ការបំបៅដោះ គឺជាជម្រើសដ៏ល្អបំផុតក្នុងការផ្ដល់សារធាតុចិញ្ចឹម និងអត្ថប្រយោជន៍សុខភាពឲ្យកូន ហើយក្រសួងសុខាភិបាលណែនាំឲ្យម៉ាក់ៗ បំបៅដោះកូនឲ្យបានយ៉ាងហោចណាស់ ៦ខែក្រោយសម្រាល និងកាន់តែល្អបើអាចបំបៅដោះកូនដល់អាយុពីរឆ្នាំ។ យ៉ាងណា ម៉ាក់ៗមួយចំនួនមិនអាចបំបៅដោះកូនបានយូរដល់ពីរឆ្នាំនោះទេ ដោយសារមូលហេតុមួយចំនួន ក៏អាចជ្រើសរើសយកម្សៅទឹកដោះសត្វឲ្យកូនបៅបន្ត។
ភាគច្រើន បើយើងគិតដល់ការបំបៅកូនដោយម្សៅទឹកដោះសត្វ មានតែម្សៅទឹកដោះគោទេ ដែលយើងនឹកឃើញមុនគេ តែឥឡូវនេះ ម្សៅទឹកដោះពពែ ក៏ជាជម្រើសដ៏ពេញនិយមមួយសម្រាប់ឲ្យអាអូនបៅដែរ ពិសេសនោះគឺចំពោះក្មេងៗដែលមានបញ្ហាអាលែកហ្សីទឹកដោះគោ។ អត្ថប្រយោជន៍ជាច្រើនរបស់ម្សៅទឹកដោះពពែខាងក្រោមនេះ អាចជាហេតុផលម៉ាក់ប៉ាគួរជ្រើសយកឲ្យកូនបៅបន្ត ក្រោយម៉ាក់ៗបានបំបៅដោះកូនតាមការណែនាំរបស់ក្រសួង៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ងាយស្រួលរំលាយ
ជាទូទៅ ទឹកដោះពពែមានភាពងាយស្រួលក្នុងរំលាយជាងទឹកដោះគោ ព្រោះថាមានជាតិឡាក់តូស (Lactose) តិចជាងទឹកដោះគោ។ ទឹកដោះពពែផ្ទុកនូវសារធាតុ Prebiotics ស្រដៀងនឹងទឹកដោះម្ដាយ ដែលអាចជួយជំរុញដល់ការរំលាយអាហាររបស់កូន ហើយទឹកដោះពពែមានប្រូតេអ៊ីនតូចៗ ទន់ ដែលពេលចូលដល់ក្នុងពោះវៀន ងាយស្រួលរំលាយ និងរំលាយបានរហ័សជាងទឹកដោះគោ។
២. សម្រួលបញ្ហាអាលែកហ្ស៊ី
អត្ថប្រយោជន៍មួយទៀតនៃម្សៅទឹកដោះពពែ មិនសូវបង្កឲ្យកើតបញ្ហាអាលែកហ្ស៊ីដូចទឹកដោះគោ ព្រោះដូចដែរបានរៀបរាប់តាំងពីចំណុចខាងលើ ទឹកដោះពពែ មានផ្ទុកជាតិឡាក់តូសទាប ហើយមានភាពងាយស្រួលក្នុងការរំលាយ។ យោងតាមការសិក្សាមួយចំនួនបង្ហាញថា រវាង ៤០-១០០% នៃមនុស្សដែលមានបញ្ហាអាលែកហ្ស៊ីនឹងទឹកដោះគោ មិនជួបបញ្ហានេះទេ ពេលផឹកទឹកដោះពពែ។
៣. សម្បូរជាតិខ្លាញ់ល្អ
នៅក្នុងទឹកដោះពពែ មានផ្ទុកខ្សែច្រវាក់អាស៊ីដខ្លាញ់ច្រើនជាងទឹកដោះគោ។ អាស៊ីដខ្លាញ់ polyunsaturated ទាំងនេះ មិនត្រឹមតែល្អសម្រាប់ប្រព័ន្ធរំលាយអាហារទេ ប៉ុន្តែវាក៏ត្រូវបានក្រុមស្រាវជ្រាវចាត់ទុកជាខ្លាញ់ល្អដល់រាងកាយផងដែរ។ ប្រភេទខ្លាញ់ល្អទាំងនេះ ចាំបាច់សម្រាប់ការលូតលាស់ និងអភិវឌ្ឍន៍របស់កូនយើង។
៤. ពង្រឹងប្រព័ន្ធភាពស៊ាំ
ទឹកដោះពពែ ពោរពេញទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនមានទាំងវីតាមីន ពិសេសមានជាតិរ៉ែខ្ពស់ ពោលគឺខ្ពស់ជាងទឹកដោះគោ។ សារធាតុចិញ្ចឹមទាំងនេះ ជួយបង្កើនប្រព័ន្ធភាពស៊ាំកូនៗ ការពារសុខភាពកូន ចៀសវាងជំងឺផ្សេងៗ។
ដើម្បីណែនាំឲ្យម៉ាក់ប៉ាដឹង លោកវេជ្ជបណ្ឌិត អ៊ុន យូ អនុប្រធាននៃមន្ទីរសម្រាកព្យាបាល Maxi Care បានបកស្រាយថា ក្មេងមានបញ្ហាអាលែកហ្សីជាមួយទឹកដោះគោដែលកំពុងញ៉ាំនោះនឹងបង្ហាញសញ្ញាដូចជា៖
- ឡើងកន្ទួលក្រហម នៅលើមុខ ថ្ពាល់
- មួរម៉ៅច្រើន
- យំច្រើន
- ហើមពោះ
- ឆ្អល់ ឬឈឺពោះ
- ចង្អោរ
- រាករូស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]