ខេត្តក្រចេះ៖ ទីបំផុត តុលាការសាលាដំបូងខេត្តក្រចេះ សម្រេចឃុំខ្លួន និងចោទប្រកាន់ លោក ទេព​ ហ៊ុយ ដែលជាមេប៉េអឹមក្រុងក្រចេះ និងបក្ខពួកហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តក្រចេះ។

បើតាមសេចក្តីប្រកាសព័ត៍មាននោះ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បុគ្គលឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ ៤២ឆ្នាំ​ ជាមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ ត្រូវបានតុលាការចោទប្រកាន់ចំនួន បីបទល្មើស៖ ១.ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ២.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ៣.គំរាមកំហែងថានឹងសម្លាប់ តាមបញ្ញតិ្តមាត្រា ២១១, ២១៩,២៣៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកឯ បក្ខពួកលោក ទេព ហ៊ុយ ឈ្មោះ គឹម សុវណ្ណវិទ្ធ ភេទប្រុស អាយុ ៤០ឆ្នាំ, ឈ្មោះ វុធ ភេទប្រុស ត្រូវបានតុលាការចោទប្រកាន់ពី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមបញ្ញត្តិមាត្រា ២១៩ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីទទួលបានសំណុំរឿងខាងលើ ចៅក្រមស៊ើបសួរបានចាត់ការតាមនិតិវិធី និងសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ និងបក្ខពួកខាងលើ តាមដីកាបង្គាប់ឱ្យឃុំខ្លួន នៅពន្ធនាគារខេត្តក្រចេះ ដើម្បីបន្តការស៊ើបសួរបន្ថែម។

សូមរំលឹកផងដែរថា លោកស្រី ឈិន សុខឃឿន ត្រូវជាម្តាយក្មេងស្រីរងគ្រោះ បានបញ្ជាក់ឱ្យដឹងថា លោកស្រីមានការតក់ស្លុតជាខ្លាំង ពេលដែលកូនស្រីដែលទើបមានអាយុ១២ឆ្នាំ ជាឈ្នួលបម្រើនៅផ្ទះលោក ទេព ហ៊ុយ ប្រាប់ថា លោក ទេព ហ៊ុយ បានបញ្ជាអោយកូនចៅប្រើអំពើហិង្សា យកកៅអីវាយក្បាល អោយដេកឱបផ្នូរសត្វឆ្កែ និង បង្ខំអោយស៊ីលាមកឆ្កែ ថែមទៀត គ្រាន់តែរឿងឆ្កែងាប់ ប៉ុណ្ណោះ ។

តាមប្រភពព័ត៍មាន ម្តាយក្មេងស្រីរងគ្រោះ បានបន្តថា មេប៉េអឹមក្រុងក្រចេះ លោក ទេព ហ៊ុយ បានយល់ព្រមបង់ប្រាក់ចំនួន២០លានរៀល ដើម្បីបញ្ចប់បញ្ហានេះ ។ លុះក្រោយមក លោក ហ៊ានផ្តល់អោយដល់ចំនួន២ម៉ឺនដុល្លារ តែលោកស្រីមិនព្រមទទួលនោះទេ ដោយបានប្តឹងផ្តល់រួចរាល់អស់ហើយ ។

ដោយឡែក ក្មេងស្រីរងគ្រោះវិញ និយាយថា មូលហេតុដែលនាងបានជ្រមុជសត្វឆ្កែដល់ងាប់ ព្រោះតែកូនស្រីពៅរបស់ លោក ទេព ហ៊ុយ ជេរប្រមាថ នាងថាពូជមីឆ្កែ។ ទាក់ទិននឹងរឿងនេះដែរ មហាជនជាច្រើន បានសំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាដកតួនាទី លោក ទេព ហ៊ុយ ដោយទង្វើរបស់លោក ទេព ហ៊ុយ និង បក្ខពួក ត្រូវបានគេចាត់ទុកថា ជាអំពើឃោរឃៅ អសីលធម៌ និង ថោកទាបបំផុត មិនសាកសមធ្វើជាកងកម្លាំងបម្រើប្រជាពលរដ្ឋ ទៀតឡើយ ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]