ការចូលរៀនមត្តេយ្យអាចជាដំណាក់កាលដំបូងដែលអូនតូចឃ្លាតឆ្ងាយពី ប៉ាម៉ាក់ ឬអ្នកផ្ទះ។ អូនតូចអាចមិនទម្លាប់នឹងមជ្ឈដ្ឋានថ្មី ឬចូលរៀនបាន ១ ថ្ងៃលែងចង់ទៅរៀនទៀត។ ដូច្នេះដើម្បីជួយអូនតូចឱ្យត្រៀមខ្លួនជាស្រេចក្នុងការចូលរៀនដំបូង មុនពេលបញ្ចូនអូនតូចចូលរៀនមតេ្តយ្យ ប៉ាម៉ាក់គួរធ្វើអ្វីខ្លះ?
ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលប៉ាម៉ាក់អាចសាកល្បងដើម្បីជួយអូនតូចឱ្យត្រៀមខ្លួនជាស្រេចក្នុងការចូលរៀនដំបូង៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. បង្រៀនអូនតូចជំនាញជួយខ្លួនឯង
ប៉ាម៉ាក់អាចបង្រៀនអូនតូចឱ្យចេះស្លៀកពាក់ ដោះសម្លៀកបំពាក់ ញុំាអាហារ បើក និងបិទប្រអប់អាហារ ពាក់ និងដោះស្បែកជើង ពាក់ និងដោះម៉ាស់ បាញ់អាល់កុល រក្សាគម្លាត យកសម្ភារៈសិក្សាចេញពីសម្ពាយ រៀបសៀវភៅ និងសម្ភារៈសិក្សាទុកចូលក្នុងសម្ពាយវិញ លាងដៃ ជូតមាត់ ញើសសម្បោរ បត់ជើងជាដើម។ អូនតូចនឹងចេះជួយខ្លួនឯងពេលរៀបចំខ្លួនទៅសាលារៀន និងពេលនៅសាលារៀន។
២. បង្រៀនអូនតូចឱ្យស្គាល់ឈ្មោះខ្លួន
ប៉ាម៉ាក់គួរបង្រៀនអូនតូចឱ្យស្គាល់ឈ្មោះពេញរបស់ខ្លួន បើអាចគួរបង្រៀនឱ្យអូនតូចចេះសរសេរ និងអានឈ្មោះខ្លួនទៀត ព្រោះអូនតូចនឹងមានភាពងាយស្រួលក្នុងពេលរៀន ឬប្រឡង។ ម៉្យាងទៀតចៀសវាងពេលគ្រូហៅឈ្មោះ អូនតូចអត់ស្គាល់ឈ្មោះខ្លួនឯង ព្រោះអូនតូចមួយចំនួនមានឈ្មោះផ្លូវការខុសពីឈ្មោះនៅផ្ទះ។
៣. បង្រៀនអូនតូចជំនាញសង្គម
លោកស្រី Claire Haas អនុប្រធានផ្នែកអប់រំនៅសាលារៀន The Kiddie Academy នៅ Abingdon រដ្ឋ Maryland បានលើកឡើងថា ការចូលរៀនមត្តេយ្យបង្រៀនអូនតូចពីជំនាញសង្គម។ ប៉ាម៉ាក់គួរបង្រៀនអូនតូចឱ្យចេះចែករំលែក រងចាំដល់វេនខ្លួន របៀបលេងជាមួយមិត្តរួមថ្នាក់ ចេះអរគុណ សូមទោស ជំរាបសួរ ជំរាបលា មិនរំខានពេលមិត្តរួមថ្នាក់លេង ចូលរួមសកម្មភាពក្នុងថ្នាក់ ដូចជាការលើកដៃឆ្លើយសំណួរ ឬយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់។
៤. នំាអូនតូចទៅមើលសាលារៀនផ្ទាល់
ប៉ាម៉ាក់គួរនាំអូនតូចទៅមើលសាលារៀន ថ្នាក់រៀន កន្លែងលេង បន្ទប់ទឹក ជួបអនាគតគ្រូ និងមិត្តរួមថ្នាក់មុនពេលចូលរៀន ដើម្បីឱ្យអូនតូចស្គាល់បរិយាកាសនៅសាលា និងមានអារម្មណ៍ស្និទ្ធជាមួយគ្រូ និងមិត្តរួមថ្នាក់។ ប៉ាម៉ាក់ក៏អាចសួរពីរបៀបគ្រូបង្រៀន និងសកម្មភាពដែលអូនតូចត្រូវធ្វើប្រចាំថ្ងៃក្នុងថ្នាក់ ដូច្នេះប៉ាម៉ាក់អាចប្រាប់ និងបង្រៀនអូនតូចជាមុន។
៥. លេងសម្តែងថាអូនតូចទៅរៀន
ប៉ាម៉ាក់អាចប្តូរវេនគ្នាធ្វើជា គ្រូ និងអាណាព្យាបាល ហើយឱ្យអូនតូចអនុវត្តទម្លាប់ប្រចាំថ្ងៃដូចជា ក្រោកពីគេង រៀបចំខ្លួនទៅរៀន ញុំាអាហារ លាម៉ាក់ ឬប៉ាមុនទៅសាលារៀន ជំរាបសួរគ្រូពេលដល់សាលា ចូលអង្គុយតាមកន្លែង រៀនច្រៀង រៀនអាន រៀនសរសេរអក្សរ រៀនឆ្លើយសំណួរ ចេញលេង ញុំាអាហារ លេងជាមួយមិត្តរួមថ្នាក់ ទៅបន្ទប់ទឹក និងតម្រង់ជួរជាដើម។ ការធ្វើ់ដូចនេះ ដើម្បីឱ្យអូនតូចសុំានឹងការរៀបចំខ្លួនទៅរៀន បរិយាកាសនៅក្នុងថ្នាក់ និងនៅសាលា។
៦. ផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ
ប្រសិនបើអូនតូចចូលគេងយប់ជ្រៅ ហើយក្រោកយឺត ប៉ាម៉ាក់គួរកែទម្លាប់ឱ្យអូនតូចគេងពីព្រលប់ និងក្រោកពីព្រលឹម ទើបអូនតូចមិនទៅរៀនយឺត។
មុនពេលបញ្ចូនអូនតូចចូលរៀនមតេ្តយ្យ ប៉ាម៉ាក់គួរបង្រៀនអូនតូចពីចំណុចដូចដែរបានរៀបរាប់ខាងលើយ៉ាងហោចណាស់ ១ ខែមុន និងត្រូវអនុវត្តជារៀងរាល់ថ្ងៃដើម្បីអូនតូចសុំា ដូច្នេះអូនតូចនឹងមិនខ្លាចការចូលរៀនដំបូង។ ប៉ាម៉ាក់គួរបង្រៀនអូនតូចសន្សឹមៗ និងដោយភាពអត់ធ្មត់ដើម្បីកុំឱ្យអូនតូចមានភាពតានតឹង ព្រោះការមានភាពតានតឹងអាចធ្វើឱ្យអូនតូចខ្លាច និងលែងចង់ទៅរៀន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]