ពិការភាពពីកំណើត ឬកូនកើតមកពិការអាចប៉ះពាល់ស្ទើរតែគ្រប់ផ្នែកនៃរាងកាយទារកដូចជា បេះដូង ខួរក្បាល ឬជើងជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់រូបសម្បត្តិ និងសុខភាពទារក។ ម៉ាក់ៗគួរធ្វើបែបណាដើម្បីកាត់បន្ថយហានិភ័យកូនពីពិការភាពពីកំណើត?
ពិការភាពពីកំណើតមានដូចជាមាត់ឆែប ជើងខ្វេរ បេះដូងចំហ គថ្លង់ ឆ្អឹងខ្នងបិទមិនជិត ទារកអត់លលាដ៏ក្បាល ឬខ្សោយបញ្ញាជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិការភាពពីកំណើតមួយចំនួនអាចបង្ការបាន ខណៈពិការភាពពីកំណើតមួយចំនួនទៀតមិនអាចបង្ការបានទេ ព្រោះអ្នកវិទ្យាសាស្រ្តមិនទាន់ដឹងពីមូលហេតុបង្កនៅឡើយ។ យ៉ាងណាមិញ មានរឿងមួយចំនួនដែលម៉ាក់ៗអាចធ្វើបាន ដើម្បីគ្រប់គ្រងសុខភាព និងកាត់បន្ថយហានិភ័យកូនពីពិការភាពពីកំណើត៖
១. ញ៉ាំអាហារសម្បូរអាស៊ីដហ្វូលិក
អាស៊ីដហ្វូលិកគឺជាវីតាមីន B9 ។ ប្រសិនបើម៉ាក់ៗមានជាតិអាស៊ីដហ្វូលិកគ្រប់គ្រាន់នៅក្នុងខ្លួនយ៉ាងហោចណាស់មួយខែមុន និងអំឡុងពេលមានផ្ទៃពោះ នោះជាតិអាស៊ីដហ្វូលិកអាចជួយការពារទារកពីពិការភាពខួរក្បាល និងឆ្អឹងខ្នងដូចជា ការអត់លលាដ៏ក្បាល និងជំងឺពកឆ្អឹងខ្នង។ អាហារសម្បូរអាស៊ីដហ្វូលលិកមានដូចពពួកសណ្ដែក ស្ពៃក្ដោប ខាត់ណាខៀវ និងថ្លើមសត្វ(គួរញ៉ាំមានកម្រិតសម្រាប់ស្រ្តីមានផ្ទៃពោះ) ជាដើម។ ដូចគ្នាដែរ ស្រីៗយើងត្រៀមយកកូនក៏អាចពិភាក្សាជាមួយគ្រូពេទ្យដើម្បីបានឱសថបំប៉នអាស៊ីដហ្វូលិកផងដែរ។
២. គ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម
ស្រីៗដែលមានជំងឺទឹកនោមផ្អែម ឬជំងឺលើសឈាមគួរទៅជួបគ្រូពេទ្យជំនាញដើម្បីពិគ្រោះពីរបៀបរស់នៅ ឬការផ្លាស់ប្តូរថ្នាំដើម្បីជួយគ្រប់គ្រងស្ថានភាពជំងឺ មុនពេលព្យាយាមមានផ្ទៃពោះ។ ម៉ាក់ៗដែលមានជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបានមានហានិភ័យខ្ពស់ក្នុងការមានកូនដែលមានពិការពីកំណើត។
លើសពីនេះទៅទៀត ម៉ាក់ៗដែលមានសម្ពាធឈាមខ្ពស់មានហានិភ័យខ្ពស់ក្នុងការធ្វើឱ្យលំហូរឈាមក្នុងសុករត់មិនល្អ ដែលអាចប៉ះពាល់ដល់ការលូតលាស់សរីរាង្គខាងក្នុងមួយចំនួនរបស់គភ៌។
៣. ចាក់វ៉ាក់សាំងកញ្រ្ជិល ស្អូច និងអុតស្វាយមុនពេលពពោះ
ជំងឺកញ្រ្ជិល ស្អូច និងអុតស្វាយអាចបណ្តាលឱ្យទារកមានគ្រោះថ្នាក់ ឬពិការពីកំណើត ប្រសិនបើម៉ាក់ៗឆ្លងអំឡុងពេលមានផ្ទៃពោះ។
៤. ពិនិត្យរកជំងឺកាមរោគ
ជំងឺកាមរោគអាចបណ្តាលឱ្យទារកមានពិការភាពពីកំណើតធ្ងន់ធ្ងរ។ ការព្យាបាលជំងឺកាមរោគមុនពេលអ្នកមានផ្ទៃពោះអាចការពារ ឬកាត់បន្ថយគ្រោះថ្នាក់ដល់ទារក។
៥. គ្រប់គ្រងទម្ងន់
ស្រីៗដែលធាត់ (មានសន្ទស្សន៍ម៉ាសរាងកាយ [BMI] ៣០ ឬខ្ពស់ជាងនេះ) មុនពេលមានផ្ទៃពោះ មានហានិភ័យខ្ពស់ក្នុងការមានផលវិបាកអំឡុងពេលមានផ្ទៃពោះ និងប្រឈមមានកូនពិការពីកំណើត។
៦ ចៀសវាងគ្រឿងស្រវឹងពេលពពោះ
ជាតិអាល់កុលនៅក្នុងគ្រឿងស្រវឹងអាចចូលទៅចរន្តឈាមរបស់ស្ត្រីឆ្លងទៅទារកដែលកំពុងលូតលាស់តាមរយៈទងផ្ចិត។ ការញុំាគ្រឿងស្រវឹងច្រើនក្នុងអំឡុងពេលពពោះអាចបណ្តាលឱ្យរលូតកូន កូនស្លាប់ក្នុងពោះ និងធ្វើឱ្យកូនមានបញ្ហាអាកប្បកិរិយា និងបញ្ញា។
៧. កុំជក់បារី
ម៉ាក់ៗគួរផ្តាច់បារីមុនពេលពពោះ ព្រោះការជក់បារីអំឡុងពេលពពោះបណ្តាលឱ្យកូនកើតមិនគ្រប់ខែ កូនកើតមិនគ្រប់គីឡូ កូនស្លាប់ក្នុងពោះ ពិការភាពពីកំណើត និងបណ្តាលឱ្យម៉ាក់ៗមានបញ្ហាសុខភាព។
៨. ចៀសវាងគ្រឿងញៀន
ការជក់កញ្ឆា និងប្រើគ្រៀងញៀនអំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យកូនកើតមិនគ្រប់ខែ ឬកើតមិនគ្រប់គីឡូ និងពិការភាពពីកំណើត។
៩. ពិគ្រោះជាមួយគ្រូពេទ្យមុនចាប់ផ្តើមប្រើថ្នាំណា ១
យើងគួរពិគ្រោះជាមួយពេទ្យពីគុណសម្បត្តិ និងគុណវិបត្តិរបស់ថ្នាំមុននឹងប្រើប្រាស់ក្នុងពេលពពោះ ព្រោះថ្នាំមួយចំនួនអាចប៉ះពាល់ដល់ការលូតលាស់របស់គភ៌ និងអាចធ្វើឱ្យទារកពិការពីកំណើត។
ពិការភាពពីកំណើតភាគច្រើនកើតឡើងក្នុងអំឡុង ៣ ខែដំបូងនៃការពពោះ នៅពេលដែលសរីរាង្គរបស់ទារកកំពុងលូតលាស់។ ទោះយ៉ាងណាក៏ដោយ ពិការភាពពីកំណើតមួយចំនួនក៏អាចកើតឡើងក្នុងអំឡុងពេល ៦ ខែ ចុងក្រោយនៃការមានផ្ទៃពោះដែរ នៅពេលដែលជាលិកា និងសរីរាង្គផ្សេងៗកំពុងបន្តលូតលាស់។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]