ការ​ប្រែប្រួលអាកាសធាតុ​ គឺជា​ការ​គំរាមកំហែងដ៏​​​ធំធេង​​​ដែល​យើងទាំងអស់​គ្នា​ប្រឈម ហើយ​តម្រូវ​ការ​ឱ្យមាន​ការ​ចាត់វិធានការ​ ក៏កាន់តែ​​ក្លាយ​ជា​ការងារ​បន្ទាន់​ជារៀង​រាល់ថ្ងៃ។ ខណៈដែល​មេ​​ដឹក​នាំ​ពិភព​លោក អ្នកតស៊ូមតិ ក្រុម​អ្នក​ធ្វើ​ការងារពាក់​ព័ន្ធ​នឹង​​បរិស្ថាន និង​បុគ្គលផ្សេងៗទៀត ជួប​ប្រជុំ​នៅ​​ឯ​សន្និសីទស្តីពី​​ការ​ប្រែ​ប្រួល​​អាកាសធាតុ (COP26) នៅ​ទីក្រុង​ក្លាហ្គោ​នៅ​សប្តាហ៍​នេះ យើង​ចង់​​​ឃើញ​​មាន​ការ​ចាត់​វិធានការ​​​យ៉ាង​មុះ​មុត និងការ​ប្តេជ្ញាចិត្ត​នានា ​ដើម្បី​សម្រេច​ឲ្យបាន​នូវទិសដៅ​​ទប់ស្កាត់ការ​​ឡើង​កម្ដៅ​ភពផែនដីមិនឲ្យលើសពី១,៥​អង្សាសេ។

ក្រុមហ៊ុន Meta ដែល​កន្លង​មកមានឈ្មោះថា Facebook ក៏​នឹង​ដើរ​តួនាទីរបស់ខ្លួន​​ផង​ដែរ។ ក្នុងនាមជា​ក្រុមហ៊ុន​លំដាប់ពិភព​លោក​មួយ​ដែល​ភ្ជាប់ទំនាក់ទំនង​មនុស្ស​ជាង ៣ពាន់​លាននាក់​ជា​រៀង​រាល់​ខែ យើង​មាន​ឱកាស​ និងមាន​ការ​ទទួលខុស​ត្រូវ​លើ​ការ​ធ្វើ​ឱ្យមានការ​ផ្លាស់ប្តូរ​​ពិត​ប្រាកដ​មួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការងារ​នេះ​ចាប់ផ្តើមពី​យើងផ្ទាល់​មុន​គេ​។ ដោយ​ចាប់​ផ្តើម​កាល​ពីឆ្នាំមុន យើង​សម្រេច​បាន​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​សូន្យ​សម្រាប់​ប្រតិបត្តិការ​ពិភពលោក​របស់​យើង ហើយ​យើង​បានប្រើប្រាស់​​ថាមពល​កកើត​​​ឡើង​វិញ ១០០%។ យើង​បាន​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​របស់យើងបាន​ ៩៤% គិត​ចាប់ពីឆ្នាំ​២០១៧ មក យើងបានវិនិយោគគ្រប់គ្រាន់ទៅលើ​ថាមពល​ពីកម្លាំង​ខ្យល់ និង​ពី​ពន្លឺ​ព្រះ​អាទិត្យ ដើម្បី​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​របស់​យើង​ទាំង​អស់ ហើយ​យើង​គាំទ្រ​គម្រោង​នានា​ដែល​លុប​បំបាត់​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ចេញ​ពី​បរិយាកាស។ យើង​ក៏​បាន​កំណត់​គោលដៅ​ប្រកប​ដោយ​មហិច្ឆិតា​ ផងដែរ​សម្រាប់​ក្រុមហ៊ុន​ផ្គត់​ផ្គង់​របស់យើង​ ដើម្បី​ឱ្យមានការ​បញ្ចេញកាបូន​សូន្យ និង​កំណត់​គោលដៅ​​សម្រាប់​​​ប្រតិបត្តិការ​ចំនួន៤​ របស់​យើងដើម្បី​ធ្វើ​ប្រព្រឹត្តិកម្ម​ទឹកសម្រាប់​ប្រើប្រាស់​ឡើងវិញ​​ឱ្យបាន​ចំនួនលើសពីបរិមាណ​ដែលយើង​ប្រើប្រាស់​នៅត្រឹម​ឆ្នាំ​២០៣០។

ប៉ុន្តែ​ការងារ​ប៉ុណ្ណេះ​នៅមិនទាន់គ្រប់គ្រាន់​នៅឡើយទេ។ ក្រុមហ៊ុន​បណ្តាញ​ទំនាក់ទំនងសង្គម​​​មាន​អំណាច​ក្នុងការ​ធ្វើ​ឱ្យ​មនុស្ស​ផ្សារ​ភ្ជាប់ទំនាក់ទំនង​គ្នា​​ទៅវិញទៅមក ដើម្បី​បង្កើត​ឱ្យមាន​ការ​ផ្លាស់​ប្តូរវិជ្ជមាន​ បន្លឺសំលេងរបស់ជនដែលគេមិនយកចិត្តទុកដាក់ និង​ចែករំលែក​ព័ត៌មាន​ដ៏មាន​ឥទ្ធិពល។ ជា​រៀង​រាល់​ថ្ងៃយើង​មើលឃើញ​មនុស្ស​ប្រើ​ប្រាស់​សេវា​របស់​យើង ដើម្បីបង្កើន​ការ​យល់ដឹង រៀប​ចំ​វិធានការ និង​បញ្ចេញ​សំឡេង​​​​របស់​ពួកគេ​​​អំពី​បញ្ហា​ជាច្រើនពាក់​ព័ន្ធ​នឹង​បរិស្ថាន​។ យើង​ចង់​ធ្វើ​ការងារ​​​​របស់​យើង​តាមរយៈការ​ជួយ​​មនុស្ស​ឱ្យ​ស្វែង​រក​ព័ត៌មាន​​ដែលត្រឹមត្រូវ និងផ្អែកលើវិទ្យាសាស្រ្ត ​ក៏ដូចជា​​ដោះ​ស្រាយ​បញ្ហា​ព័ត៌មាន​មិនពិតផងដែរ។

លើកកម្ពស់ព័ត៌មានអំពីអាកាសធាតុដែលអាចជឿទុកចិត្តបាន

កាលពី​ឆ្នាំមុន យើងបានដាក់ដំណើរការ​មជ្ឈមណ្ឌល​វិទ្យាសាស្រ្ត​អាកាសធាតុ​នៅលើ Facebook ដើម្បី​បង្ហាញ​ជូន​អ្នក​ប្រើប្រាស់​នូវ​​​ធនធាន​ពិត​ប្រាកដ​ ដែល​ទទួល​បាន​ពី​អង្គការ​​ពាក់​ព័ន្ធ​នឹង​អាកាស​ធាតុ​​ឈាន​មុខ​គេ​នានា​នៅក្នុងពិភព​លោក ដូច​ជា​ក្រុមការងារ​អន្តរ​រដ្ឋាភិបាល​ស្តីពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ អង្គការ​កម្មវិធី​បរិស្ថាន​សហ​ប្រជាជាតិ និង​​អង្គការ​ជាង ២០០​​ផ្សេង​ទៀត។ អង្គការទាំង​នេះ​ក៏អាច​​ស្វែង​រក​វិធានការ​​ដែល​ពួកគេ​អាច​ធ្វើ​បាន​​​​នៅក្នុង​ការងារ​​ផ្ទាល់​របស់​ពួកគេ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ប្រែ​ប្រួល​អាកាសធាតុ​។ សព្វ​ថ្ងៃ​នេះ យើង​កំពុង​ចាប់​ផ្តើម​ពង្រីក​មជ្ឈមណ្ឌល​នេះ​ទៅ​កាន់​ប្រទេស​ជាង ១០០ រួមទាំង​កម្ពុជា​ផងដែរ។

យើង​ក៏​កំពុង​ប​ន្ថែម​ផ្នែក​ថ្មីមួយផងដែរ ​ដែល​បង្ហាញការ​បញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់​របស់​ប្រទេស​នានា​ ធៀប​​នឹង​ការ​​ប្តេជ្ញា​ចិត្ត​ និង​ទិសដៅ​របស់ប្រទេស​ទាំង​នោះ​ ដូច្នេះ​អ្នក​ប្រើប្រាស់​អាច​មាន​ការ​ស្វែង​យល់​កាន់​តែ​ប្រសើរ​ថា​​តើ​ប្រទេស​របស់​ពួកគេ​សព្វ​ថ្ងៃ​ស្ថិត​នៅចំណុច​ណា និង​ថាតើមានអ្វី​​​ដែលចាំបាច់ត្រូវ​ធ្វើ​បន្ថែម​ទៀត។

ការដោះស្រាយបញ្ហា​​​ព័ត៌មានមិនពិតអំពីអាកាសធាតុ

យើង​មានការ​ទទួល​ខុស​ត្រូវ​លើការ​ដោះស្រាយ​បញ្ហា​ព័ត៌មាន​មិនពិត​អំពី​អាកាសធាតុ​នៅលើ​សេវា​របស់​​យើង ដែល​នេះគឺជា​មូលហេតុ​ដែល​យើង​ធ្វើការងារ​ជាមួយ​ស្ថាប័ន​ផ្ទៀង​ផ្ទាត់​ការ​ពិត (fact-checking) ​ឯករាជ្យ​ជាង ៨០​ស្ថាប័ន​នៅជុំវិញ​ពិភពលោក​ដើម្បី​ពិនិត្យ​មើល​ និង​ផ្តល់​ចំណាត់​ថ្នាក់​​មាតិកា រួមទាំង​មាតិកា​អំពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​ផងដែរ។ នៅពេល​ស្ថាប័ន​ទាំង​នេះ​ផ្តល់​ចំណាត់​​ថ្នាក់​មាតិកា​​​​​មួយ​ថា​ជា​មាតិកា​ក្លែងក្លាយ យើង​កាត់​បន្ថយ​ការ​ចែកចាយ​របស់​មាតិកា​នោះ​ ដូច្នេះ​មនុស្ស​កាន់តែ​តិច​នឹងមើល​ឃើញ​មាតិកា​នោះ ហើ​យ​យើង​នឹងបង្ហាញ​បម្រាម​មួយ ​ដែលមានពន្យល់ព័ត៌មាន​បន្ថែមអំពីមាតិកានោះ។ ហើយ​​យើង​​ដាក់​ពិន័យដល់​អ្នក​ដែល​នៅតែ​ចែករំលែក​ព័ត៌មាន​មិន​ពិត​។

ការចាត់វិធានការលើការប្រែប្រួលអាកាសធាតុ

កម្មវិធី Messenger កំពុង​គាំទ្រដល់​​អង្គការសហ​ប្រជាជាតិ​តាមរយៈ​ការ​លើក​ទឹកចិត្ត​ឱ្យ​មានការ​សន្ទនា​អំពី​ការ​ប្រែ​ប្រួលអាកាសធាតុ និង​ការ​ជួយ​មនុស្ស​ឱ្យ​ចាត់វិធានការ។ ដោយមានជំនួយពី Spectrm អង្គការ​សហ​ប្រជាជាតិ​​នឹង​ដាក់​ដំណើរការ​កម្មវិធី​ជជែក​កម្សាន្ត ActNow​ របស់​ខ្លួនក្នុង​ពេល​ឆាប់ៗ​នេះ​​ដែល​កម្មវិធីនេះ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាពថ្មី ដោយ​មាន​វិធានការ​​ថ្មី​ចំនួន​១០ ដែល​អ្នកអាច​យកមកអនុវត្តបាន​ដើម្បីប្រយុទ្ធ​ប្រឆាំ​ងនឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ។ កម្មវិធីនេះ​អាច​រកបាន​នៅលើ​កម្មវិធី Messenger កម្មវិធី Instagram និង​នៅលើ​គេហ​ទំព័រ​​របស់អង្គការ​ស​ហ​ប្រជាជាតិ

ការចែករំលែកព័ត៌មានវិទ្យាសាស្រ្តអំពីអាកាសធាតុក្នុងន្និសីទ COP26

ក្នុង​អំឡុង​សនិ្នសីទ COP26 នៅ​ទីក្រុង​ក្លាហ្គោ យើង​នឹងមានការ​ចែករំលែក​ព័ត៌មាន​ពី​​អ្នក​ជំនាញ និង​អ្នក​វិទ្យាសាស្រ្ត​​នៅ​ក្នុង​​​​​មាតិកា​ថ្មី​ដែលត្រូវបានបង្កើត​ឡើង​ដើម្បី​ជូនដំណឹង​ និង​ជំរុញ​ឱ្យមានការ​​ចាត់​វិធានការ។ យើង​មាន​ស្ទូឌីយោ​ផ្សាយ​ផ្ទាល់​មួយ​នៅឯសន្និសីទ​នោះ ដែល​យើង​នឹង​រៀបចំ​កិច្ចសន្ទនា​​​​ជា​ច្រើនភាគពី​ស្ទូឌីយោ​នោះ ដោយ​មានការ​ចូលរួម​ពី​​ក្រុម​អ្នកជំនាញនិង​អ្នកវិទ្យាសាស្រ្ត​ល្បី​ឈ្មោះ​​​ខាង​ផ្នែក​​​ប្រែ​ប្រួលអាកាសធាតុ។ យើង​នឹង​ដាក់​ដំណើរ​ការ​ Podcast ជាស៊េរី​ថ្មីមួយ ​ហៅថា Climate Talks ដែល​រៀបចំ​ដោយ Sophia Li។ យើង​នឹង​ផ្សាយ​ផ្ទាល់​កិច្ចសន្ទនា Say It With Science នៅលើ​ការ​ផ្សាយ​​ផ្ទាល់ Facebook ដែល​​​បកស្រាយអំពីបញ្ហា​សុខភាព និង​ការ​ប្រែ​ប្រួល​អាកាសធាតុ។ នៅលើ @instagram យើង​បាន​ដាក់​ដំណើរ​ការ​​បទវិចារណកថា​ជាច្រើនភាគ ​ក្រោម​ប្រធាន​បទ “ផែនដីរបស់​យើង​ស្ថិតក្នុង​វិបត្តិ” ដែល​និយាយ​អំពី​រឿង​រ៉ាវ​របស់​សកម្មជន និង​ស្ថាប័ន​​​ដែល​​ធ្វើការងារលើការ​​​បង្កើនការ​យល់ដឹង និង​ការ​ផ្តល់​អំណាច​ដល់​អ្នក​​ដទៃ​​ឱ្យ​ចាត់​វិធានការ​នៅក្នុង​សហគមន៍​​មូលដ្ឋាន​របស់​ពួកគេ។

មាន​វិធានការ​មួយ​ចំនួនដែល​យើង​កំពុង​ធ្វើ​ក្នុង​នាមជាក្រុមហ៊ុន​និង​ភ្លែតហ្វម​មួយ ដើម្បី​ព្យាយាម ​ធ្វើ​​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ប្រកប​ដោយ​វិជ្ជមាន។ គោលដៅ​របស់​យើង​មិន​ត្រឹម​តែ​ក្លាយជាក្រុមហ៊ុន​ដែល​មាន​និរន្តរភាព​បំផុតមួយ​នោះទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឱ្យ​មានភាព​កាន់តែ​ងាយ​ស្រួល​​សម្រាប់​អ្នក​ប្រើប្រាស់ និងនិយោជិត​របស់​យើង​ផងដែរ។ ប្រសិនបើ​យើង​ទាំងអស់គ្នា​បំពេញកាតព្វកិច្ច​រៀង​ៗ​ខ្លួន​របស់​យើង រាប់​ចាប់​ពី​មេដឹកនាំពិភពលោក រដ្ឋាភិបាល រហូត​ដល់​ក្រុមហ៊ុន​ឯកជន និង​បុគ្គលម្នាក់ៗ យើងអាច​ងើបឈរ​ឡើង​ដើម្បី​​តតាំង​នឹង​បញ្ហា​នេះ​រួម​គ្នា​បាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]