យើងដឹងហើយថា រាងកាយត្រូវការអុកស៊ីសែនដើម្បីដំណើរការ ហើយសួតមានតួនាទីជួយយើងដកដង្ហើមចេញចូលពីមួយថ្ងៃទៅមួយថ្ងៃ។ ជាទូទៅ សួតមានសារសំខាន់ណាស់សម្រាប់យើង ហើយកាន់តែសំខាន់ក្នុងពេលមានវីរុសវាយលុកសុខភាពផ្លូវដង្ហើមទៀត ហេតុនេះហើយយើងគួរមានទម្លាប់ថែសួត ៤ យ៉ាង ដើម្បីជួយសួតមានសុខភាពល្អ ទោះឆ្លងវីរុសចូលក៏មិនសូវប៉ះពាល់ធ្ងន់ធ្ងរ។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ឈប់ជក់បារី
ការឈប់ជក់បារីជាទម្លាប់ថែសួតសំខាន់បំផុតដែលគ្នាយើងអាចធ្វើបានសម្រាប់សួតយើងមានសុខភាពល្អ។ ការជក់បារី ជាមូលហេតុទី១ នៃជំងឺមហារីកសួត ក៏ដូចជាជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) និងជំងឺសួតដទៃទៀតដែរ។ តាមរយៈការឈប់ជក់បារី យើងអាចកាត់បន្ថយកត្តាប្រឈមបានយ៉ាងច្រើនពីការបង្កជំងឺដំបូង និងការស្លាប់មុនអាយុ។ ការជក់បារីក៏អាចធ្វើឲ្យយើងប្រឈមនឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលផងដែរ។
២. ហាត់ប្រាណទៀងទាត់
ការហាត់ប្រាណ ពិសេសលំហាត់ប្រាណបែប aerobic គឺសំខាន់ណាស់សម្រាប់សុខភាពផ្លូវដង្ហើមរបស់យើង។ មូលហេតុមួយក្នុងចំណោមហេតុផលទូទៅបំផុតដែលមនុស្សមួយចំនួនទៅជួបគ្រូពេទ្យសួតគឺថា ពួកគេមានអារម្មណ៍ថាពិបាកដកដង្ហើម ឬដង្ហក់ៗ។ ជាមួយនឹងការបង្កើតទម្លាប់ថែសួតដោយការហាត់ប្រាណ យើងអាចហ្វឹកហាត់សួតរបស់យើង បង្កើនសមត្ថភាពសួតឲ្យកាន់តែរឹងមាំ។
៣. ដឹងពីប្រវត្តិគ្រួសារខ្លួន
ពិតជាចាំបាច់ណាស់ដែលយើងគួរដឹងពីប្រភេទជំងឺសួតដែលមានក្នុងប្រវត្តិគ្រួសារ ដើម្បីផ្ដល់ភាពងាយស្រួលដល់យើងពេលទៅពិនិត្យសុខភាព។ ក្នុងករណីខ្លះ មានជម្រើសពិនិត្យរកមើលជំងឺមហារីកសួត ហើយអាចមានកត្តាហ្សែនទៅនឹងជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) ដំណាក់កាលដំបូង។ ការពិនិត្យសុខភាពមុនពេលកំណត់អាចឲ្យយើងដឹងពីជំងឺមុន និងអាចព្យាបាលទាន់ពេលវេលា។
៤. បង្ការការឆ្លងមេរោគ
យើងត្រូវមានទម្លាប់ថែសួតឲ្យបានល្អពីមេរោគនានា ជាពិសេសក្នុងពេលនេះដែលមានការរាលដាលពីវីរុសបំប្លែងថ្មី Omicron នៃវីរុសកូវីដ-១៩។ អ្វីដែលយើងគួរធ្វើមានដូចជា៖
– លាងដៃជាមួយសាប៊ូនឹងទឹកស្អាត ឬអាចប្រើអាល់កុល ឬជែលលាងដៃ ឲ្យបានញឹកញាប់ តាមដែរអាចធ្វើទៅបាន។
– ចៀសវាងកន្លែងមានមនុស្សច្រើន (ពិសេស ក្នុងរដូវងាយកើតជំងឺផ្ដាសាយ)។
– ដុសសម្អាតធ្មេញឲ្យបានយ៉ាងតិច ២/ថ្ងៃ។ ការធ្វើអនាម័យមាត់ស្អាត អាចទប់ស្កាត់មេរោគបង្កជាជំងឺបាន។
– ចាក់វ៉ាក់សាំងការពារខ្លួនពីជំងឺតាមការណែនាំ។
– មើលថែសុខភាពខ្លួនឯងឲ្យបានល្អ ក្នុងករណីឈឺ ចៀសវាងចម្លងមនុស្សជុំវិញខ្លួន។
ជាចុងក្រោយ ដោយសារតែពេលនេះមានការវាយលុកពីវីរុសបំប្លែងថ្មី Omicron ថែមពីលើជំងឺកូវីដ-១៩ ធម្មតា គ្នាយើងគួរតែមានរបបអាហារត្រឹមត្រូវ និងគប្បីបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីការពារខ្លួនយើង ក៏ដូចជាមនុស្សជាទីស្រលាញ់ពីវីរុសផ្លូវដង្ហើមដ៏កាចសាហាវនេះ ទោះបីយើងចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]