រាជធានីភ្នំពេញ៖ ពេលនេះ ជនសង្ស័យ ២នាក់បន្ថែមទៀតហើយ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ទាក់ទិននឹងករណីប្លន់នៅក្នុងផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់អនឡាញដ៏ល្បីឈ្មោះម្នាក់ កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ។

បើយោងតាម លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសា​សន៍​​ប្រាប់ កាសែតកម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២១ ខែធ្នូនេះថា ក្រោយប្រតិបត្តិការមួយយប់ ក្នុងការដេញឃាត់រថយន្ត ដែលជនសង្ស័យប្រើប្រាស់ ក្នុងករណីប្លន់នៅក្នុងផ្ទះ ឧកញ៉ា​ អ៊ាន​ សៀវម៉ី​ កាលពីព្រឹកថ្ងៃទី ១៩​ ខែធ្នូ​ ឆ្នាំ ២០២១​ នៅក្នុងបុរី​ម៊ូន​ថោន សមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានធ្វើការឡោមព័ទ្ធ រហូតឈានដល់ការឃាត់ខ្លួនបាន ជនសង្ស័យចំនួន ២នាក់។ ក្នុងនោះ មានប្រុសម្នាក់ ស្រីម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៍មាន ជនសង្ស័យទាំង ២នាក់នេះ គឺជាក្រុមបក្ខពួក ដែលបានចូលទៅប្លន់ក្នុងផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ ហើយនៅព្រឹកអង្គារនេះ សមត្ថកិច្ចកំពុងយកទៅធ្វើការសាកសួរបន្ត នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យបាន ២នាក់ ដែលពាក់ព័ន្ធនឹងករណីប្លន់ដ៏ធំមួយ នាចុងឆ្នាំ ២០២១នេះ។

គួរបញ្ជាក់ថា ក្រុមចោរប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់អនឡាញល្បីឈ្មោះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានហើយ កាលពីយប់មិញ។ 

ក្នុងនោះ យោងតាមទំព័រហ្វេសប៊ុក របស់កងអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន ៥ដើម (វែង ១ដើម ខ្លី ៤ដើម)។ ក្នុងចំណោមនោះ ក៏មានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលសង្ស័យ​ជាប់ពាក់ព័ន្ធករណី ជាមួយក្រុមចោរប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ផងដែរ។ កម្លាំងអាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន ១២នាក់(ប្រុស ៩នាក់ ស្រី ៣នាក់)៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ KPT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]