ឆ្អឹងមានតួនាទីសំខាន់សម្រាប់រាងកាយយើង ទាំងអាចឲ្យយើងធ្វើចលនាបាន និងការពារខួរក្បាល បេះដូង សរីរាង្គខាងក្នុងដទៃទៀតពីការរងរបួសជាដើម។ ជាធម្មតា គ្នាយើងក្មេងៗមិនសូវជាយកចិត្តទុកដាក់នឹងសុខភាពឆ្អឹង ឬសរីរាង្គខាងក្នុងរាងកាយប៉ុន្មានទេ តែបើយើងថែទាំមិនបានដិតដល់ពីក្មេង ចាស់ៗទៅច្បាស់ជាមានបញ្ហាឆ្អឹងមិនខានទេ។
ពេលយើងនៅក្មេង រាងកាយបង្កើតឆ្អឹងថ្មីៗលឿន និងបំបែកឆ្អឹងចាស់ៗចោល ហើយម៉ាសឆ្អឹងរបស់យើងក៏កើនឡើងលឿនដែរ ប៉ុន្តែ ដល់ពេលវ័យវិវដ្ដច្រើនទៅៗ ម៉ាសឆ្អឹងក៏ចាប់ផ្ដើមបាត់បង់ច្រើនដែរ។ មិនមែនជារឿងឆាប់ពេក ឬយឺតពេលពេកទេក្នុងការថែទាំឆ្អឹងឲ្យមានសុខភាពល្អ ជាមួយនឹងតិចនិកខាងក្រោមនេះ គ្នាយើងអាចចាប់ផ្ដើមរក្សាសុខភាពឆ្អឹងឲ្យមាំមួនបាន។
១. ញ៉ាំអាហារសម្បូរជាតិកាល់ស្យូម និងវីតាមីន D
កាល់ស្យូម និងវីតាមីន D ជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាពឆ្អឹង ជួយឲ្យឆ្អឹងរឹងមាំ មិនងាយពុក។ វីតាមីន D អាចរកបាននៅក្នុងត្រីសមុទ្រ ស៊ុតក្រហម ថ្លើម និងពន្លឺកព្រះអាទិត្យ រីឯកាល់ស្យូមសម្បូរនៅក្នុងទឹកដោះគោ ផលិតផលធ្វើពីទឹកដោះគោ តៅហ៊ូ ទឹកសណ្ដែក និងបន្លែបៃតងជាដើម។
២. ហាត់ប្រាណឲ្យច្រើន
ដូចសាច់ដុំដែរ ឆ្អឹងនឹងកាន់តែរឹងមាំ ប្រសិនបើយើងហាត់ប្រាណបានទៀងទាត់។ លំហាត់ប្រាណដែលល្អបំផុតសម្រាប់សុខភាពឆ្អឹង គឺការហាត់បែបពង្រឹងសាច់ដុំ ការដើរឡើងចុះកាំជណ្ដើរ លើកដុំដែក ឬដោយការរាំលេង។ ព្យាយាមហាត់ប្រាណយ៉ាងតិច ៣០នាទី/ថ្ងៃ។
៣. មានរបៀបរស់នៅល្អ
ប្រសិនបើយើងស្រលាញ់ឆ្អឹង ចង់ឲ្យសុខភាពឆ្អឹងនៅរឹងមាំពេលចាស់ទៅ យកល្អឈប់ជក់បារី និងកាត់បន្ថយការសេពគ្រឿងស្រវឹង និងគួរមានអាហារត្រឹមត្រូវ មានបន្លែផ្លែឈើ សាច់ក្នុងនោះ។
៤. ចៀសវាងការដួល
ពេលយើងដួល អាចបណ្ដាលឲ្យមានរបួសរហូតបាក់ឆ្អឹងបាន ពិសេសចំពោះមនុស្សមានជំងឺពុកឆ្អឹង ហេតុនេះហើយ ពេលធ្វើសកម្មភាពអ្វីមួយត្រូវចេះប្រយ័ត្នលំនឹងឲ្យបានល្អ។
៥. ពិគ្រោះជាមួយគ្រូពេទ្យ
យើងអាចទៅពិគ្រោះជាមួយគ្រូពេទ្យពីសុខភាពឆ្អឹងថាតើ យើងគួរពិនិត្យកំហាប់ឆ្អឹង ឬអាចប្រឈមនឹងជំងឺឆ្អឹងផ្សេងៗដែរឬទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]