ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុនទឹកពិសាវីតាល់ និងរោងភាពយន្តលេជន បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការនូវការចាក់បញ្ចាំងមុនគេបង្អស់នៃ​ខ្សែភាពយន្ត​ «មនុស្សពីងពាង៖ មកផ្ទះលែងកើត» ដែលកំពុងល្បីល្បាញទូទាំងពិភពលោក។​ នៅក្នុងពិធីសម្ពោធល្ងាចនេះ ក៏មានអ្នកចូលរួមពីសំណាក់គណៈគ្រប់គ្រង នៃក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុនទឹកពិសាវីតាល់ និងរោងភាពយន្តលេជេន រួមទាំងអ្នកគាំទ្រជាច្រើននាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឱកាសដ៏វិសេសវិសាលនេះ​ អ្នកតំណាងប្រចាំក្រុមហ៊ុននីមួយៗ បានផ្តល់ពីចំណាប់អារម្មណ៍ និងសម្តែងសេចក្តីសោមនស្សរីករាយ ដែលបានក្លាយជាដៃគូសហការក្នុងប្រទេសកម្ពុជា របស់ខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» ដែលកំពុងល្បីល្បាញទូទាំងពិភពលោក និងបានបង្ហាញពីឆន្ទៈ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការនាំយកនូវបទពិសោធន៍ថ្មីប្លែកៗអស្ចារ្យជាច្រើនទៀតជូនដល់អ្នកគាំទ្រផលិតផលរបស់ខ្លួន។

អ្វីដែលកាន់តែពិសេសនៅក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុនទឹកពិសាវីតាល់ និងរោងភាពយន្តលេជេន ក៏បានរៀបចំកម្មវិធីកម្សាន្តសប្បាយៗ សម្រាប់អ្នកគាំទ្ររបស់ខ្លួន ដែលបានឈ្នះរង្វាន់សំបុត្រចូលរួមកម្មវិធី និងមានឱកាសទស្សនាកំពូលខ្សែភាពយន្តដ៏ល្បីល្បាញលើពិភពលោកនេះមុនគេបង្អស់នៅក្នុងប្រទេសកម្ពុជា រួមមានការសម្តែងចម្រៀង ការសម្តែងក្បាច់រាំ ការតុបតែងខ្លួនតាមតួអង្គមនុស្សពីងពាង និងការលេងហ្គេមដែលទទួលបានកាដូ Premium Item បន្ថែមជាច្រើនទៀតផង។

គួរបញ្ជាក់ផងដែរថា ​ខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» គឺជាភាពយន្តបែបស៊ុបភើ ហេរ៉ូដ៏ល្បីល្បាញរបស់ផលិតកម្ម Marvel នឹងចាក់បញ្ចាំងជាផ្លូវការតែក្នុងរោងភាពយន្តប៉ុណ្ណោះ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះតទៅ។

អំពីខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត»៖

ជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្ត Spider-Man អត្តសញ្ញាណរបស់តួអង្គមនុស្សពីងពាងត្រូវបានលាតត្រដាងជាសាធារណៈ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់គាត់ និងធ្វើឱ្យអ្នកជុំវិញខ្លួនជួបហានិភ័យជាច្រើន។ នៅពេលដែល Spider-Man សុំជំនួយពី Doctor Strange ឱ្យជប់សិល្ប ដើម្បីស្ដារអាថ៌កំបាំងរបស់គាត់ សិល្ប៍នោះបានបង្កើតជាចលាចលដែលបង្កឱ្យបីសាចកំណាចក្រៅភពជាច្រើនចូលមកអុកឡុកក្នុងផែនដី។ ឥឡូវនេះ Peter នឹងត្រូវជម្នះឧបសគ្គដ៏ធំបំផុតរបស់គាត់ ដែលនឹងមិនត្រឹមតែផ្លាស់ប្តូរអនាគតរបស់គាត់ជារៀងរហូតប៉ុណ្ណោះទេ ប៉ុន្តែផ្លាស់ប្តូរដល់អនាគតនៃពហុចក្កវាលផងដែរ។

ខ្សែភាពយន្តនេះដឹកនាំដោយលោក Jon Watts និពន្ធដោយ Chris McKenna & Erik Sommers ដោយផ្អែកលើសៀវភៅ MARVEL Comic Book ដោយ Stan Lee និង Steve Ditko ។ ផលិតកររួមមានលោក Kevin Feige និង Amy Pascal ផលិតករប្រតិបត្តិរួមមាន Louis D'Esposito, Victoria Alonso, JoAnn Perritano, Rachel O'Connor, Avi Arad និង Matt Tolmach ។ ខ្សែភាពយន្តនេះសម្តែងដោយ Tom Holland, Zendaya, Benedict Cumberbatch, Jacob Batalon, Jon Favreau ជាមួយ Marisa Tomei៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]