១. អ្វីជា​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម និង​ផលវិបាក?

បញ្ហា​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ ឬ​យើង​ហៅ​ថា Hyperglycemia ជា​គ្រោះថ្នាក់​មួយ​ដែល​អ្នកជំងឺទឹកនោមផ្អែម​គ្រប់រូប​អាច​ជួបប្រទះ។ ដូច្នេះហើយ​ទើប​ទាមទារ​ឲ្យ​អ្នក​ជំងឺ ឬ​សមាជិក​គ្រួសារអ្នកជំងឺ​ខ្លួន​ឯង​អាច​អង្កេត អាច​ដឹង និង​ដឹង​ពី​ដំណោះស្រាយ​ប្រសិនបើ​មាន​រោគសញ្ញាដូច្នេះមែន។ កម្រិត​ជាតិ​​គ្លុយកូស​ក្នុង​ឈាម គឺ​ជា​បរិមាណ​ស្ករ​មួយ​ប្រភេទនៅ​ក្នុង​ឈាម ហើយ​ពេល​ដែល​កម្រិត​ជាតិ​ស្ករ​​កើន​ឡើង​ខ្លាំង​​ ឬ​លើស​ពី​២៥០ មិល្លីក្រាម/ដេស៊ីលីត្រ ឬ១៤​មិល្លីម៉ូល/លីត្រ ​ចាត់ទុកថា​អ្នកជំងឺ​នោះ​មាន​បញ្ហា​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម (hyperglycemia)​ ហើយ​។ ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ពេក អាច​បង្ក​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ​​មាន​ការ​ព្យាបាល​​​ភ្លាមៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​សិន​ជា​មិន​ព្យាបាល​ទេ បញ្ហា​នេះ​អាច​នឹង​កាន់​តែ​ធ្ងន់ធ្ងរ និង​នាំ​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ជា​បញ្ហា​សន្លប់​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម​​​​ដែល​​តម្រូវ​ឲ្យ​យើង​​មាន​ការ​ថែទាំ​ និង​សង្គ្រោះ​បន្ទាន់ ជា​ដើម។

ការ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ក្នុង​ឈាម​ក្នុង​រយៈ​ពេល​វែង អាច​ធ្វើ​ឲ្យ​យើង​​ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ សរសៃ​ឈាម និង​សរីរាង្គ​សំខាន់ៗ ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​ដូច​ជា គាំង​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល (stroke) ខ្សោយ​តម្រង​នោម ងងឹត​ភ្នែក របួស​មិន​ជា​សះស្បើយ និង​ពិការ​ ជើង ជាដើម​។

២. ធ្វើម៉េច​មើល​​ដឹង​បញ្ហា​ឡើង​ជាតិ​ស្ករ​​ក្នុង​ឈាម​?

យើង​អាច​សង្កេត​លើ​សញ្ញា​សំខាន់ៗ​មួយចំនួន​ដែល​អ្នកជំងឺអាច​ជួបប្រទះ៖

– ស្រេក​ទឹក​គ្រប់​ពេល
– ​បត់​ជើង​តូចច្រើន ​ជាពិសេសពេល​យប់
– ស្រវាំង​ភ្នែក
– អស់​កម្លាំង​ខ្លាំង​គ្រប់​ពេល
– ស្ងួត​មាត់

បើ​ការ​ឡើង​ជាតិ​ស្ករ​ខ្ពស់​​​ក្នុង​ឈាម កាន់តែធ្ងន់​អ្នកជំងឺ​​​អាច​នឹង៖

– ចង្អោរ
– ឈឺ​ក្រពះ
– ដង្ហើម​ខុស​ប្រក្រតី
– ក្លិន​ដង្ហើម​ធុំ​ដូច​អាល់កុល

– ​​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង​​​​អាចឈាន​ដល់​សន្លប់ ឬ​បាត់​បង់​ស្មារតី

ករណី​​​ចេញ​សញ្ញា​ណាមួយករណីធ្ងន់​ ​​គួរ​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ភ្លាម។

៣. ហេតុអ្វី​បាន​ជា​​ជាតិ​ស្ករ​​​ក្នុង​ឈាមកើនឡើង?

ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ​គឺ​​យើង​ត្រូវ​រក្សា​តុល្យភាព​ និង​តាម​ដាន​ពីកម្រិត​អាំងស៊ុយលីន ​របបអាហារ ​និង​ការហាត់ប្រាណ ឬ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ត្រឹម​ត្រូវ។​

សកម្មភាព​ទាំង​បី​ខាង​លើ គឺ​ត្រូវ​តែ​មាន​តុល្យភាព។ បើ​សិន​មួយ​ក្នុង​ចំណោម​នោះ​ខុស​ធម្មតា កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ក៏​ខុស​ដូច​គ្នា​ដែរ។ ជា​ទូទៅ កម្រិត​ជាតិ​ស្ករ​ខ្ពស់​ជាង​ធម្មតា​អាច​បង្ក​ដោយ៖
– ការ​ខក​ខាន​ចាក់​អាំងស៊ុយលីន ឬ​មិន​បាន​ចាក់​ត្រូវ​តាម​កម្រិត
– អាំងស៊ុយលីនហួស​កាល​កំណត់​ប្រើ​ប្រាស់ ឬរក្សា​ទុក​មិន​បាន​ត្រឹម​ត្រូវ
– មិន​ធ្វើ​តាម​ផែនការ​របប​អាហារ (ដូច​ជា​ញ៉ាំ​ច្រើន​ដង​ពេក ឬញ៉ាំ​អាហារ​សម្រន់​ច្រើន​ពេក)
– ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូអ៊ីដ្រាត​ ឬស្ករ​ច្រើន​ពេក
– ហាត់​ប្រាណ​តិច​ជាង​ធម្មតា
– ការ​បង្ក​រោគ ជំងឺ​ផ្សេង​ទៀត ឬ​មក​រដូវ
– បញ្ហាអារម្មណ៍ ដូច​ជា​រំជួលចិត្ត​ខ្លាំង​​ពេក ឬ​ស្ត្រេស
– ពេល​ខ្លះ​ នៅ​អំឡុង​ពេល ឬ​បន្ទាប់​ពី​យើង​​ហាត់​ប្រាណ​ខ្លាំង​ជ្រុល (Stress effect)
– ប្រើ​ថ្នាំ​ប្រភេទ​ផ្សេង​ទៀត ដែល​ប៉ះពាល់​ដល់​សកម្មភាព​ថ្នាំ​​ទឹក​នោម​ផ្អែម​របស់យើង​

៤. ការពិនិត្យ​

ដោយ​សារ​តែ​ការ​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ១ យើង​អាច​នឹង​ត្រូវ​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ដោយ​ប្រើ​ឧបករណ៍​វាស់​កម្រិត​ជាតិ​ស្ករ​ (Glucometer)។ ការ​ធ្វើ​ដូច​នេះ អាច​ជួយ​យើង​​ដឹង​​នៅ​ពេល​មាន​បញ្ហា​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ដែល​ពេល​ខ្លះ​មិន​​​បញ្ចេញ​រោគ​សញ្ញា។ អ្នក​ដែល​មិន​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​​​ញឹកញាប់ អាច​នឹង​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់ ដែល​គ្រប់​គ្រាន់​អាច​បំផ្លាញ​​ដល់​រាង​កាយ​ទាំង​ដែល​យើង​មិន​ដឹង​ខ្លួន​សោះ។

បើ​សិន​យើង​​រក​ឃើញ​ថា​​កំពុង​មាន​បញ្ហា​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន​ដង នោះ​គ្រូពេទ្យ​អាច​នឹង​ណែនាំឲ្យ​​ផ្លាស់​ប្ដូរ​កម្រិត​អាំងស៊ុយលីន ឬ​ផែន​ការ​របប​អាហារ ដើម្បី​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ត្រលប់​មក​កម្រិត​ធម្មតា​ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ​វិញ។

៥. ការ​ព្យាបាល​​

ទាមទារ​ដោះស្រាយ​​​ភ្លាមៗ ​​បើ​ជាតិ​ស្ករ​​ក្នុង​ឈាម​​កើន​ខ្ពស់​ជាង ២៥០​មិល្លីក្រាម/ដេស៊ីលីត្រ ឬ១៤មិល្លីមូល/លីត្រ។ ខាង​ក្រោម​នេះ គឺ​ជា​ជំហាន​ផ្សេង​ៗ ដែល​យើង​ត្រូវ​ធ្វើ៖

– ពិនិត្យ​មើល​​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម និង​ចាក់​អាំងស៊ុយ​លីន​ដែល​មាន​សកម្មភាព​រយៈ​ពេល​ខ្លី។

– បើ​សិនជា​យើង​មិន​ច្បាស់ពីកម្រិត​អាំងស៊ុយលីន​ដែល​ត្រូវ​ចាក់បន្ថែមឲ្យ​សម​​នឹង​កម្រិត​ដែល​យើង​ត្រូវការ​​ ​យើង​អាច​​ទាក់ទង​សាកសួរ​គ្រូពេទ្យបន្ថែម។

– ញ៉ាំ​ទឹកឲ្យ​បាន​ច្រើន (យ៉ាង​ហោចណាស់ ១កែវ​ក្នុង​ពេល​មួយ​ម៉ោង)

– ចៀសវាង​ការ​ហាត់​ប្រាណ​ខ្លាំង​

– ពី​រម៉ោង​ក្រោយ​មក​​យើង​ត្រូវ​​ពិនិត្យ​មើល​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាមជាថ្មី

ករណីធ្ងន់ ត្រូវ​ចាក់​អាំងស៊ុយលីន​ដែល​មាន​សកម្មភាព​រយៈពេល​ខ្លីភ្លាមដែរ (១០​% នៃ​កម្រិត​ចាក់​ប្រចាំ​ថ្ងៃ) និង​ត្រូវ​ទាក់ទង​​ទៅ​គ្រូពេទ្យ ឬទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]