ខួរក្បាល មួយថ្ងៃៗធ្វើការងារច្រើនម៉ោងណាស់ ហេតុនេះគួរតែប៉ូវ និងឲ្យខួរក្បាលសម្រាកខ្លះផង ដើម្បីជួយពង្រឹងស្មារតី ពិសេសផ្ចង់អារម្មណ៍លើការងារតែម្តង។ វិធីប៉ូវខួរក្បាលឲ្យមានថាមពលខ្លាំងក្លា ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញមានក្នុងប្រភេទចំណីអាហារមួយចំនួន ជួយខួរក្បាលដំណើរការដល់កំពូល ហេតុនេះ “Hello គ្រូពេទ្យ” នឹងណែនាំពីអាហារ ១០ប្រភេទ ល្អបំផុតសម្រាប់សុខភាពខួរក្បាល។
១- ទឹក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទឹក ជាសារធាតុដ៏សំខាន់សម្រាប់មនុស្ស ព្រោះ ៧០% នៃខ្លួនប្រាណយើង គឺជាទឹក ដូចនេះញ៉ាំទឹកឲ្យបានយ៉ាងតិច ២លីត្រ/ថ្ងៃ ប៉ុន្តែអ្នកខ្លះ នៅតែមិនអាចផឹកតាមការណែនាំនេះនៅឡើយ។ គ្រប់មុខងារក្នុងរាងកាយ អាចដំណើរការទៅបាន អាស្រ័យលើទឹកនេះឯង បើនិយាយពីគ្រឿងយន្តវិញ ប្រៀបបានទៅនឹងប្រេងម៉ាស៊ីនអញ្ចឹង បើមិនផឹកដើម្បីបង្គ្រប់ជាតិទឹកដែលបាត់បង់ទេ ខ្លួនប្រាណពិសេសខួរក្បាល នឹងជួបបញ្ហាមួយចំនួន ដូចជា អស់កម្លាំង ឈឺក្បាល ជាដើម។ ហេតុនេះ ត្រូវញ៉ាំទឹកឲ្យគ្រប់គ្រាន់ ដើម្បីឲ្យរាងកាយ និងខួរក្បាល ធ្វើការបានល្អ យើងនឹងទទួលបានលទ្ធផលការងារប្រសើរដូចគ្នា។
២- ត្រីសាល់ម៉ុន
សាច់ត្រីសាល់ម៉ុន សម្បូរទៅអាស៊ីដខ្លាញ់អូមេហ្គា ៣ មានដូចជា EPA (Eicosapentaenoic acid) និង DHA (Docosahexaenoic acid) ជាដើម។ សារធាតុទាំងពីរមុខនេះ ជាអាស៊ីដខ្លាញ់មានក្នុងខួរក្បាល ខណៈការសិក្សាជាច្រើន បង្ហាញថា អូមេហ្គា៣ ផ្តល់ប្រយោជន៍យ៉ាងច្រើនចំពោះខួរក្បាល ការពារខួរក្បាល និងប្រឆាំងការរលាក។ បើខ្វះសារធាតុ DHA វិញ នឹងធ្វើឲ្យប្រឈមមានជំងឺ Alzheimer (ប្រភេទជំងឺវង្វេងវង្វាន់) និងបាត់បង់ការចងចាំ។
ការសិក្សាថ្មីៗមួយចំនួនបង្ហាញថា អាស៊ីដខ្លាញ់អូមេហ្គា ៣ ក៏ជួយដល់សុខភាពផ្លូវចិត្តផងដែរ ដោយជារួម ញ៉ាំត្រីសាល់ម៉ុន មិនត្រឹមតែជួយដល់សុខភាពខួរក្បាលប៉ុណ្ណោះទេ ថែមទាំងជួយឲ្យយើងរីករាយទៀតផង។
៣- ផ្លែប៊ើរី និងអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម
ពពួកផ្លែប៊ើរី សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម អាចការពារខួរក្បាល និងបង្កើនការចងចាំ ជួយបង្កើនថាមពលដើម្បីបំពេញការងារប្រចាំថ្ងៃយើងបាន។ ពពួកប៊ើរី រួមមាន ស្រ្តប៊ើរី ប្លូប៊ើរី មូលប៊ើរី (Mulberries) និងផ្លែឈើរី សុទ្ធតែជួយការពារកុំឲ្យមាន ជំងឺ Alzheimer និងជំងឺ Parkinson នៅពេលអនាគតផងដែរ។ ជាលទ្ធផល ប៊ើរីកាន់តែខ្មៅ កាន់តែសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម នេះមានន័យថា កាន់តែសម្បូរសារធាតុជួយឲ្យធ្វើការបានល្អកាន់តែច្រើន។
៤- ផ្លែប៊ើរ
ពេលនឹកឃ្លានអាហារសម្រន់លើកក្រោយ គួរសាកញ៉ាំផ្លែប៊ើរក្រឡុក ព្រោះផ្លែប៊ើរ សម្បូរទៅដោយពពួកអាស៊ីដខ្លាញ់ ហៅថា អូឡេអ៊ិក អាស៊ីដ (Oleic acid) ជួយបង្កើនមុខងារខួរក្បាល បង្កើតស្រទាប់ស្រោបកោសិកាខួរក្បាល ហើយត្រូវបានគេហៅថា Myelin។ អាស៊ីដប្រភេទនេះ ជួយឲ្យពត៌មានក្នុងប្រព័ន្ធសរសៃប្រសាទដំណើរការបានលឿន រហូតដល់ប្រមាណ ៣២០គីឡូម៉ែត្រ ក្នុងមួយម៉ោងឯណោះ។ នៅពេលកោសិកាសរសៃប្រសាទ (Neuron) គ្មានស្រទាប់ស្រោប (Myelin) នឹងធ្វើឲ្យដំណើរការខួរក្បាលចុះខ្សោយ។ ក៏មានអាហារផ្សេងទៀត មានផ្ទុក Oleic acid ដូចជា គ្រាប់អាល់ម៉ុន និងគ្រាប់ធញ្ញជាតិមួយចំនួនទៀត។
៥- គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ
គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ សម្បូរទៅដោយវីតាមីន E និងពពួកខ្លាញ់ ដោយការសិក្សាជាច្រើនបង្ហាញថា គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើអាចជួយឲ្យខួរក្បាលមានថាមពល និងជួយឲ្យអារម្មណ៍ល្អ។ គ្នាយើងគួរញ៉ាំគ្រាប់ធញ្ញជាតិឲ្យប្រមាន ២៨ ក្រាម/ថ្ងៃ ដូចជាពពួក Walnuts, Hazelnuts, Brazil nuts, Filberts គ្រាប់អាល់ម៉ុន សណ្តែកដី គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ងរ និងពពួកផលិតផលច្នៃពីគ្រាប់ធញ្ញជាតិមួយចំនួនទៀត។ ទោះជាគ្រាប់ធញ្ញាឆៅ ឬឆ្អិន ក៏មិនជាបញ្ហានោះទេ ហើយបើយើងតមប្រៃ គួរជ្រើសរើសយកពពួកមិនមានអំបិល។
៦- ផ្លែចេក
ចេក ជាអាហារផ្តល់ថាមពល និងមានតម្លៃសមរម្យ ហើយទោះទំហំវាមិនធំបន្តិចក៏ដោយ តែអាចផ្តល់ថាមពលឲ្យយើងធ្វើការ ក៏ដូចជាហាត់ប្រាណបានជាច្រើនម៉ោង ព្រោះក្នុងផ្លែចេញ មានផ្ទុកជាតិស្ករគ្លុយកូសច្រើន នឹងបម្លែងជាថាមពលដល់រាងកាយយើង។ លើសពីនេះទៀត ចេក ល្អជាងអាហារសម្រន់ផ្សេងៗសម្បូតដោយជាតិស្ករ និងខ្លាញ់។
៧- សូកូឡា
បើគ្នាយើងចូលចិត្តសូកូឡាខ្មៅ យើងច្បាស់ជាមានអារម្មណ៍រីករាយខ្លាំង ពេលដឹងថា វាក៏ជួយដល់ខួរក្បាលនោះ។ មានការសិក្សាមួយបង្ហាញថា ក្រោយពេលញ៉ាំកាកាវ (ទម្រង់ដើមសូកូឡាខ្មៅ) ៥ ថ្ងៃជាប់គ្នា បានជួយដល់លំហូរឈាមទៅកាន់ខួរក្បាល នាំអុកស៊ីហ្សែនទៅខួរក្បាលបានច្រើនជាងមុន អាចឲ្យខួរក្បាលធ្វើការបានល្អជាងមុនដែរ។ សូកូឡាខ្មៅ ក៏សម្បូរសារធាតុ Flavonoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយសារធាតុនេះ ក៏ជួយសម្រួលអារម្មណ៍ដូចគ្នា។ ដូចនេះ ពេលញ៉ាំសូកូឡាលើកក្រោយ កុំបាច់ស្ទាក់ស្ទើរទេ ព្រោះយើងកំពុងតែបំប៉នខួរក្បាលហើយ។
៨- ស្ពៃពួយឡេង
ពពួកស្ពៃនេះ សម្បូរទៅដោយសារធាតុអាស៊ីដ Folate (វីតាមីន B9) និងវីតាមីន K ដែលសុទ្ធសឹងជាវីតាមីនចាំបាច់សម្រាប់ខួរក្បាលយើង។ Folate ជាវីតាមីន B9 ជួយការពារកោសិកាសរសៃប្រសាទ (Neuron) កុំឲ្យឆាប់ខូចខាត។ មានន័យថា ជួយការពារកុំឲ្យមានការយឺតយ៉ាវ បញ្ជូនពត៌មានទៅកាន់ខួរក្បាល។ ឯវីតាមីន K វិញ ជំនួយដល់ការចងចាំ និងសកម្មភាពខួរក្បាល អាចជួយបន្ថយអាការៈវង្វេងលើមនុស្សចាស់ ជួយការពារជំងឺ Alzheimer ទៀតផង។ គុណប្រយោជន៍មួយទៀត គឺជួយបន្សាបជាតិពុលក្នុងថ្លើម មានន័យថា ជួយសម្អាតជាតិពុលក្នុងឈាមផង និងជួយឲ្យខួរក្បាលមានសុខភាពល្អ។ មានបន្លែស្លឹកផ្សេងទៀត ជំនួយដល់ខួរក្បាល ដូចជា ខាត់ណា និងពពួកសលាដមួយចំនួន ហេតុនេះគួរញ៉ាំបន្លែឲ្យបានញឹកញាប់ ដើម្បីសុខភាពខួរក្បាល។
៩- ឆៃថាវក្រហម (Beets)
ញ៉ាំឆៃថាវក្រហម ជាវិធីបំប៉នខួរក្បាលម្យ៉ាងទៀត ដោយការសិក្សាជាច្រើន បានបង្ហាញថាសារធាតុនីដ្រាតពីធម្មជាតិ មានក្នុងឆៃថាវក្រហមអាចជួយឲ្យឈាមរត់ទៅកាន់ខួរក្បាលបានល្អ ជួយពង្រឹងសុខភាពផ្លូវចិត្ត។ អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រខួរក្បាល Translational Science Center របស់អាមេរិក រកឃើញថា មនុស្សចាស់ញ៉ាំឆៃថាវក្រហមក្នុងកម្រិតត្រឹមត្រូវជារៀងរាល់ថ្ងៃ ជួយឲ្យឈាមទៅកាន់ខួរក្បាលបានល្អ ពិសេសផ្នែកពាក់ព័ន្ធនឹងការចង់ចាំ។ បើគ្នាយើង មិនចូលចិត្តរសជាតិទឹកឆៃថាវក្រហម អាចប្តូរមកញ៉ាំជាបន្លែក្នុងម្ហូបអាហារបាន អាចដាក់ក្នុងញាំបន្លែ ឬស្ងោរក៏បាន។
១០- ពពួកអង្ករសម្រូប
មិនខុសគ្នាពីសរីរាង្គផ្សេងៗ ខួរក្បាលមិនអាចធ្វើការបានដោយគ្មានថាមពលនោះទេ។ ការផ្តោតអារម្មណ៍ យកចិត្តទុកដាក់ អាចធ្វើទៅបានដោយសារតែមានថាមពលគ្រប់គ្រាន់ និងតុល្យភាពទម្រង់ជាតិស្ករគ្លុយកូសក្នុងឈាម។ អាហារប្រភេទនេះ ល្អចំពោះការផ្គត់ផ្គង់ជាតិស្ករក្នុងឈាម ដោយសារវាមានអត្រាស្រូប និងបំបែកយឺត អាចឲ្យយើងកំណត់ពីកម្រិតជាតិស្ករបានល្អ។ ដូចនេះ គួរជ្រើសរើស ពពួក Cereal អង្ករសម្រូប នំប៉័ងពណ៌ត្នោត និងមីអ៊ីតាលីពណ៌ត្នោត សម្រាប់របបអាហារយើង។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]