តែកូវជី (Goji berry) មានពណ៌ស្រស់ស្អាត គ្មានជាតិកាហ្វេអ៊ីន និងមានរសជាតិផ្អែមតិចៗ។ យោង​តាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានឱ្យដឹងថាក្នុងកូវជី ១០០ ក្រាមមានផ្ទុកកាបូអ៊ីដ្រាត ៧៧,១ ​ក្រាម ស្ករ ៤៥,៦ ក្រាម ប្រូតេអ៊ីន ១៤,៣ ក្រាម ជាតិសរសៃ ១៣ ក្រាម ខ្លាញ់ ០,៣៩ ក្រាម វីតាមីន A ២៦៨០០ IU វីតាមីន C ៤៨,៤ មីលីក្រាម ជាតិដែក ៦,៨ មិល្លីក្រាម​ កាល់ស្យូម ១៩០ មិល្លីក្រាម។ តែកូវជីមិនត្រឹមតែជំនួយដល់ភ្នែកទេ ថែម​ទាំង​មាន​ប្រយោជន៍ជាច្រើនដល់សុខភាពទៀតផង។

តែកូវជីផ្តល់ប្រយោជន៍ដល់សុខភាពដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ជំនួយភ្នែក៖ កូវជីសម្បូរទៅដោយវីតាមីន A ដែលល្អចំពោះភ្នែក និងកាត់បន្ថយការចុះខ្សោយនៃភ្នែក។

២. ប្រឆាំងភាពចាស់៖ កូវជីមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម (phytochemicals) ដែលអាចពន្យារភាពចាស់។ ការស្រាវជ្រាវបាបង្ហាញថាសារធាតុនេះជួយការពារអុកស៊ីតកម្ម DNA និងជួយស្តារ DNA ដែល​ខូច។

៣. ជំនួយសុខភាពថ្លើម៖ កូវជីជួយការពារថ្លើមពីការបំផ្លាញរបស់ជាតិពុល និងកាកសំណល់កោសិកានៅលើ DNA ខ្លាញ់ប្រូតេអ៊ីន និងសមាសធាតុសំខាន់ៗដទៃទៀតនៃកោសិកា។

៤. ជួយសម្រកទម្ងន់៖ កូវជីមានជាតិសរសៃខ្ពស់ដែលអាចធ្វើឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ។ តែកូវជី​ក៏ជួយ​ដល់ការ​ដុត​រំលាយអាហារដែលជួយជំរុញដល់ការសម្រកទម្ងន់។

៥. ជំនួយស្បែក៖ បេតាការ៉ូទីនក្នុងកូវជីបន្ថយពន្យារភាពចាស់នៃស្បែក និងបន្ថយការខូចខាតស្បែកពីពន្លឺកាំរស្មីយូវី ស័ក្តិសម​បំផុត​សម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម និងងាយនឹងត្រូវកម្តៅថ្ងៃ។ បេតាខារ៉ូទីន​បង្កើតពន្លឺធម្មជាតិដែលធ្វើឱ្យស្បែករបស់យើងស្រស់ស្អាត និងក្មេងជាងវ័យ។

៦. ពង្រឹងប្រព័ន្ធការពាររាងកាយ៖ កូវជីផ្ទុកវីតាមីន C ខ្ពស់ដែលជាវីតាមីនជួយបង្កើនប្រព័ន្ធការពាររាងកាយ ព្រោះវាអាចជួយ​ជំរុញ​ការ​ផលិត​កោសិកាឈាមស។

៧. ធ្វើឱ្យអាម្មណ៍ល្អ៖ សារធាតុសកម្មនៅក្នុងកូវជីមានឥទ្ធិពលលើអ័រម៉ូននៅក្នុងរាងកាយ ដែលអាចជួយធ្វើឱ្យអារម្មណ៍យើងមានតុល្យភាព ការពារការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត។

៨. ជំនួយសុខភាពបេះដូង៖ កូវជីមានសមត្ថភាពបញ្ចុះកូឡេស្តេរ៉ុលបានរហូតដល់ ៧០% ហើយ​ក៏ជួយកាត់បន្ថយ​ទ្រីគ្លីសេរីដ​ផង​ដែរ។ តែកូវជីក៏ការពារប្រឆាំងនឹងកូលេស្តេរ៉ុលអាក្រក់ (LDL) ផងដែរ។

៩. ការពារពីជំងឺមហារីក៖ តែកូវជីមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារអុកស៊ីតកម្មរបស់កោសិកា និង​បន្ថយ​ហានិភ័យ​នៃជំងឺមហារីក។ វាក៏ប្រឆាំងរ៉ាឌីកាល់សេរី និងការពារការខូចខាត DNA ដែរ។

១០. ជួយការពារជំងឺទឹកនោមផ្អែម៖ ការស្រាវជ្រាវបានបង្ហាញថាតែកូវជីនេះអាចជួយឱ្យរាងកាយគ្រប់គ្រងការបញ្ចេញជាតិគ្លុយកូស និងអាំងស៊ុយលីន។

ផលប៉ះពាល់

តែកូវជីផ្តល់ប្រយោជន៍ដល់សុខភាពច្រើនតែក៏មានផលប៉ះពាល់ដែរ។

  • កូវជីមានផ្ទុកសារធាតុ betaine ដែលជាសារធាតុគីមីដែលអាចបង្កឱ្យរលូតកូន ដូច្នេះ​ស្ត្រី​មាន​​ផ្ទៃពោះមិនគួរញ៉ាំតែនេះទេ។
  • ប្រសិនយើងកំពុងប្រើថ្នាំបញ្ចុះសម្ពាធឈាម ឬថ្នាំបន្ថយជាតិស្ករ ចៀសវាង​ញុំាតែកូវជី​ព្រោះកូវជីក៏មានឥទ្ធិពលស្រដៀងគ្នានឹងថ្នាំទាំងនេះដែរ ដែលអាច​បណ្តាល​កម្រិតជាតិស្ករធ្លាក់កាន់តែខ្លាំង។
  • ចៀសវាងញុំាតែកូវជីពេលយប់ព្រោះបណ្តាលឱ្យគេងមិនលក់។
  • ចៀសវាងញុំាកូវជីលើស ២៨ ក្រាម ឬ ២ ស្លាបព្រាបាយក្នុង ១ ថ្ងៃ។
  • ចៀសវាងញុំាតែកូវជី បើយើងមានបញ្ហាក្រពះពោះវៀន។

វិធីឆុងតែកូវជី

ចាក់ទឹកក្តៅ ១ ពែងចូលក្នុងកែវដែលមានកូវជី (លាងរួច) កន្លះស្លាបព្រាបាយ រួចទុក ៥ នាទី។ យើង​ត្រូវញុំាតែកូវជីទាំងកាកទើបទទួលបានអត្ថប្រយោជន៍ពេញលេញ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]