ភ្នំពេញ៖ ត្រឹមតែចុងសប្ដាហ៍២ថ្ងៃនេះ ភ្ញៀវទេសចរចេញដើរកម្សាន្ត មានជាង១៨ម៉ឺននាក់ ទូទាំងប្រទេស បន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបើកដំណើរការប្រទេសកម្ពុជាឡើងវិញលើគ្រប់វិស័យ នាពេលថ្មីៗនេះ។  

ដោយឡែក ស្របពេលនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ Fresh News ថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្នុងឱកាសចុងសប្តាហ៍នេះ (១៣ ១៤) មានភ្ញៀវទេសចរ បានចេញដើរទស្សនាកម្សាន្ត សរុប១៨០,២៩៦នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្ដម ថោង ខុន បានបញ្ជាក់ទៀតថា ភ្ញៀវសរុបមានចំនួន១៨០,២៩៦នាក់ ក្នុងនោះ មានភ្ញៀវជាតិ១៧៥,៨០១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤,៤៩៥នាក់ ដែលបានដើរកម្សាន្តក្នុងប្រទេស។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

 ខេត្តព្រះសីហនុ ៣៤,៣០៦នាក់

 រាជធានីភ្នំពេញ ៣២,០៣៤នាក់

 ខេត្តកំពត ១៦,០០៧នាក់

 ខេត្តពោធិ៍សាត់ ១៥,៥០៨នាក់

 ខេត្តសៀមរាប១៣,១០៤នាក់

ឯកឧត្ដម ថោង ខុន បានគូសបញ្ជាក់ថា ជាការកត់សំគាល់តួលេខខាងលើ មានការកើនឡើងប្រមាណ ៣.២៩% ធៀបនឹងសប្តាហ៍កន្លងមក។

រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ រួមជាមួយមូលដ្ឋានអាជីវកម្មទេសចរណ៍នានាទូទាំងប្រទេស បានបើកដំណើរការទទួលភ្ញៀវទេសចរ និងបានកំពុងត្រៀមខ្លួនទទួលភ្ញៀវទេសចរនាពេលថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកនាសប្តាហ៍ក្រោយនេះ។

ចំពោះសភាពការណ៍ជារួម គឺពុំមានបញ្ហាណាមួយគួរកត់សម្គាល់ទេ។

បន្ថែមពីនោះទៀត អនុវត្តតាមសារសម្លេងពិសេសដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី១៤នេះ សម្រាប់ទេសចរអន្តរជាតិ និងអ្នកដំណើរ ចាក់វ៉ាក់សាំង ដែលចូលមកក្នុងកម្ពុជាថ្ងៃស្អែក ក្រសួងទេសចរណ៍ នឹងប្រជុំពិនិត្យមើលឡើងវិញ អំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិ ស្តង់ដាអប្បបរមា (SOP) លើគ្រប់សេវាដែល ក្រសួងទេសចរណ៍ បានដាក់ចេញនាពេលកន្លងមក ដើម្បី កែសំរួលឲ្យបានសមស្រប ដើម្បីជំរុញចលនា ទេសចរណ៍ផ្ទៃក្នុង ឲ្យកាន់តែមានការអភិវឌ្ឍន៍ល្អ និងខ្លាំងខ្លាថែមទៀត៕

ប្រភព៖ ក្រសួងទេសចរណ៍

សូមចូលទស្សនារូបភាពខាងក្រោម៖

ស្ថិតិភ្ញៀវទេសចរផ្ទៃក្នុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]