បរទេស៖ ថ្មីៗនេះ បើយោងតាម TMZ កាលពីថ្ងៃទី ២៩ខែតុលា តារាចម្រៀង Zayn Malik កំពុងប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់មួយចំនួនបន្ទាប់ពី Yolanda Hadid (ម្តាយរបស់ Gigi Hadid) បានចោទប្រកាន់តារាចម្រៀងប្រុសរូបនេះ ពីបទរំលោភបំពានរាងកាយ និងជេរប្រមាថ គាត់កាលពីសប្តាហ៍មុន។
ក្នុងនោះផងដែរ ទោះបីជាអតីតសមាជិក One Direction ចង់ដោះស្រាយវិវាទនេះជាលក្ខណៈឯកជនយ៉ាងណាក៏ដោយ ក៏ម្តាយក្មេករបស់លោក នៅតែប្តេជ្ញាចិត្តដាក់ពាក្យបណ្ដឹង ទៅកាន់ប៉ូលីសដដែល។
តាមប្រភពដដែលបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅផ្ទះឯកជនរបស់គូស្នេហ៍មួយគូនេះ ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ Zayn Malik ត្រូវបានគេចោទប្រកាន់ពីបទជេរប្រមាថ និងរុញម្ដាយក្មេក ចូលទៅក្នុងទូ ដែលធ្វើឲ្យម្ដាយក្មេកឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជាមួយគ្នានេះ Zayn មិនត្រឹមតែប្រើពាក្យអាសអាភាសនិយាយទៅកាន់ម្ដាយក្មេកប៉ុណ្ណោះទេ លោកក៏ហាមគាត់មិនឲ្យទៅជិតកូនស្រីអាយុ១៣ខែរបស់ខ្លួនថែមទៀតផង។
លើសពីនេះ តារាចម្រៀងប្រុសវ័យ ២៨ ឆ្នាំរូបនេះ ក៏ត្រូវរងការចោទប្រកាន់ថា បានជេរមិត្តស្រីរបស់ខ្លួនតាមទូរស័ព្ទ និងប្រឈមនឹងការចោទប្រកាន់ពីបទបៀតបៀន។ ដែលព័ត៌មាននេះ ពិតជាធ្វើឲ្យបណ្ដាអ្នកគាំទ្រមួយចំនួន មានការខកចិត្តជាខ្លាំងចំពោះរូបលោក។
យ៉ាងណាមិញ ចំពោះអំពើហិង្សាផ្លូវកាយ និងសង្គ្រាមពាក្យសម្ដីជាបន្តបន្ទាប់លើម្ដាយនិងប្រពន្ធ តារាប្រុសរូបនេះ ត្រូវបានឃុំខ្លួនរយៈពេល ៣៦០ថ្ងៃ ដើម្បីឲ្យលោកចេះរៀនរម្ងាប់កំហឹង និងរៀនសូត្រអំពីការបញ្ឈប់ការប្រើអំពើហិង្សាក្នុងគ្រួសារផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]