គ្នាយើងមួយចំនួន ព្រោះតែចង់សម្រកទម្ងន់បានរាងស្អាត ខំប្រឹងហាត់ប្រាណផង តមអាហារផង និងខ្លះទៀត ស្លៀកឈុតកៅស៊ូហាត់ប្រាណផង ដើម្បីឲ្យបែកញើសខ្លាំងអាចដុតជាតិខ្លាញ់ក្នុងខ្លួនបានច្រើន។ ផ្ទុយទៅវិញ ការស្លៀកឈុតកៅស៊ូហាត់ប្រាណ មានស្ថាប័នខ្លះអះអាងថាគ្រាន់តែធ្វើឲ្យយើងចេញញើសច្រើន តែមិនជួយរំលាយកាឡូរីមានក្នុងខ្លួនយើងឡើយ។
មនុស្សភាគច្រើនស្លៀកឈុតកៅស៊ូហាត់ប្រាណ ដោយគិតថាវាជួយឲ្យយើងស្រកទម្ងន់បានលឿន។ យើងពិតជាអាចស្រកទម្ងន់បាន ប៉ុន្តែការសម្រកទម្ងន់ភាគច្រើនបណ្ដាលមកពីញើស ហើយទម្ងន់នោះនឹងត្រូវជំនួសវិញភ្លាមៗនៅពេលយើងផឹកទឹកពីរ-បីកែវ។ កីឡាករអាជីពខ្លះដែលត្រូវបំពេញតាមការកំណត់ទម្ងន់ជាក់លាក់ណាមួយដូចជា អ្នកប្រដាល់អាចប្រើឈុតទាំងនេះ ដើម្បីជួយសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ការស្លៀកឈុតកៅស៊ូហាត់ប្រាណ មិនជួយដុតកាឡូរីនៅក្នុងខ្លួនទេ វាគ្រាន់តែធ្វើឲ្យយើងបែកញើសខ្លាំងតែប៉ុណ្ណោះ។
ការស្រកទម្ងន់ដោយសារការបាត់បង់ជាតិទឹកច្រើន មិនពាក់ព័ន្ធនឹងការដុតបរិមាណជាតិខ្លាញ់ក្នុងរាងកាយយើងទេ ហើយតាមពិតទៅវាអាចបង្កគ្រោះថ្នាក់វិញ។ យោងតាម American Heart Association ឲ្យដឹងថា ហានិភ័យជំងឺសរសៃឈាមបេះដូងកើនឡើងនៅពេលសំណើមរាងកាយឡើងលើស៧០% ប៉ុន្តែប្រសិនបើយើងស្លៀកឈុតកៅស៊ូហាត់ប្រាណ សំណើមដែលចេញពីរាងកាយយើងក្នុងឈុតនោះមានប្រហែល១០០% មានន័យថា ស្លៀកឈុតកៅស៊ូហាត់ប្រាណកាន់តែបង្កើនហានិភ័យជំងឺសរសៃឈាមបេះដូង។
ហានិភ័យផ្សេងទៀត ដែលទាក់ទងនឹងការស្លៀកឈុតកៅស៊ូហាត់ប្រាណ គឺបញ្ហាខ្វះជាតិទឹក និងការឡើងកម្ដៅរាងកាយ។ គ្នាយើងត្រូវដឹងថា ការស្រកទម្ងន់គឺអាស្រ័យលើបរិមាណកាឡូរីដែលបានដុតច្រើនជាងបរិមាណកាឡូរីដែលយើងញ៉ាំចូលទៅ។ ការស្លៀកឈុតកៅស៊ូហាត់ប្រាណ មិនជួយឲ្យយើងស្រកជាតិខ្លាញ់ក្នុងរាងកាយទេ ថែមទាំងអាចបង្កជាដល់សុខភាពថែមទៀត ហេតុនេះពេលហាត់ប្រាណ គ្នាយើងគួរស្លៀកពាក់ស្ដើងៗ ដែលខ្យល់អាចចេញចូលបានស្រួល និងគួរហាត់ប្រាណនៅក្រោមម្លប់ត្រជាក់ល្អ ចៀសវាងហាត់ប្រាណក្រោមកម្ដៅថ្ងៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]