រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនមួយចំនួនធំ ប្រាកដជាស្គាល់ហើយអតីតតារាសម្តែងស្រី សេង សូណា ដែលជីវិតពីមុនធ្លាប់តែស្គាល់តែភាពហ៊ឺហារ ភ្លឺថ្លា តែពេលនេះ តារាស៊ិចស៊ីរូបនេះ បែរជារូបនាងបាក់សម្រស់សឹងមើលមិនស្គាល់ ហើយថែមទាំងរងសម្ពាធជំងឺច្រើនមុខ លើសពីនេះថែមទៀត គឺនាងបានឆ្លងជំងឺកូវីដ-១៩ ទៀតផង ដែលបង្កឱ្យមានការចាប់អារម្មណ៍ពីសាធារណជនជាខ្លាំង ព្រោះថា មហាជនគ្រប់គ្នាស្ទើរតែមិនជឿនោះឡើយថា តារាស្រីរូបនេះ ធ្លាប់មានជីវិតផូរផង់មានតែស្នាមញញឹម សាច់សភ្លឺថ្លា ចុងក្រោយនាងបែរជាធ្លាក់ខ្លួន មានសភាពមើលមិនយល់ ខ្មៅមុខខ្មៅមាត់ មានជាំមុខទាំងដុំៗ ។
បន្ទាប់ពីបានបង្ហាញមុខមាត់ប្រែប្រួល ១៨០ ដឺក្រេ សឹងមើលលែងស្គាល់ ដោយមិនទាន់ដឹងមូលហេតុនោះ ធ្វើឱ្យអ្នកខ្លះពោលពាក្យចោទ ឌឺដងឱ្យនាងថា តារាស្រីរូបនេះ សង្ស័យតែចាញ់បោកប្រុសឈ្មោល ខ្លះទៀតថា នាងយកលុយកាក់រកបានទៅលេងល្បែងស៊ីសងលេងខ្លួនហ៊ឺហារ ទើបទីបំផុត ធ្លាក់ខ្លួនដល់ចំណុចសូន្យបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានកោះសន្តិភាព សេង សូណា បានថ្លែងក្នុងសំឡេងខ្សាវៗ ហត់ៗ និងអស់កម្លាំង ក្នុងស្ថានភាពកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ សូណា បានប្រាប់ថា នាងកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅវិទ្យាល័យសម្តេចឪ ខេត្តបាត់ដំបង អស់រយៈពេល២០ថ្ងៃជាងមកហើយ នៅមិនទាន់បានចេញមកព្យាបាលនៅខាងក្រៅឡើយ ។
នាងថា ការឆ្លងជំងឺកូវីដនេះ នាងអត់ដឹងថា ឆ្លងពីអ្នកណានោះទេ ពោលមកនៅបាត់ដំបងធ្វើការជាភ្នាក់ងារលក់ដីឡូត៍បាន២ថ្ងៃ ក៏ឆ្លងកូវីដ ខណៈនាងមានជំងឺផ្សេងៗមុននេះដែរ ។ តារាដែលកំពុងជួបទុក្ខជាន់ទុក្ខរូបនេះ បានបង្ហើបឱ្យដឹងថា រូបនាងធ្លាក់ខ្លួនដល់ថ្នាក់នេះ ដោយសារតែគេបិទផ្លូវសិល្បៈ ព្រោះត្រូវខាងក្រសួងវប្បធម៌ ចេញបម្រាម ខកខានថត និងការងារសិល្បៈផ្សេងៗទៀត ។
ចាប់តាំងពីនាងថតរឿងចុងក្រោយ ដោយការសិចស៊ីជ្រុល និងមានការណែនាំកែខ្លួនមក នាងអត់មានខាងណាហៅថតទៀតទេ ។ សូម្បីស្ព៉ត ថតខារ៉ាអូខេ ឬរឿងផ្សេងៗ គឺដាច់ឈឹង២ឆ្នាំ គ្មានចំណូលអ្វីក្រៅពីចំណាយ ។ ក្នុងនោះ តារាស្រីរូបនេះ បានសារភាពថា នាងមិនមានផ្ទះសម្បែងក្នុងក្រុងភ្នំពេញទេ ពោលជួលផ្ទះគេស្នាក់នៅរហូតមក។ នាងច្រានចោល ការលង់ខ្លួនចាញ់បោកប្រុសឈ្មោល ឬលេងល្បែងមិនមានឡើយ។
ដោយសារតែកត្តាជីវភាពកាន់តែដុនដាប ខណៈជំងឺជាច្រើនមុខ កំពុងរួមរឹតរាងកាយ សេង សូណា បានពោលទាំងក្តុកក្តួល អួលដើមក សុំការអាណិតពីបងប្អូនថា ចង់បានផ្ទះប្រក់សង្ក័សី តូចមួយ៣ឬ៤ម៉ែត្រ បួនជ្រុង នៅជ្រកកុំដើរជួលគេ។ សូម្បីតែម្ចាស់ផ្ទះជួលក៏បណ្តេញចេញ បើមានគេអាណិតពិតជាអរគុណ និងដឹងគុណ ។
នាងសេង សូណា បានពោលបន្ថែមទៀតថា រូបនាង បានទាក់ទងទៅលោកហេង ឡុង ដែលជាស្វាមីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍អ្នកសិល្បៈ ដើម្បីសុំការអន្តរាគមន៍ តែមិនទាន់បានការឆ្លើយតប យ៉ាងណានោះទេ ។ ចំណែកងាកទៅរក អ៊ឹម ជីវ៉ា ពិធីករ មួយរូប ក៏បញ្ជាក់ថា ទាក់ទងខាងសមាគម ឱ្យនាងដែរ តែស្ងាត់រហូត ។ រាល់ថ្ងៃ នាងរស់ពឹងអាស្រ័យលើបាយខាងមន្ទីរពេទ្យ ៣ ពេលប៉ុណ្ណោះ។ នាងបន្តថា នាងរំពឹងថា សប្បុរសជនជួយនាងយកតែបុណ្យផងចុះ ដោយមិនប្រកាន់រឿងពីមុនដើម្បីជាកម្លាំងចិត្តដល់រូបនាង ព្រោះនាងមិនបានប្រព្រឹត្តអ្វីខុសឆ្គងនឹងច្បាប់ប្រទេសនោះទេ៕
ប្រភព៖ KSP
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]