រាជធានីភ្នំពេញ៖ លោកយាយ ដួង តារា ដែលជាភរិយា លោកណុប ណែម ប្រាថ្នាចង់ទៅលេងប្រាសាទអង្គរវត្ត​ មុនលោកយាយចាកចេញទៅ ព្រោះយាយ ខានទៅឃើញអង្គរជាង២០ឆ្នាំហើយ។ នេះជាប្រសាសន៍របស់យាយដែលបានប្រាប់ចៅគាត់ និងប្រាប់មកក្រុមព្រះសុរិយា នៅខណះដែលលោកយាយកំពុងស្ថិតក្នុងវ័យជរា និងក្នុងជីវភាពលំបាកជាខ្លាំងផងនោះ។

លោកយាយ ដួង តារា 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បើតាមប្រភពពីទំព័រហ្វេសប៊ុកក្រុមព្រះសូរិយា បានបញ្ជាក់ឱ្យដឹងថា ពេលនេះបំណងប្រាថ្នារបស់លោកយាយ ដួង តារាណុបណែម បានសម្រេចហើយ ដោយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ នាង យ៉ា រ៉េត ចៅស្រីបង្កើតរបស់លោកយាយ បាននាំលោកយាយមកលេងខេត្តសៀមរាប រយៈពេលបីថ្ងៃ ដោយមានការជួយជម្រំជ្រែងពីក្រុមព្រះសុរិយា សម្រាប់ការទទួលទាន និងការស្នាក់នៅ ព្រមទាំងការធ្វើដំណើរទៅទស្សនាតាមប្រាសាទនានា។

ប្រាសាទអង្គរវត្ត

សូមជម្រាបថា លោកយាយ ដួង តារា សព្វថ្ងៃមាន អាយុ៨២ឆ្នាំ បានបង្ហាញអារម្មណ៍រំភើបស្រក់ទឹកភ្នែក ពេលបានមកដល់ទីនេះថ្មី ដោយនឹកឃើញអនុស្សាវរីយ៍ល្អៗជាច្រើនកាលពីទសវត្ស៦០ ដែលលោកយាយធ្លាប់មកលេងទីនេះជាមួយស្វាមីលោកយាយ គឺ លោក ណុប ណែម និងមិត្តភក្តិឯទៀត ក៏ដូចជាមកថតខ្សែភាពយន្តនៅទីនេះផងដែរ។

លោកយាយ ដួង តារា 

លោកយាយ បានរំលឹកប្រាប់ក្រុមព្រះសុរិយាថា កាលពីក្នុងទសវត្ស៦០នោះ លោកយាយ ក៏ធ្លាប់បានមកថតខ្សែភាពយន្តនៅតាមប្រាសាទនានាក្នុងទឹកដីអង្គរ ខេត្តសៀមរាបនេះដែរ ដូចជារឿង រលកវាសនា និងរឿង ប្រហារដួងចិត្ត។ លោកយាយបានបញ្ជាក់ថា កាលដែលលោកយាយចង់មកលេងទឹកដីអង្គរជាថ្មីនេះ ក៏ព្រោះតែចង់រំលឹកអនុស្សាវរីយ៍នានា ដែលស្ថិតក្នុងដួងចិត្តលោកយាយគ្មានថ្ងៃភ្លេច និងចង់ឃើញការអភិវឌ្ឈន៍ដ៏លូនលឿនទៅមុខរបស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ពិសេសទៀតនោះ លោកយាយ ចង់ថតរូបក្នុងសម្លៀកបំពាក់បុរាណខ្មែរនៅប្រាសាទខ្មែរយើងទុកជាអនុស្សាវរីយ៍ក្នុងវ័យចុងក្រោយនេះ។

សូមជម្រាបផងដែរថា កន្លងទៅ លោកយាយ បានទទួលថវិកាឧបត្ថម្ភពីសប្បុរសជន ដែលក្រុមព្រះសុរិយាបានអំពាវនាវបានចំនួន 1540.72$ ។ ថវិកានេះលោកយាយយកមកដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ ពិសេសបង់ថ្លៃថ្នាំពេទ្យ៕

លោកយាយ ដួង តារា 

ប្រភព៖ ក្រុមព្រះសូរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]