ករណីលង់ទឹក អាច​កើតឡើង​បាន​លឿន​មែន​ទែន ពិសេស​ចំពោះ​កូន​ក្មេង និង​គ្នា​យើង​ដែល​មិន​ចេះ​ហែល​ទឹក​តែ​ចូល​ចិត្ត​ទៅ​លេង​ទឹក។ ត្បិត​តែ​ពេល​ខ្លះ​យើង​គិត​ថា​មិន​មាន​អ្វី​កើត​ឡើង ឬ​លេង​ទឹក​កន្លែង​មនុស្ស​ច្រើន​មិន​សូវ​ភ័យ ប៉ុន្តែ​រឿង​អាក្រក់​អាច​កើត​ឡើង ហើយ​ភាគ​ច្រើន​មិន​សូវ​មាន​មនុស្ស​ដឹង​ពី​វិធី​សង្គ្រោះ​បឋម​ប៉ុន្មាន​ទេ។  

វិធី​សង្គ្រោះ​បឋម​ពេល​មនុស្ស​លង់​ទឹក

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. មុន​នឹង​ចូល​ទៅ​សង្គ្រោះ​ជន​រង​គ្រោះ យើង​ត្រូវ​គិត​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដើម្បី​ចៀស​វាង​យើង​ក្លាយ​ជា​ជន​រង​គ្រោះ​មួយ​រូប​ទៀត។ មុន​ពេល​ចូល​ទៅ​ជួយ​គេ យើង​គួរ​ពាក់​អាវ​ពោង ឬ​ខ្សែ​ពួរ​សម្រាប់​អ្នក​ដទៃ​ងាយ​ស្រួល​ទាញ​យើង និង​ជន​រង​គ្រោះ​ឡើង​គោក​វិញ។

២. ប្រសិន​បើ​មាន​មនុស្ស​នៅ​កន្លែង​កើត​ហេតុ​ច្រើន ឲ្យ​នរណា​ម្នាក់​ខល​ហៅ​ឡាន​សង្គ្រោះ​បន្ទាន់ (បើ​អាច)

៣. ក្នុង​ករណី​ជន​រង​គ្រោះ នៅ​មាន​ស្មារតី យើង​អាច​ឲ្យ​ជន​រង​គ្រោះ​តោង​ខ្សែ​ពួរ ឬ​មែក​ឈើ រួច​ទាញ​ជន​រង​គ្រោះ​មក​ក្បែរ​ខ្លួន។ ត្រូវ​ចាំ​ថា អ្នក​ជួយ​សង្គ្រោះ​មិន​គួរ​ព្យាយាម​ប៉ះ​ជន​រង​គ្រោះ​លង់ទឹកដែល​កំពុង​ភ័យ​ស្លន់​ស្លោ​ដោយ​ផ្ទាល់​ឡើយ ព្រោះ​អាច​មាន​គ្រោះ​ថ្នាក់​ទាំង​អស់​គ្នា។

៤. ក្នុង​ករណី​ជន​រង​គ្រោះ​បាត់​បង់​ស្មារតី យើង​គួរ​ប្រើ​ទូក​ទៅ​យក​ជន​រង​គ្រោះ(បើ​មាន) ឬ​អ្នក​សង្គ្រោះ​ចង​ខ្សែ​ពួរ​នៅ​ចង្កេះ មុន​ចូល​ទៅ​ជួយ​ជន​រង​គ្រោះ រួច​ឲ្យ​អ្នក​នៅ​លើ​គោក​ទាញ​ទាំង​អ្នក​សង្គ្រោះ និង​ជន​រង​គ្រោះ។

៥. ពេល​ជន​រង​គ្រោះ​ដល់​លើ​គោក យើង​គួរ​ព្យាយាម​សង្គ្រោះ​ជីវិត​ជន​រង​គ្រោះ។ ប្រសិន​បើ អាកាសធាតុ​ត្រជាក់ ជំហាន​ដំបូង​គឺ​ត្រូវ​ដោះ​សំលៀក​បំពាក់​ជន​រង​គ្រោះ​ចេញ រួច​យក​កន្សែង ឬ​ភួយ​មក​រុំ​ជន​រង​គ្រោះ និង​តាម​ដាន​បញ្ហា​ចុះ​កម្ដៅ​ខ្លួន​លើ​ជន​រង​គ្រោះ។ ប្រសិន​បើ​ជន​រង​គ្រោះ​មិន​ដក​ដង្ហើម យើង​ត្រូវ​ធ្វើ CPR។

៦. វិធី​សង្គ្រោះ CPR ម្ដងៗ មាន​ការ​សង្កត់​ទ្រូង ៣០ដង រួច​ផ្លុំ​ខ្យល់​ដង្ហើម ​២ ដង ធ្វើ​បែប​នេះ​ឲ្យ​បាន ៥ដង មុន​នឹង​ពិនិត្យ​មើល​ជីពចរ​ជន​រង​គ្រោះ​ម្ដង​ទៀត។ បើ​នៅ​តែ​មិន​មាន​ជីពចរ​ដដែល​ទេ ត្រូវ​ធ្វើ CPR ចំនួន ៥​ដង​ទៀត រហូត​ទាល់​តែ​មាន​ជីពចរ ឬ​ឡាន​សង្គ្រោះ​មក​ដល់។ ​បើ​ប្រទះ​ឃើញ​ជន​រងគ្រោះ​មាន​ជីពចរ តែ​មិន​មាន​ដង្ហើម ត្រូវ​ជួយ​ផ្លុំ​ដង្ហើម​ចំនួន​មួយ រៀង​រាល់ ៥​ វិនាទីម្តង ដោយ​ផ្លុំ ១២ ដង/​នាទី។

ជា​ចុង​ក្រោយ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន យើង​គួរ​ចៀស​វាង​លេង​ទឹក ប្រសិន​បើ​យើង​មិន​ចេះ​ហែល​ទឹក​ស្រួល​បួល ឬ​អាច​លេង​កន្លែង​រាក់ៗ ដែល​មាន​មនុស្ស​ឃ្លាំ​មើល និង​ងាយ​ស្រួល​ចាំ​សង្គ្រោះ (lifeguard) ទើប​មិន​សូវ​មាន​ហានិភ័យ​ដល់​ជីវិត។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]