រាជធានីភ្នំពេញ ៖ ចោរស្ទាវ២នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន នៅក្នុងយានដ្ឋានជួសជុលរថយន្តមួយ ក្រោយសាលាដំបូងរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយដេញប៉ផាប់ចាប់ពភីង បន្ទាប់ពីពួកគេបានឆក់កាបូបពីនិស្សិតស្រីម្នាក់ ដែលកំពុងជិះម៉ូតូចេញសាលារៀនធ្វើ ដំណើរឆ្ពោះទៅផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៥និង១៥នាទី ថ្ងៃទី១៨ សីហា ២០១៣ ។

ជនជាប់សង្ស័យ២នាក់ដែលចាប់ខ្លួនបាន ១-ឈ្មោះអ៊ុន សុគន្ធវិជ្ជា អាយុ២០ឆ្នាំ ជានិស្សិត ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ជាអ្នកដៃដល់ក្នុងការឆក់កាបូប ២-ឈ្មោះរិទ្ធ ប៊ុនមីនា អាយុ១៦ឆ្នាំ ជាសិស្សចិន ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ជាអ្នកបើកម៉ូតូក្នុងសកម្មភាពឆក់កាបូប ។

នារីវ័យក្មេងម្ចាស់កាបូបឈ្មោះយន់ សុគន្ធា អាយុ២៣ឆ្នាំ ជានិស្សិត ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានឱ្យដឹងថា មុនពេលកើតហេតុនាងត្រូវបានប្អូនប្រុសមកឌុប ចេញពីសាកលវិទ្យាមួយធ្វើដំណើរទៅផ្ទះ លុះទៅដល់មុខសាលាចិនឈុងជឹង ស្រាប់តែជនស្ទាវ២នាក់នោះ ឆក់កាបូបពីរូបនាងតែម្តង ហើយពួកគេបានជិះម៉ូតូរត់គេចខ្លួន ទៅតាមផ្លូវព្រះសីហនុបាត់ទៅ ។

មន្ត្រីប៉ូលិសបានឱ្យដឹងថា ជនជាប់សង្ស័យស្ទាវ២នាក់នេះ បានគេចចេញពីផ្លូវព្រះសីហនុ បត់ត្រឡប់មកម្តុំអាងទឹកអូឡាំពិក ហើយដួលម៉ូតូនៅមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់មកពួកគេបានរត់ចូលទៅក្នុងយាន ដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតនៅក្រោយសាលាដំបូង ហើយត្រូវកម្លាំងប៉ូលិសព័ទ្ធចាប់បានតែម្តង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]