​ភ្នំពេញ៖ នាពេលថ្មីៗនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរមួយបានកើតឡើង ដោយមានរថយន្ត​ស៊ីទែន​ប្រេង​របស់​ក្រុមហ៊ុន SAVIMEX ចំណុះ​១៦០០០​លី​ត្រ​មួយ​គ្រឿង​បាន​ដាច់​កង់​រមៀល​ចេញ​ទៅ ​បុក​ម៉ូតូ​១​គ្រឿងផ្សេងទៀត បណ្តាល​​ឱ្យ​​រង​ការ​ខូចខាត ចំណែក​រថយន្ត​អូស​ប្រមាណ​ជិត​៥០​ម៉ែត្រ ចំណែកប្រេង​វិញបាន​ហូរ​ពេញ​ផ្លូវ ផ្អើល​ដល់​អ្នកដំណើរ  រួមទាំងអ្នកស្រុក​នាំ​គ្នា​ដួស និង​ត្រង់​បាន​រាប់​សិប​កាន តែ​សំណាងល្អ​ពុំ​បណ្តាល​​ឱ្យ​​ឆាបឆេះ​ក្លាយជា​អគ្គី​ភ័យ​ឡើយ ។

ដោយឡែក បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៥​គ្រឿង ទៅ​ត្រៀម​អន្តរាគមន៍ ខ្លាច​កើត​មាន​អគ្គី​ភ័យ​ជាយថាហេតុ តែសំណាងល្អណាស់ ដែលពុំការឆាបឆេះកើតឡើងនោះ។ ​ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ ២០២១ នៅ​ ចំណុច​គល់​ស្ពាន​ព្រែក​ព្នៅ​ ខាងកើត តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុងភូមិ ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះរថយន្ត​ដែល​ដាច់​កង់​នោះ​រថយន្ត​ម៉ាក IZUSU ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣A.៩៣៦៨ ជា​រថយន្ត​ស៊ីទែន​ប្រេង​របស់​ក្រុមហ៊ុន SAVIMEX បាន​ដាច់​កង់​ក្រោយ​ខាងស្តាំ និង​កាច់​ដាច់​ទុយោ​បូម​ប្រេង ។ ចំណែក​ម៉ូតូ​ដែល​កង់​រថយន្ត​រមៀល​ដឹក​កាំបិត​ពូថៅ​ លក់ បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ។

ភ្លាម​ៗ ក្រោយពីហេតុការណ៍បានកើតឡើង អ្នកដំណើរ ក៏​ដូច​ជា ប្រជាពលរដ្ឋ ដែល​រស់នៅ​ជុំវិញ​បាន​ផ្អើល​នាំ​គ្នា ទៅ​ត្រង និង​ដួស​ប្រេង ដែល​ហូរ និង​ទៅ​ ដក់​នៅ​ ទី​ទំនាប​ដែល​ខ្លះ ដោយម្នាក់​ៗ​អាចនឹងបាន​ប្រមាណជាជិត​១០​កាន​ក៏​មាន​ដែរ ។

តាមសាក្សីម្នាក់ក្នុងចំណោមសាក្សីផ្សេងទៀត ដែលបានឃើញហេតុការណ៍នេះ  ជាអ្នក​បើក​ម៉ូតូ​លក់​កាំបិត​ពូថៅ​ ឈ្មោះ ឡុ​ង ចាន់​ចាវ បានបញ្ជាក់​ថា នៅ​ មុន​ពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​មក​ពី​លក់​នៅ​ខេត្តកំពង់ស្ពឺ រួច​ក៏​បាន​បត់​ម៉ូតូ​ត្រឡប់​ក្រោយ ប្រុង​ចុះ​ទិញ​រ៉ូ​ប​​ឱ្យ​​ប្រពន្ធ ស្រាប់តែ​កង់​រថយន្ត​បាន​រមៀល​ចេញ​រថយន្ត​តាំង​ពីលើ​ស្ពាន​មក​បុក​បណ្តាល​អោយ​ដួល និង​រង​ការ​ខូចខាត​តែ​ម្តង ។ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​ប្រុង​បង្ក​​ឱ្យ​កើត​មាន​អគ្គី​ភ័យ​ដែរ តែ​អ្នកបើកបរ បាន​យក​បំពង់​បាញ់​ពន្លត់​ទាន់ ព្រមទាំង​ហៅ​រថយន្ត មក​បូម​ប្រេង​ចេញ ។

យ៉ាងណាមិញ ចំពោះហេតុការណ៍​នេះ នគរបាល​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​និង​ក្រុមហ៊ុន OCIC បាន​ចេញ​រថយន្ត ពន្លត់អគ្គីភ័យ​ចំនួន​៥​គ្រឿង​ទៅ​ ត្រៀម​អន្តរាគមន៍​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

សូមចូលទស្សនារូបភាពខាងក្រោម៖

សកម្មភាពប្រជាពលរដ្ឋនាំគ្នាត្រងប្រេងដែលកំពប់
សកម្មភាពប្រជាពលរដ្ឋនាំគ្នាត្រងប្រេងដែលកំពប់
សកម្មភាពប្រជាពលរដ្ឋនាំគ្នាត្រងប្រេងដែលកំពប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]