ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានកំណត់មុខទំនិញចំនួន១០មុខ ដែលមានសក្ដានុពលនាំចេញទៅចិន ជាពិសេសទាញយកអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ជាការពិតណាស់ ទំនិញទាំងនោះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៥ វិច្ឆិកា បានពិភាក្សាជាមួយវិស័យឯកជន ក្នុងគោលបំណង ពង្រឹងសមត្ថភាពវិស័យពាក់ព័ន្ធ សំដៅទាញយកផលប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាហត្ថលេខី ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្រុមការងារក្រសួងបានកំណត់មុខទំនិញចំនួន ១០មុខ ដែលមានសក្ដានុពល ត្រូវបង្កើនការផលិត និងការនាំចេញ រួមមាន៖ ស្រូវ អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា ទំនិញទាំង១០មុខនេះ គឺផ្ដោតតែលើការចេញទៅកាន់ប្រទេសចិនប៉ុណ្ណោះ។ បើតាមលោក ស៊ាង ថៃ ក្រសួងមិនទាន់កំណត់មុខទំនិញណាមួយបន្ថែមទៀតថា មានសក្ដានុពលក្រៅពីមុខទំនិញទាំងនេះឡើយ។
លោកនិយាយថា៖ «ក្នុងឯកសារសិក្សា ក្រុមការងារបានចែកទំនិញជា ៣ប្រភេទ ហើយស្រង់ទំនិញជាង ១០០ មុខ។ កិច្ចប្រជុំជ្រើសរើសទំនិញ ១០មុខខាងលើ (Tentative) ថាជាទំនិញសក្ដានុពលក្នុងកញ្ចប់ទី១ ដែលកម្ពុជាគួរមានវិធានការជំរុញតាមរបៀបមុតស្រួច ហើយជំហានបន្ទាប់នឹងពិនិត្យពិចារណាបន្ថែមទៀត»។
លោក ងួន ឡាយ ប្រធានសមាគមន៍លើកកម្ពស់ម្រេចកំពត ថ្លែងថា លោកស្វាគមន៍លើគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការកំណត់យកមុខទំនិញ ដែលកម្ពុជា មានលទ្ធភាពខ្ពស់ក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។ លោក អះអាងថា សមាគមន៍លោកនឹងបង្កើនការប្រមូលផលម្រេចឱ្យកើនឡើងទ្វេរដង។
លោក និយាយថា៖ «ម្រេចកំពតយើងអត់បញ្ហាទេរឿងស្តង់ដាគុណភាព ព្រោះយើងបានសម្រិតសម្រាំងយូហើយ»។
លោកអួន ស៊ីឡុត ប្រធានសមាគមន៍ស្វាយចន្ទីកម្ពុជាថ្លែងថា លោកចង់ឃើញក្រសួងពាណិជ្ជកម្មកៀរគរវិនិយោគិនបន្ថែមទៀត ដើម្បីវិនិយោគដំណាំស្វាយចន្ទីនៅកម្ពុជា។
«រដ្ឋាភិបាលទាញវិនិយោគិនមកសាងសង់រោងចក្រនៅកម្ពុជា ព្រោះកម្ពុជាផលិតស្វាយចន្ទីធំបំផុតលើលោក។ ដើម្បីផ្ដល់ឱកាសដល់កសិករ និងផ្ដល់ការងារដល់ពលករ កាត់បន្ថយពលករចំណាកស្រុក»។ នេះបើតាមប្រធានសមាគមន៍ស្វាយចន្ទីកម្ពុជា។
លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ មានប្រសាសន៍ថា ក្រៅពីទំនិញទាំង១០មុខនេះ កម្ពុជាក៏នៅមានទំនិញសក្ដានុពលផ្សេងទៀតដូចជា ទុរេន និងផ្លែបឺរ សម្រាប់ការនាំចេញផងដែរ។
ទោះយ៉ាងណាក៏ដោយលោក សុផល បានអះអាងថា តម្លៃអគ្គិសនី និងការដឹកជញ្ជូនខ្ពស់ នាំឱ្យការកែច្នៃកសិផលដើម្បីនាំចេញ ទំនងជួបប្រទះឧបសគ្គច្រើន។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗថា អំឡុងពេលនេះ ការនាំចេញទំនិញគឺអាស្រ័យលើអ្វីដែលកម្ពុជាមានប៉ុណ្ណោះ។
លោក មានប្រសាសន៍ថា៖ «គឺមានច្រើនមុខប៉ុន្តែក្នុងចំណោមច្រើនមុខនេះ ចំពោះមុខយើងនឹងពិនិត្យពិចារណាលើការជូនដំណឹង ជូនសាធារណជនដែរយើងផ្ដើតលើអ្វីដែរយើងគិតថាលទ្ធភាព អាទិភាពរបស់កម្ពុជាយើងក្នុងការនាំចេញ ដូចជាមុខទំនិញដែរទាក់ទងនឹងវិស័យកសិកម្ម មុខទំនិញយើងដែរមានស្រាប់»៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]