បរទេស៖ តារាចម្រៀងស្រី Taylor Swift និងតារាសម្តែង Joe Alwyn បានចាប់ផ្តើមណាត់ជួបគ្នានៅឆ្នាំ ២០១៦ ប៉ុន្តែអ្នកទាំងពីរ មិនសូវបើកចំហរអំពីទំនាក់ទំនងរបស់ពួកគេនោះឡើយ។ ទោះយ៉ាងណាគូស្នេហ៍មួយគូនេះ នៅមិនទាន់លេចឮព័ត៌មាននៃការរៀបការ ហើយក៏មិនបានផ្លាស់ប្តូរទីលំនៅទៅរស់នៅជាមួយគ្នាដូចគូដទៃនោះដែរ ខណៈពេលនេះពួកគេបានស្រលាញ់គ្នាអស់រយៈពេល ៥ឆ្នាំក៏ដោយ។
ជាមួយគ្នានេះដែរ ថ្មីៗនេះស្រាប់តែមានពាក្យចចាមអារ៉ាមថា Taylor និងមិត្តប្រុសរបស់នាង បានបែកបាក់គ្នាហើយ ដោយសារតែមិត្តប្រុសរបស់នាងមិនគិតគូររឿងរៀបការជាមួយនាងសោះ ដែលចំណុចមួយនេះហើយ ធ្វើឲ្យអ្នកគាំទ្រកាន់តែព្រួយបារម្ភថែមទៀត។
យោងតាមកាសែត The Star បានឲ្យដឹងថា Joe នឹងមិនអាចរក្សា Taylor បានទៀតទេ ព្រោះស្រលាញ់គ្នាជាង ៥ឆ្នាំហើយ ប៉ុន្តែ Joe នៅតែមិនទាន់ស្នើសុំ Taylor រៀបការ។ ប្រភពដដែលនេះបានបន្ថែមទៀតថា Taylor បាននិពន្ធបទចម្រៀងជាបន្តបន្ទាប់ដូចជា «Paper Rings» «Invisible String» និង «Willow» ដើម្បីបញ្ជាក់ថា នាងពិតជាចង់រៀបការណាស់ ហើយប្រសិនបើ Joe នៅតែមិនសុំនាងរៀបការទៀត Taylor នឹងសុំបែកហើយរកអ្នកថ្មី។
ទោះយ៉ាងណាក៏ដោយ យោងតាមកាសែត Gossip Cop បានបដិសេធចំពោះពាក្យចចាមអារាមអំពីការបែកគ្នារវាង Taylor និងមិត្តប្រុសរបស់នាងដែលមានអាយុតិចជាង ៣ ឆ្នាំ ថាវាជារឿងមិនពិតនោះទេ។ ព្រោះមួយរយៈមុននេះ តារាចម្រៀងរូបនេះទើបតែបានធ្វើដំណើរយ៉ាងឆ្ងាយ ទៅជួប Joe ដល់ទីក្រុង Belfast ប្រទេសអៀរឡង់ ហើយថែមទាំងមានគម្រោងថតការងារនៅទីនេះជាមួយគ្នាទៀតផង។
គួររំឮកផងដែរថា នៅក្នុងបទសម្ភាសន៍កាលពីឆ្នាំ ២០២០ Taylor បានបង្ហាញចិញ្ចៀនពេជ្រនៅលើម្រាមដៃរបស់នាង ដែលធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណេតជឿជាក់ថាគូស្នេហ៍មួយគូនេះ បានភ្ជាប់ពាក្យជាមួយគ្នាតាំងពីឆ្នាំ ២០២០មកម្ល៉េះ ប៉ុន្តែគ្រាន់តែមិនទាន់បានបង្ហាញជាសាធារណៈនៅលើបណ្តាញសង្គមនៅឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]