ភ្នំពេញ៖ ស្របតាមទស្សនៈវិស័យ «ការទទួលបានទឹកស្អាត និងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា» និងបង្កើនកិច្ចសហការពង្រីកប្រព័ន្ធចែកចាយសម្ភារៈផ្គត់ផ្គង់ និងរក្សាទឹកស្អាតនៅកម្ពុជា ក្រុមហ៊ុន Tiger Water Solutions និងក្រុមហ៊ុន K&K Pipe Cambodia បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញភាពជាដៃគូបង្កើនផលិតផលគ្រប់គ្រងប្រព័ន្ធទឹកស្អាតទៅកាន់ទីផ្សារកម្ពុជាឱ្យកាន់តែទូលំទូលាយ។ ពិធីនេះត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ នៅការិយាល័យក្រុមហ៊ុន K&K Pipe Cambodia។
លោក គឹម ប៊ុណ្ណា អគ្គនាយកនៃក្រុមហ៊ុន K&K Pipe Cambodia Co. Ltd បានលើកឡើងថា ភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ ជាការបើកទំព័រមួយថ្មីក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម។
ទន្ទឹមគ្នានេះដែរ ភាគជាដៃគូរវាងក្រុមហ៊ុនទាំងពីរនេះកើតឡើងបាន ដោយសារក្រុមហ៊ុនទាំងពីរមានទស្សនវិស័យ និងឆន្ទៈដូចគ្នា ផ្តោតសំខាន់លើការផលិតនូវផលិតផលទុយោរ PE និងអាងស្តុកទឹកដែលមានគុណភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារប្រទេសកម្ពុជា។
លើសពីនេះទៅទៀត លោកអគ្គនាយកនៃក្រុមហ៊ុន K&K Pipe Cambodia សង្ឃឹមថា ក្រុមហ៊ុនទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមកក្នុងការនាំយកផលិតផលទាំងពីរទៅកាន់ទីផ្សារអន្តរជាតិ។
ស្របគ្នានេះដែរ លោក Matthew Redshaw ប្រធានក្រុមហ៊ុន Tiger Water Solutions បានមានប្រសាសន៍ថា លោករីករាយដែលបានចូលរួមជាមួយ K&K Pipe Cambodia ព្រមទាំងជឿជាក់ថា ក្រុមហ៊ុនទាំងពីរនឹងគាំទ្រគ្នាក្នុងការផ្តល់បច្ចេកវិទ្យាចុងក្រោយពីប្រទេសអូស្ត្រាលីចូលមកប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tiger Water Solutions ជាក្រុមហ៊ុនផលិតធុងទឹកតាមស្ដង់ដារបច្ចេកទេសរបស់ប្រទេសអូស្ត្រាលី និងចែកចាយនៅទូទាំងអាស៊ីអាគ្នេយ៍។ ក្រមហ៊ុននេះមានបទពិសោធន៍ផលិតធុងត្រងទឹកភ្លៀង ផ្គត់ផ្គង់សម្ភារៈទឹកស្អាត កសាងអាងស្តុកទឹក តបណ្តាញទឹក កសាងប្រព័ន្ធធារាសាស្ត្រ តភ្ជាប់បណ្តាញអគ្គីសនី ព្រមទាំងគ្រប់គ្រងកាកសំណល់តាមស្តង់ដារបច្ចេកទេសអន្តរជាតិ។
ចំណែកក្រុមហ៊ុន K&K Pipe Cambodia ជាក្រុមហ៊ុនផលិតបំពង់ PE និងប្រព័ន្ធបំពង់សម្រាប់ឧស្សាហកម្មទឹក ប្រព័ន្ធធារាសាស្រ្ត និងកម្មវិធីឧស្សាហកម្មផ្សេងៗទៀតនៅកម្ពុជា។ តាមរយៈបទពិសោធន៍ជាង២០ឆ្នាំ ក្រុមហ៊ុនយល់យ៉ាងច្បាស់ពីបញ្ហាប្រឈមដែលឧស្សាហកម្មទឹកបានជួបប្រទះ។ ក្រុមហ៊ុនបានធ្វើការងារលើវិស័យទឹកស្អាតយ៉ាងសកម្ម សហការជាមួយអតិថិជន និងឧស្សាហកម្មនានា ដើម្បីផ្តល់ដំណោះស្រាយទឹកស្អាត ទឹកសុវត្ថិភាព និងគំនិតច្នៃប្រឌិតថ្មីនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]