តម្រងនោមមានតួនាទីសំខាន់ណាស់ វាជួយក្នុងការផលិតអ័រម៉ូន ច្រោះនូវជាតិពុល និងកាកសំណល់តាមរយៈទឹកនោម និងធានាលំនឹងសារជាតិទឹកនៅក្នុងរាងកាយ។ ហេតុនេះហើយយើងត្រូវថែរក្សាសុខភាពតម្រងនោមឲ្យបានល្អ ប៉ុន្តែអាហារមួយចំនួនអាចមានផលប៉ះពាល់ដល់តម្រងនោម។ ខាងក្រោមនេះជាអាហារ ៧មុខអាចប៉ះពាល់ដល់តម្រងនោម៖
១. ផ្លែប៊ឺរ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយើងដឹងហើយថាផ្លែប៊ឺរត្រូវបានចាត់ទុកជាផ្លែឈើមួយដែលមាននូវសារធាតុចិញ្ចឹមជាច្រើន។ ប៉ុន្តែការញ៉ាំផ្លែប៊ឺរច្រើនអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម ជាពិសេសសម្រាប់អ្នកដែលមានជំងឺតម្រងនោមស្រាប់។ មូលហេតុមកពីផ្លែឈើនេះមានកម្រិតប៉ូតាស្យូមខ្ពស់។ ទោះបីជារាងកាយយើងត្រូវការសារជាតិរ៉ែ ប៉ុន្តែបើនៅក្នុងឈាមមានប៉ូតាស្យូមច្រើនពេកអាចបណ្តាលឲ្យមានអាការៈរមួលក្រពើ និងចង្វាក់បេះដូងមិនប្រក្រតី។
២. សាច់
ការទទួលទានសាច់ច្រើនពេកអាចធ្វើឲ្យតម្រងនោមមានបញ្ហាដោយសារតែប្រូតេអ៊ីនសត្វពិបាកក្នុងការរំលាយ។ អាហារណាដែលសម្បូរទៅដោយប្រូតេអ៊ីនសត្វអាចបង្កឲ្យមានគ្រួសក្នុងតម្រងនោម។ គ្រួសក្នុងតម្រងនោមជាទូទៅបង្កឡើងដោយសាច់ដែលមានជាតិ Purines ខ្ពស់ដែលជំរុញការផលិតអាស៊ីតអ៊ុយរិច។ គ្នាយើងមានបញ្ហាតម្រងនោមអាចញ៉ាំបន្លែ និងផ្លែឈើជំនួសដើម្បីទទួលបានជាតិប្រូតេអ៊ីនសម្រាប់រាងកាយ។
៣. អំបិល
របបអាហារដែលល្អចំពោះសុខភាពគួរមានសូដ្យូម ២៣០០មីលីក្រាម ដែលស្មើនឹងអំបិលមួយស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ។ ប្រសិនជាយើងទទួលទានអំបិលច្រើនពេក តម្រងនោមនឹងត្រូវធ្វើការធ្ងន់ក្នុងការកំចាត់បរិមាណលើសនៃសូដ្យូម ដូច្នេះតម្រងនោមនឹងទប់ជាតិទឹកដែលអាចបណ្ដាលសម្ពាធឈាមឡើងខ្ពស់។
ដើម្បីថែរក្សាសុខភាពតម្រងនោម សូមកាត់បន្ថយការទទួលទានអាហារដែលមានអំបិលច្រើនដូចជា អាហារកំប៉ុង និងភីហ្សាក្លាសេជាដើម។
៤. ផ្លែចេក
ប្រសិនជាយើងសង្ស័យថាខ្លួនមានបញ្ហាតម្រងនោម អាហារូបត្ថម្ភ និងរបបអាហារត្រឹមត្រូវគឺមានសារៈសំខាន់ណាស់ ហើយនឹងកាត់បន្ថយនូវអាហារមួយចំនួនដូចជាផ្លែចេកជាដើម។ ផ្លែចេកមានផ្ទុកសារធាតុប៉ូតាស្យូមច្រើនដែលអាចធ្វើឲ្យតម្រងនោមដំណើរការមិនត្រឹមត្រូវ។
សម្រាប់មនុស្សពេញវ័យក្នុងមួយថ្ងៃគួរបរិភោគអាហារដែលមានប៉ូតាស្យូម ៣៥០០-៤៧០០មីលីក្រាម ហើយផ្លែចេកមួយជាមធ្យមមានផ្ទុកប៉ូតាស្យូម ៥៣៧មីលីក្រាមទៅហើយ។ ប្រសិនយើងមានជំងឺតម្រងនោម គួរកាត់បន្ថយនូវការបរិភោគអាហារមានប៉ូតាស្យូម។
៥. ផលិតផលធ្វើពីទឹកដោះគោ
ទោះបីជាផលិតផលធ្វើពីទឹកដោះគោមានវីតាមីន និងសារធាតុចិញ្ចឹមច្រើនក៏ដោយ ការទទួលទានផលិតផលទាំងនេះច្រើនមានផលប៉ះពាល់ជាច្រើនដល់សុខភាព។ ផលិតផលទាំងនេះមានផ្ទុកនូវជាតិផូស្វ័រច្រើនដែលអាចប៉ះពាល់ដល់តម្រងនោម។ ម៉្យាងទៀត ប្រសិនជាតម្រងនោមដំណើរការមិនល្អ គឺមិនអាចកំចាត់នូវជាតិផូស្វ័រដែលលើសនៅក្នុងឈាមបានទេ និងអាចធ្វើឲ្យឆ្អឹងមានសភាពខ្សោយងាយនឹងបាក់។
៦. នំបុ័ងធ្វើពីស្រូវសាលី
នំបុ័ងធ្វើពីស្រូវសាលី គឺជាអាហារដែលមានសារធាតុចិញ្ចឹម ប៉ុន្តែការបរិភោគច្រើនអាចប៉ះពាល់តម្រងនោមកាន់តែខ្លាំងសម្រាប់អ្នកដែលមានជំងឺតម្រងនោមស្រាប់។ មូលហេតុគឺមកពីនៅក្នុងនំបុ័ងនេះមានបរិមាណជាតិផូស្វ័រ ៥៧មីលីក្រាម និងប៉ូតាស្យូម ៧០មីលីក្រាម បើប្រៀបធៀបទៅនឹងនំបុ័ងធម្មតាមានផ្ទុកផូស័្វរ និងប៉ូតាស្យូមត្រឹមតែ ២៥មីលីក្រាមសម្រាប់សារជាតិនីមួយៗ។
៧. ផ្លែក្រូច និងទឹកក្រូចប្របាច់
ផ្លែក្រូច និងទឹកក្រូចច្របាច់មិនត្រឹមតែមានកាឡូរីទាប និងសម្បូរទៅដោយវីតាមីន C នោះទេ តែវាក៏មានជាតិប៉ូតាស្យូមខ្ពស់ដែរ។ ជាមធ្យមផ្លែក្រូចមួយមានប៉ូតាស្យូម ២៤០មីលីក្រាម ចំណែកឯទឹកក្រូចច្របាច់អាចមាន ៤៧០មីលីក្រាម។ ដូច្នេះការទទួលទានផ្លែក្រូច និងទឹកក្រូចច្របាច់ត្រូវមានកម្រិត ជាពិសេសសម្រាប់អ្នកដែលមានតម្រងនោមដំណើរការមិនល្អ ព្រោះប្រសិនជាតម្រងនោមមិនអាចកំចាត់នូវប៉ូតាស្យូមដែលលើសក្នុងឈាមទេ នោះអាចនឹងប៉ះពាល់ដល់សុខភាពរបស់យើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]