គ្នាយើងមួយចំនួនទើបតែមានវ័យ២០ឆ្នាំ ឬ៣០ឆ្នាំប៉ុណ្ណោះ ក៏ចាប់ផ្ដើមមានអាការៈឈឺខ្នង និងជង្គង់។ ពិតណាស់ បញ្ហាទាំងនេះកើតឡើងដោយសារតែឆ្អឹងរបស់យើងខ្សោយ ហើយដើម្បីពង្រឹងសុខភាពឆ្អឹង យើងគប្បីកាត់បន្ថយស្រ្តេស និងគេងឲ្យបានគ្រប់គ្រាន់។ ក្រៅពីនេះ យើងក៏ចាំបាច់ធ្វើការផ្លាស់ប្ដូរបែបបទនៃការរស់នៅមួយចំនួន ដើម្បីបង្ការអាការៈឈឺខ្នង និងជង្គង់ឲ្យមានប្រសិទ្ធភាពផងដែរ។
១. រក្សាទម្ងន់
ការលើសទម្ងន់ ឬធាត់ជ្រុលសុទ្ធតែដាក់បន្ទុកដល់ឆ្អឹង និងឆ្អឹងខ្នង។ ដូចនេះ គ្នាយើងគប្បីរក្សាទម្ងន់ខ្លួនឲ្យសមល្មម ដើម្បីជៀសវាងបន្ថែមសម្ពាធលើឆ្អឹង។ សន្ទស្សន៍ម៉ាសរាងកាយដែលល្អបំផុត គឺនៅចន្លោះពី១៨,៥ ដល់២៤,៩។
២. បង្កើនការស្រូបយកជាតិកាល់ស្យូម និងវីតាមីនD
សារធាតុចិញ្ចឹមទាំងពីរមុខនេះមានសារសំខាន់ណាស់ សម្រាប់សុខភាពឆ្អឹងរបស់យើង។ ដូច្នេះហើយ យើងគប្បីបំពេញជាតិកាល់ស្យូម និងវីតាមីនD ដោយការបញ្ចូលគ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ ទឹកដោះគោ និងអាហារធ្វើពីទឹកដោះគោ សណ្ដែក ផ្សិត ក៏ដូចជាពពួកបន្លែស្លឹកបៃតងនៅក្នុងរបបអាហារប្រចាំថ្ងៃ។
៣. ហាត់ប្រាណ
ជាក់ស្ដែង ការហាត់ប្រាណជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីរក្សាសុខភាពឆ្អឹង ក៏ដូចជាសុខភាពទាំងមូល។ ហេតុនេះហើយ យើងគប្បីហាត់ប្រាណយ៉ាងហោចណាស់ឲ្យបាន៣០នាទីក្នុងមួយថ្ងៃ និង៥ដងក្នុងមួយសប្ដាហ៍។
៤. ជៀសវាងជក់បារី និងផឹកគ្រឿងស្រវឹងច្រើនជ្រុល
ការបាត់បង់ដង់ស៊ីតេរ៉ែឆ្អឹងក៏មានពាក់ព័ន្ធនឹងការជក់បារី ព្រមទាំងផឹកគ្រឿងស្រវឹងច្រើនជ្រុល ហើយដើម្បីថែទាំសុខភាពឆ្អឹងឲ្យនៅរឹងមាំល្អ យើងចាំបាច់ត្រូវបញ្ឈប់ទម្លាប់ទាំងនេះ។
៥. កាត់បន្ថយជាតិស្ករបន្ថែម
ទន្ទឹមនឹងនេះដែរ រាងកាយរបស់យើងមិនត្រូវការជាតិស្ករបន្ថែមពីភេសជ្ជៈមានជាតិស្ករ ជាតិកាហ្វេអ៊ីន និងប្រភេទអាហារកែច្នៃនោះទេ។ នៅពេលដែលយើងញ៉ាំអាហារទាំងនេះច្រើនជ្រុល វានឹងធ្វើឲ្យរាងកាយបាត់បង់ជាតិកាល់ស្យូម និងម៉ាញ៉េស្យូមទៅតាមទឹកនោម។ មួយវិញទៀត វាក៏អាចរារាំងពោះវៀនយើងមិនឲ្យទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់ថែមទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]