ការលាងសម្អាតដបទឹកដោះគោស្អាតល្អអាចការពារអូនតូចពីការឆ្លងមេរោគដែលបណ្តាលឱ្យរាក និងក្អួត។ តើម៉ាក់ៗត្រូវធ្វើយ៉ាងណាដើម្បី​លាង​សម្អាតដបទឹកដោះគោ​ឱ្យបានស្អាត​ល្អ និង​មិនឱ្យមាន​ក្លិនផ្អូម​?

ម៉ាក់ៗត្រូវលាងសម្អាតដបទឹកដោះគោភ្លាមៗ បន្ទាប់ពីអូនតូចបៅរួច ដើម្បី​ការពារកុំឱ្យទឹកដោះគោ​ដែលនៅជាប់ដបឡើងជូរផ្អូម។ ប្រសិនបើម៉ាក់ៗរវល់ ម៉ាក់ៗត្រូវក្រឡុកដបទឹកដោះគោ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ និងដោះផ្នែកទាំងអស់របស់ដបទឹកដោះគោ​ចេញត្រាំក្នុងទឹក ​ដើម្បីការពារទឹក​ដោះ​គោ​កក​ជាប់ក្នុងដប ឬនៅលើផ្នែកផ្សេងៗទៀតរបស់ដបទឹកដោះគោដែលធ្វើឱ្យពិបាកលាង និងអាច​ការពារ​ទឹកដោះគោពីការឡើងជូរផ្អូម ​និងបង្កជាមេរោគ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របៀបលាងសម្អាតដបទឹកដោះគោ៖

  • ម៉ាក់ៗត្រូវលាងសម្អាតដៃឱ្យបានស្អាតល្អជាមួយសាប៊ូ និងទឹករយៈពេល ២០ វិនាទី​ដើម្បី​ការពារ​ការចម្លងមេរោគ ឬវីរុស។
  • ចាក់ទឹកដោះគោចេញឱ្យអស់ពីដបទឹកដោះគោ។
  • ម៉ាក់ៗត្រូវដោះផ្នែកទាំងអស់របស់ដបទឹកដោះគោដូចជា គម្រប ក្បាល​ដបទឹកដោះគោ ក្បាល​ដោះ​ជ័រជាដើមចេញ ព្រោះទឹកដោះគោអាចកក ឬជាប់នៅលើផ្នែកនៃដបទឹកដោះគោទាំងនេះ។
  • គ្រលុកផ្នែកទាំងអស់របស់ដបទឹកដោះគោជាមួយទឹកស្អាតមួយសាសិន។
  • ដាក់ទឹកចូលក្នុងចានដែក រួចដាក់សាប៊ូសម្រាប់លាងដបទឹកដោះ​គោ​ចូលបន្តិច និងកូរទឹកឱ្យសាប៊ូរលាយសព្វល្អ។
  • បន្ទាប់ម៉ាក់ៗត្រូវប្រើច្រាសលាងដបទឹកដោះគោលាងសម្អាតផ្នែកទាំងអស់របស់​ដបទឹកដោះគោ​ឱ្យសព្វ និងបន្តក់ទឹកសាប៊ូចូលរន្ធក្បាលដោះ បន្ទាប់មកលាងជម្រះទឹក ២-៣ ដងឱ្យបានស្អាត។
  • ដាក់ដបទឹកដោះគោ និងផ្នែកទាំងអស់របស់ដបទឹកដោះគោស្រក់ទឹកឱ្យស្ងួត។ ម៉ាក់ៗមិនត្រូវ​យក​កន្សែង ឬស្បៃមកជូតដបទឹកដោះ​គោ​ឱ្យស្ងួតទេ ព្រោះនាំឱ្យឆ្លងមេរោគ។
  • រួចស្រុះដបទឹកដោះគោ និងផ្នែកទាំងអស់របស់ដបទឹកដោះគោជាមួយ​ទឹកដាំពុះ ៣ ទៅ ៥ នាទីដើម្បីសម្លាប់មេរោគបន្ថែម។
  • ចុងក្រោយម៉ាក់ៗត្រូវលាងសម្អាតច្រាសសម្រាប់លាងដបទឹកដោះគោ ​និងព្យួរឱ្យស្រក់ទឹក។

ការលាងសម្អាតដបទឹកដោះគោឱ្យបានស្អាតត្រឹមត្រូវមានសារៈសំខាន់ណាស់​​ក្នុងការការពារអូនតូចពីការឆ្លងមេរោគ ព្រោះទារកមានប្រព័ន្ធការពារ​​រាងកាយទន់ខ្សោយ។ ម៉ាក់ៗគួរ​ប្រើ​ដបទឹកដោះគោដែលបានសម្លាប់មេរោគហើយក្នុងរយៈពេល ២៤ ម៉ោង។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]