ជំងឺប៉ាគីនសិន (Parkinson’s disease) ជាជំងឺប្រព័ន្ធប្រសាទដែលប៉ះពាល់ដល់សមត្ថភាពគ្រប់គ្រងចលនារបស់យើង។ ជំងឺនេះច្រើនកើតលើមនុស្សវ័យចំណាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ និងកើតលើបុរសច្រើនជាងស្រ្តី។ តើអាការៈជំងឺប៉ាគីនសិនមានអ្វីខ្លះ?
អាការៈជំងឺប៉ាគីនសិនមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សវ័យចំណាស់ម្នាក់ទៀត យ៉ាងណាមិញអាការៈជំងឺទូទៅមួយចំនួនមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ញ័រ
អ្នកជំងឺចាប់ផ្តើមញ័រប្រអប់ដៃ ដៃ ថ្គាម ឬប្រអប់ជើង។ ជាធម្មតានៅដំណាក់កាលដំបូង អ្នកជំងឺញ័រតែនៅរាងកាយ ឬអវយវៈម្ខាងប៉ុណ្ណោះ។ នៅពេលដែលជំងឺវិវដ្ដ អ្នកជំងឺនឹងញ័រកាន់តែខ្លាំង ជាពិសេសពេលអ្នកជំងឺមានធ្ងន់ធ្ងរ។ ជារឿយៗអ្នកជំងឺនឹងបាត់ញ័រនៅពេលគេង ព្រោះអ្នកជំងឺមិនកម្រើកដៃឬជើង។
២. មានចលនាយឺត
ជំងឺប៉ាគីនសិនអាចធ្វើឱ្យចាស់ៗមានចលនាយឺតយ៉ាវ និងត្រូវចំណាយពេលច្រើនក្នុងការធ្វើការងារសាមញ្ញៗ។ ចាស់ៗអាចបោះជំហានខ្លីជាងមុនពេលដើរ ពិបាកក្រោកពីកៅអី ឬអាចដើរអូសជើង។
៣. រឹងសាច់ដុំ ឬអវយវៈ
អ្នកជំងឺអាចរឹងសាច់ដុំនៅផ្នែកណាមួយនៃរាងកាយ ដែលបណ្តាលឱ្យមានការឈឺចាប់ និងមានកម្រិតក្នុងការធ្វើចលនា។
៤. រមួលសាច់ដុំ ឬរមួលក្រពើ
អ្នកជំងឺអាចរមួលក្រពើ ឬរួញម្រាមជើង។
៥. បាត់បង់ចលនាស្វ័យប្រវត្តិ
អ្នកជំងឹអាចថយសមត្ថភាពក្នុងការធ្វើចលនាដោយមិនដឹងខ្លួនដូចជា ការព្រិចភ្នែក ញញឹម ឬយោលដៃនៅពេលដើរ។
៦. បាត់បង់លំនឹង
អ្នកជំងឺមានទំនោរផ្អៀងទៅម្ខាងដែលជាហេតុធ្វើឱ្យងាយដួលនៅពេលបុក ឬបះអ្វីមួយ។ នៅពេលព្យាយាមបោះជំហានដើរទៅមុខ អ្នកជំងឺអាចមានអារម្មណ៍ថាដូចជាជាប់ជើងនឹងឥដ្ឋ ឬដី។
៧. ផ្លាស់ប្តូរការនិយាយ
អ្នកជំងឺអាចនិយាយមិនសូវឮ លឿន ត្រដិត និងស្មើដោយគ្មានការលើកដាក់សំឡេង។
៨. ប្រែប្រួលអក្សរ
អ្នកជំងឺមានការពិបាកក្នុងការសរសេរ ហើយអក្សរប្រែតូចជាងមុន និងពិបាកមើល។
អាការៈផ្សេងទៀតរួមមាន៖
- មានជំងឺបាក់ទឹកចិត្ត ឬថប់បារម្ភ
- មានបញ្ហាក្នុងការទំពារ និងហៀរទឹកមាត់
- លេចនោមដោយមិនដឹងខ្លួន
- មានបញ្ហាក្នុងការគិត និងចងចាំ វង្វេងវង្វាន់
- ទល់លាមក
- មានបញ្ហាសើស្បែកដូចជា កើតអង្គែ
- ហិតមិនដឹងក្លិន
- គេងមិនលក់ មមើ និងញាក់ជើង
- ព្រងើយកន្តើយ អស់កម្លាំង ស្រកទម្ងន់ មើលមិនច្បាស់
- មានសម្ពាធឈាមទាប
ជំងឺប៉ាគីនសិនមិនអាចព្យាបាលជាទេ ប៉ុន្តែការព្យាបាល និងការហាត់ប្រាណអាចជួយកាត់បន្ថយអាការៈជំងឺបាន។ ជាពិសេសការព្យាបាលដោយចលនា និងវិធីព្យាបាលមួយចំនួនទៀត អាចជួយអ្នកជំងឺឱ្យដើរ រក្សាលំនឹង និយាយ ញ៉ាំ និងលេបអាហារបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]