រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងអ្នកនាង ប៊ែលឡា ដានីត កើតទុក្ខស្ទើរប្រេះទ្រូង ហើយប្រកាសរកយុត្តិធម៌ទាមទារសុំសិទ្ធិយកកូនស្រីរបស់ខ្លួនមកវិញ ក្រោយត្រូវបានចាប់ពង្រាត់ពីក្រុមគ្រួសារ ជាថ្នូរនឹងការឱ្យនាងយល់ព្រមចាកចេញពីស្វាមី។
ក្នុងនោះ អ្នកនាង ប៊ែលឡា ដានីត សម្តែងការហួសចិត្ត នៅពេលដែលម្តាយ បងប្រុស បងស្រីបង្កើតរបស់ខ្លួនបានធ្វើសកម្មភាពចាប់ពង្រាត់កូនស្រីរបស់នាងពីដើមទ្រូង ដោយបង្ខំឲ្យនាងធ្វើរឿងដែលនាងមិនចង់ធ្វើ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទាក់ទិនបញ្ហានេះដែរ បើតាមការរៀបរាប់របស់នាង បាននិយាយថា កាលដើមឡើយ នាងមានស្វាមី និងបានរស់នៅជាមួយគ្នារយៈពេលប្រមាណ៣ឆ្នាំមកហើយ ដោយមានកូនម្នាក់ក្នុងបន្ទុក ហើយមិនបានចុះអេតាស៊ីវិលឡើយ។
នាងបញ្ជាក់ថា លុះក្រោយមក ដោយសារការរស់នៅជាមួយគ្នាមិនចុះសម្រុង នាង និងស្វាមីក៏បានបែកគ្នា ហើយនាងក៏សម្រេចចុះទៅរស់នៅជុំគ្នាជាមួយគ្រួសាររបស់នាងវិញ ដោយមានបងប្រុស បងស្រីរបស់នាងក៏រស់នៅជុំគ្នាផងដែរ។ នាងថា អំឡុងពេលដែលនាងរស់នៅជុំគ្រួសារនោះ នាងតែងតែផ្ញើកូនអោយម្តាយ និងបងប្អូនឲ្យជួយមើល ដោយសារនាងជាប់រវល់ការងារថត ប៉ុន្តែនាងមិនដែលទុកកូនចោលដើរលេងផ្តេសផ្តាសឡើយ ពោលគឺក្រោយចប់ការងារ នាងបានត្រឡប់មកផ្ទះគេងជាមួយកូនវិញជាធម្មតា។
នាងបន្តថា ក្នុងរយៈពេល៣ឆ្នាំដែលនាងរស់នៅជាមួយគ្រួសារ គឺមានតែមួយលើកគត់ដែលនាងទៅចោលកូនប្រមាណជា៤ថ្ងៃ ដោយសារនាងត្រូវទៅថតភាពយន្តនៅឯខេត្តសៀមរាប ប៉ុន្តែនាងតែងតែទាក់ទងសួរនាំកូនរហូត ដែលនេះបញ្ជាក់ថា នាងមិនដែលមានគំនិតភ្លើតភ្លើន ឬចង់ចោលកូនរបស់ខ្លួនឡើយ។
ប៊ែលឡា ដានីត បានបញ្ជាក់ទៀតថា នៅក្នុងពេលដែលរស់នៅជាមួយគ្នានេះដែរ ម្តាយ និងបងស្រីរបស់នាងតែងតែលួងលោមនាងឲ្យទៅយកអ្នកនេះ អ្នកនោះឲ្យគេចិញ្ចឹម ដោយពួកគាត់ធានារកអោយ ខណៈពេលដែលបងស្រីរបស់នាងតែងតែទទូចចង់បានកូនស្រីរបស់នាងយកទៅចិញ្ចឹម ប៉ុន្តែនាងមិនព្រម។ នាងបញ្ជាក់ថា រយៈពេល៣ខែចុងក្រោយនេះ នាង និងគ្រួសារបានកើតមានទំនាស់ជាញឹកញាប់ ដោយសារបងស្រីរបស់នាងបានជេរប្រមាថមកលើរូបនាង បូករួមរឿងការមិនព្រមធ្វើតាមគាត់ និងការមិនអោយកូនស្រីនាងមកឲ្យគាត់ចិញ្ចឹម។
នាងថា ដោយសារឃើញការលំបាក នាងក៏បានលួចចេញដោយស្ងាត់ៗ២នាក់កូននៅយប់កណ្តាលអធ្រាត្រ ពោលគឺនៅពេលពួកគាត់សម្រាន្តលក់អស់ ហើយនាងក៏បានខលហៅស្វាមីរបស់នាងឲ្យមកយក ដោយពេលនោះពួកនាងក៏សម្រេចចិត្តជួលខន់ដូមួយកន្លែងរស់នៅជុំគ្នា។
នាងបន្ថែមថា ចាប់តាំងក្រោយមកទៀត នៅពេលដែលឃើញទិដ្ឋភាពរៀងស្ងាប់ស្ងាត់ ហើយនាងគិតថា ក្រុមគ្រួសារទំនងជាមិនរករឿងនាងទៀតនោះទេ នាងក៏បាននាំកូនចេញចូលទៅលេងគ្រួសាររបស់នាងជាធម្មតា ហើយនាងអនុញ្ញាតឲ្យម្តាយ និងបងស្រីអាចយកកូនរបស់នាងទៅខេត្តផងដែរ។ លុះដល់ថ្ងៃមួយ ពួកគាត់បានហៅទូរស័ព្ទមកនាង ដោយប្រាប់ថា ចង់ជុំគ្រួសារទៅញ៉ាំអីខាងក្រៅម្តង ហើយនាងក៏យល់ព្រម ដោយនាំទាំងកូនទៅជាមួយផងដែរ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ គឺនៅពេលញ៉ាំអីជុំគ្នាចប់ ពួកគាត់បានចាប់កូនរបស់នាងទុក ដោយមិនអោយចុះពីឡានមករកនាងឡើយ។
នាងបញ្ជាក់បន្ថែមទៀតថា ពេលនោះនាងក៏បានស្រវេស្រវ៉ារត់ទៅដណ្តើមកូនយកចេញមក ប៉ុន្តែខណៈពេលនោះ បងប្រុសរបស់នាងក៏បានមកវាយដុំច្រំធាក់នាងផ្ទប់នៅនឹងឡានទាំងនាងកំពុងឱបកូនជាប់នឹងដៃ។ នាងបញ្ជាក់ថា ក្នុងពេលប្រវាយប្រតប់គ្នានោះ គឺមានតែប៉ារបស់នាងតែម្នាក់គត់ ដែលបានឃាត់កុំអោយមានការវាយតប់ ប៉ុន្តែនាងបានអស់កម្លាំងដោយព្រលែងកូនឲ្យគេដណ្តើមបាន ដោយសារនាងបានលឺពីការជេរប្រមាថយ៉ាងធ្ងន់ធ្ងរពីបងប្រុសមកលើប៉ារបស់នាង។
បើទោះបីជា នាងរត់សុំអង្វរសុំអោយបងស្រីរបស់ខ្លួនកុំឲ្យយកកូនរបស់នាងទៅណា ព្រោះនាងមិនអាចរស់នៅដោយគ្មានកូនបានឡើយ ខណៈពេលដែលនាងក៏បានព្រមានថា នឹងរត់ចូលឡាន ប្រសិនបើមិនឲ្យកូននាងមកវិញទេនោះ។ ខណៈពេលនោះ បងស្រីរបស់នាងក៏បានស្រែកប្រាប់អោយបងប្រុសចាប់នាងចូលក្នុងឡាន ព្រោះលឺនាងគំរា.មធ្វើរឿងខាងលើនេះ។
ក្នុងនោះ ប៊ែលឡា ដានីត បានឱ្យដឹងទៀតថា ក្រោយកូនស្រីត្រូវពង្រាត់បែបនេះ នាងក៏ប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចឱ្យជួយដោះស្រាយ តែអាជ្ញាធរដោះស្រាយឱ្យនាងចាញ់ ព្រោះបងស្រី មានអ្នកធំជួយពីក្រោយចំពោះរឿងនេះ។ បន្ទាប់មកទៀត នាងក៏បានទៅប្តឹងស្នងការក្រុង ដោយស្នងការក្រុងសម្រេចឱ្យនាងយកកូនមកវិញ តែពេលនោះ គ្រួសារនាង ក៏បាននាំកូនស្រីចូលឡានមួយ ដើម្បីគេចចេញទៅបាត់ទៀត។ នាងបន្តថា រឿងក្តីរបស់នាង ទោះជាដោះស្រាយតាមច្បាប់ក៏ពុំបានផលឡើយ អ្វីដែលល្អនិងដំណោះស្រាយចុងក្រោយនោះ គឺអំពាវនាវសុំអន្តរគមន៍ពីសំណាក់ប្រមុខដឹកនាំ និងសមាគមន៍សិល្បករខ្មែរ មេត្តាជួយអន្តរគម៍ស្វែងរកយុត្តិធម៍ជូននាង។ ហើយក្នុងនោះ នាងចង់បានតែកូនមកជួបជុំគ្នាវិញ ហើយក៏យកទោសពៃណ៍លើសមាជិកគ្រួសារណាម្នាក់នោះទេ។
គិតមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបបែបណាពីក្រុមគ្រួសាររបស់តារាសម្តែងរូបនេះនៅឡើយទេ៕









ប្រភព៖ KSP
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]