ភ្នំពេញ៖ គម្រោងរៀនអាន ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២១ ដោយលោក សេដ្ឋ សុហ្វីតា (អតីតគ្រូបណ្តុះបណ្តាលនៅអង្គការបង្រៀនដើម្បីកម្ពុជា) និងកញ្ញា ឆែ ដានី អតីតគ្រូបង្រៀនអក្សរសាស្រ្តខ្មែរនៅអង្គការបង្រៀនដើម្បីកម្ពុជា។ ពួកគេទាំងពីរបានបម្រើការនៅអង្គការបង្រៀនដើម្បីកម្ពុជា ដែលជាអង្គការមួយដែលមិនរកប្រាក់ចំណេញក្នុងស្រុក ហើយបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនឱកាសអប់រំសម្រាប់កុមារនៅក្នុងប្រទេស។ ខណៈពេលបំពេញការងារនៅតាមសាលាដៃគូរ ពួកគេបានកត់សម្គាល់ឃើញបញ្ហាទូទៅមួយដែល សិស្សថ្នាក់ទី៧ និងទី៨ លើសពាក់កណ្តាលនៅក្នុងថ្នាក់របស់ពួកគេជួបការលំបាកក្នុងការអានអត្ថបទភាសាខ្មែរ។

បន្ទាប់ពីធ្វើការស្រាវជ្រាវខ្លះ ពួកគេបានរកឃើញទិន្នន័យគួរឱ្យចាប់អារម្មណ៍មួយចំនួន៖
១) ៧៣% នៃកុមារអាយុ ៣-៥ ឆ្នាំគឺមានភាពយឺតយ៉ាវក្នុងការអភិវឌ្ឍអក្ខរកម្មរបស់ពួកគេ (UNICEF, ២០១៨)
២) ក្មេងអាយុ១៥ឆ្នាំចំនួន ៤១% គឺស្ថិតនៅក្រោមកម្រិតមូលដ្ឋាននៃសមត្ថភាពការអានជាភាសាខ្មែរ (OECD, ២០១៨)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទិន្នន័យនេះបានបង្ហាញឱ្យឃើញអំពីដើមចមនៃបញ្ហាគឺ កង្វះទម្លាប់អានតាំងពីវ័យក្មេង និងកង្វះធនធានអំណានជាភាសាខ្មែរ គឺជាកត្តារួមចំណែក។ នោះហើយជាមូលហេតុដែលរៀនអាន ត្រូវបានបង្កើតទ្បើង គឺក្នុងគោលបំណង លើកកម្ពស់ទម្លាប់ការអានពីវ័យកុមារ និងលើកកម្ពស់អក្ខរកម្មសម្រាប់កុមារកម្ពុជា។

ជាមួយក្រុមយុវជនដែលមានទេពកោសល្យ ពួកគេបានបង្កើតបណ្ណាល័យឌីជីថលមួយដែលមានឈ្មោះថាបណ្ណាល័យឆ្លាត។ បណ្ណាល័យឆ្លាត គឺជាវេទិការអំណានឌីជីថល ដែលផ្ដល់នូវបរិយាកាសសិក្សាដ៏សប្បាយរីករាយ ព្រមទាំងសុវត្ថិភាព ប្រកបដោយទំនុកចិត្ត និងជួយបំពេញរាល់ភាពចង់ចេះ ចង់ដឹងរបស់កុមារនៅចន្លោះអាយុ១៤ឆ្នាំចុះក្រោម។ លក្ខណៈពិសេសរបស់បណ្ណាល័យឆ្លាត គឺ ​«វីដេអូរឿងគំនូរជីវចលខ្លីៗ»

វីដេអូនីមួយៗគឺមានគំនូរជីវចលស្អាតៗ ដែលទាក់ទាញអារម្មណ៏ក្មេងៗឱ្យទស្សនា និងមានអក្សររត់ជាភាសាខ្មែរលើអេក្រង់រត់ស្របគ្នាជាមួយនឹងសម្លេងនៃការនិទានរឿងតាមតួអង្គនីមួយៗ។ ទាំងអស់នេះនឹងធ្វើឱ្យកុមារទទួលបានទាំងភាពរីករាយ តម្លៃអប់រំ និងការអភិវឌ្ឍជំនាញអំណានរបស់ពួកគេដោយមិនដឹងខ្លួន។ បច្ចុប្បន្ន​នេះ បណ្ណាល័យឆ្លាតមានលើសពី ១០០វីដេអូ ហើយនឹងដាក់បញ្ចូលវីដេអូថ្មីៗបន្តបន្ទាប់ទៀតជារៀងរាល់សប្ដាហ៍។ 

គម្រោងរៀនអាន បានបើកដំណើរការបណ្ណាល័យឆ្លាតជាផ្លូវការនៅថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២១។ ក្នុងឱកាសការបើកដំណើរការ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង អប់រំ យុវជន និងកីឡា ក្នុងការបំពេញនូវការបាត់បង់ការសិក្សារបស់កុមារក្នុងថ្នាក់បឋមដោយសារផលប៉ះពាល់នៃជំងឺកូវីដ គម្រោងរៀនអាននឹងផ្តល់ជូនមាតាបិតា និងសិស្សានុសិស្សនូវការចូលប្រើប្រាស់បណ្ណាល័យឆ្លាតដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនេះដែរ គម្រោងរៀនអាន ផ្តល់ជូនសមាជិកភាពរយៈពេល១ឆ្នាំ ដោយឥតគិតថ្លៃដល់លោកគ្រូអ្នកគ្រូបឋមចំនួន៥០០នាក់។

វេទិកាឌីជីថលរបស់បណ្ណាល័យដំណើរការល្អបំផុតជាមួយកុំព្យូទ័រ ប៉ុន្តែក៏មានភាពងាយស្រួលសម្រាប់ឧបករណ៍ចល័តដូចជា ទូរស័ព្ទដៃ iPads ឬ Tablets ផងដែរ។ អ្នករាល់គ្នាអាចចូលទៅគេហទំព័រ www.reanaan.com ដើម្បីចូលទៅបណ្ណាល័យឆ្លាត។ ដើម្បីទទួលបានសមាជិកភាពដោយឥតគិតថ្លៃ សូមលោកគ្រូ អ្នកគ្រូក្របខណ្ឌបឋមសិក្សា អាចបំពេញបែបបទដែលមាននៅលើគេហទំព័រ។

អ្នកគាំទ្រ និងស្ថាប័នពាក់ព័ន្ធ អាចទាក់ទងទៅក្រុមការងាររៀនអាន បានតាមរយៈ rean.aan2021@gmail ឬ ០៩៣ ៤០ ៥៨ ៥៨៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]