កណ្ដាល៖ បណ្តាលោកគ្រូអ្នកគ្រូនៅតាមវិទ្យាល័យមួយចំនួន នៅខេត្តកណ្តាល បានស្ម័គ្រចិត្តបង្កើនម៉ោងបង្រៀនបំប៉នសិស្សថ្នាក់ទី១២ យ៉ាងសកម្ម ដើម្បីជួយពង្រឹងសមត្ថភាពសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១នេះ។

បើតាមលោកគ្រូអ្នកគ្រូនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ក៏ដូចជាគ្រូ​បង្រៀន​នៅ​វិទ្យា​ល័យ​ផ្សេងៗ​ទៀត បញ្ជាក់ថា នៅថ្ងៃទី២៤ខែវិច្ឆិកានេះថា នៅក្នុងអំឡុងថ្ងៃប្រឡងបាក់ឌុបជិតឈានមកដល់នេះ បណ្តា​​គ្រូតាមមុខវិជ្ជាដែលត្រូវប្រឡង បានបង្កើនម៉ោងបង្រៀនបំប៉នសម្រាប់សិស្សថ្នាក់ទី១២បន្ថែម ​ទៅ​តាមការណែនាំ​របស់​​ប្រមុខថ្នាក់​ដឹកនាំរាជរដ្ឋាភិបាលផង ​និងតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ​ខណៈការបង្រៀន និង​ការ​រៀន​​នៅក្នុងឆ្នាំនេះ គឺបានជួបការរំខានច្រើន ដោយសារវិបត្តិកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមសិស្សថ្នាក់ទី១២ ថ្លែងថា ការរៀនបំប៉នចំណេះដឹងបន្ថែមបូកនឹងថ្ងៃសៅរ៍ អាទិត្យផងដែរនេះ គឺពិតជាមាន​សារ​​សំខាន់ណាស់​ ដោយសារគ្រប់លោកគ្រូអ្នកគ្រូបានលើកយកសំណួរ លំហាត់​គន្លឹះ​ជាច្រើនដែលសិស្សមាន​ចម្ងល់​យក​មកដោះស្រាយពន្យល់​ប្រាប់​សិស្សទាំងអស់គ្នា ហើយ​តាម​រយៈការបង្រៀន និងការៀននេះ គឺជាការធ្វើឱ្យ​សិស្ស​មាន​ចំណេះ​ដឹងបន្ថែមដ៏សំខាន់​ដើម្បីត្រៀមខ្លួន​បន្ថែមសម្រាប់ការប្រឡងនៅថ្ងៃទី២៧ខែធ្នូនេះ។

សម្រាប់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការប្រឡង​បាក់​ឌុប​ឆ្នាំ២០២១នេះ នឹង​ត្រូវរៀបចំ​តាម​ទម្រង់ដូចឆ្នាំមុនៗ និងត្រូវបន្តអនុវត្តន៍តាមគោល​ការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព ​និង​លទ្ធផល​ទទួល​យក​បានស្រប នឹងវិធានការសុវត្ថិភាពសុខភាព។

យ៉ាងណាមិញ ឯកឧត្តម បន្តថា​ គិតត្រឹមមកដល់ពេល ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ​ បាក់ឌុបនេះ មាន​បេក្ខជន​ប្រឡង ១១៥,១៣៩នាក់ ក្នុងនោះនារី ​មាន៦០,៦៦១នាក់ ហើយបានបែងចែង​មណ្ឌល​ប្រឡង​ចំនួន ២០៥មណ្ឌល និង​មាន​បន្ទប់​ប្រឡងចំនួន​ ៤៦៥១បន្ទប់ ​ហើយការប្រឡងបាក់ឌុប ត្រូវបន្ត​អនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌​ តម្លាភាព ​និង​លទ្ធផល​ទទួលយកបាន ស្រប​នឹង​វិធានការ​សុវត្ថិភាពសុខភាព៕

ប្រភព៖ BTV

សូមចូលទស្សនារូបភាពខាងក្រោម៖

អ្នកគ្រូ កំពុងបង្រៀនសិស្សសមុនការប្រឡងបាក់ឌុប
លោកគ្រូ កំពុងបង្រៀនសិស្សមុនការប្រឡងបាក់ឌុប
លោកគ្រូ កំពុងបង្រៀនសិស្សមុនការប្រឡងបាក់ឌុប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]