសាលារៀនឡើងវិញ ។ កាលពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ មានថ្ងៃមួយនោះបានប្រកាសបើកបវេសកាល ឱ្យសិស្សានុសិស្សចូលរៀនក្រេបយកចំណេះដឹង ហើយមិនត្រឹមតែប៉ុណ្ណឹងទេ សម្តេចថែមទាំងបញ្ជូនសិស្សទៅរៀននៅបរទេសនៅតាមប្រទេសដែលជាមិត្តនៅពេលនោះ ហើយក្នុងនោះក៏មានរូបឯកឧត្តម ឃួង ស្រេង ផងដែរ ដែលបានទៅរៀននៅសហភាពសូវៀត ។
ទន្ទឹមនេះ ឯកឧត្តម បានបន្តថា ការបើកសាលារៀនឡើងវិញនេះ អាជ្ញាធររាជធានីភ្នំពេញក៏ដូចជាក្រសួងអប់រំនិងយុវជននិងកីឡា មិនមានការបង្ខិតបង្ខំឱ្យសិស្សានុសិស្ស ត្រូវតែចូលមករៀននៅក្នុងសាលាដាច់ខាតនោះទេ គឺស្ថិតទៅលើការស្ម័គ្រចិត្តរបស់ឪពុក ម្ដាយ អាណាព្យាបាលសិស្សានុសិស្ស ពោលគឺពួកគាត់ អាចចូលរៀននៅតាមសាលាក៏បាន ឬរៀនតាម online ក៏បានផងដែរ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]