សម្បកចេកបង្កប់គុណប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពស្បែករបស់យើង។ ជាមួយនឹងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម សម្បកចេកអាចជួយការពារស្បែកពីការបំផ្លាញដោយកម្ដៅថ្ងៃ ជួយឲ្យស្បែកភ្លឺថ្លា កាត់បន្ថយការរលាកស្បែក ជួយឲ្យស្បែកទន់ម៉ត់រលោង ព្រមទាំងកាត់បន្ថយស្នាមជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាព។ វាក៏ជាប្រភពនៃអាស៊ីដខ្លាញ់ ដែលអាចជួយព្យាបាលជំងឺត្រអក និងជំងឺរលាកស្បែករ៉ាំរ៉ៃ (psoriasis)។
បន្ថែមពីនេះ សម្បកចេកសម្បូរទៅដោយប៉ូតាស្យូម និងជាតិសំណើម ដែលល្អបំផុតសម្រាប់ដោះស្រាយបញ្ហាស្បែកស្ងួត និងជួយឲ្យស្បែកទន់រលោង។ ហេតុនេះហើយ ស្រីៗយើងអាចសាកល្បងតិចនិកខាងក្រោម ដើម្បីទទួលបានស្បែកដែលមានសុខភាពល្អ និងភ្លឺថ្លា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ជូតសម្បកចេកលើផ្ទៃមុខ
ការជូតសម្បកចេកលើផ្ទៃមុខ ត្រូវគេជឿថាអាចកាត់បន្ថយស្នាមជ្រីវជ្រួញ ស្បែកស្ងួត និងអាចបង្ការការកើតមុនថែមទៀតផង។
វិធីធ្វើ៖ លាងសម្អាតមុខឲ្យស្អាតល្អជាមួយនឹងហ្វូមលាងមុខ និងជូតឲ្យស្ងួត។ ចាប់ផ្ដើមជូតសម្បកចេក ដោយធ្វើការម៉ាស្សានៅលើផ្ទៃមុខ និងបន្តធ្វើបែបនេះរហូតដល់១០នាទី។ ប្រសិនបើសម្បកចេកប្រែទៅជាពណ៌ត្នោត ចូរប្រើសម្បកចេកថ្មីមួយទៀត និងទុកចោលរយៈពេល១០នាទី មុននឹងលាងសម្អាតមុខជាមួយនឹងទឹកត្រជាក់។
២. ស្ក្រាប់សម្បកចេក
ការប្រើស្ក្រាប់ មានសារសំខាន់ណាស់ ដើម្បីថែទាំស្បែកឲ្យមានសុខភាពល្អ ពីព្រោះវាអាចជួយកម្ចាត់កោសិកាស្បែកដែលងាប់ និងជួយបញ្ចៀសបញ្ហាស្បែកស្ងួត។ ចំណែកឯស្រ្កាប់សម្បកចេក ជាមួយនឹងរមៀត មានប្រសិទ្ធភាពល្អក្នុងការជួយថែបំប៉នស្បែក ប្រឆាំងនឹងបញ្ហាមុន កម្ចាត់ស្បែកងាប់ និងស្លាកស្នាមនៃស្បែក។
វិធីធ្វើ៖ កាត់សម្បកចេកជាចំណិតតូចៗ និងបន្ថែមម្សៅរមៀតចំនួន១ស្លាបព្រាបាយ ជាមួយស្ករ និងទឹកឃ្មុំចំនួន១ស្លាបព្រាកាហ្វេ រួចកូរឲ្យសព្វល្អ។ បន្ទាប់មកលាបនៅលើមុខ ដោយទុកចោលរយៈពេល១៥ទៅ២០នាទី ទើបលាងជម្រះចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។
៣. បន្ទះបិទក្រោមភ្នែក
ជាមួយគ្នានេះដែរ សម្បកចេកក៏អាចជួយកម្ចាត់ស្នាមជ្រីវជ្រួញក្រោមភ្នែក និងជួយឲ្យស្បែកនៅបរិវេណភ្នែកមានសភាពភ្លឺថ្លាទ្វេដង។
វិធីធ្វើ៖ កាត់សម្បកចេកជា២ចំណិត និងទុកវានៅក្នុងទូរទឹកកក។ បន្ទាប់មក ចូរបិទសម្បកចេកនៅបរិវេណក្រោមភ្នែក និងទុកចោលរយៈពេល១៥ទៅ២០នាទី។ លាងជម្រះចេញ និងលាបក្រែមការពារក្រោមភ្នែកជាការស្រេច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]