សៀមរាប៖ នាពេលថ្មីៗនេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីបួងសួងនៅខាងមុខប្រាសាទអង្គរវត្ដ ព្រះអង្គរគោលធ្លក ព្រះអង្គងោក និងព្រះអង្គចេក ព្រះអង្គចម ដើម្បីសុំឱ្យបាមរីវត្ថុសក្ដិសិទ្ធិជួយថែរក្សា និងជួយផ្ដល់សេចក្ដីសុខដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាជននៅក្នុងខេត្ដសៀមរាប។

ដោយឡែក នៅព្រឹកថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១នេះ ពិធីដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងប្រធាន​ក្រុមប្រឹក្សាខេត្ដ ​អាជ្ញាធរជាតិអប្សារា មន្តី្ររាជការ ​ស្ថាប័នពាក់ព័ន្ធនានា និងអង្គភាពជុំវិញខេត្តជា​ច្រើន​នាក់​បាន​អញ្ជើញ​ចូលរួមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ឯកឧត្ដម ទៀ សីហា ក៏​បាន​អុចធូប​បួងសួង​សូម​ការប្រោសព្រំពីវត្ថុ​ស័ក្ដិសិទ្ធិ​នៅ​តំបន់អង្គរ ក៏ដូចជា​ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរ ​ក៏ដូចជាដួងវិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្មែរ ផ្តល់​នូវ​ពរជ័យ​សិរីមង្គល វិបុលសុខគ្រប់ប្រការដល់ប្រជាពលរដ្ឋនៅខេត្ដសៀមរាប ក៏ដូចជាការរក្សា​បាន​នូវសុខសន្តិភាពសម្រាប់ជាតិ ​និងប្រជាជនកម្ពុជា​លើដែនដីអច្ឆរិយរបស់ខ្មែរ ដែលពួកគេ​ត្រូវបាន​ប្រព្រឹទ្ធទៅតាមលំអានប្រពៃណី​ ទំនៀបទម្លាប់​សាសនាខ្មែរ ​ខណៈដែលគ្រឿងរណ្តាប់ ផ្លែឈើ​ជា​ច្រើន​មុខត្រូវ​បានរៀបចំឡើងដើម្បី​ជា​ដង្វាយ​ដល់វត្ថុ​ស័ក្តិសិទ្ធ​ផងដែរ ដោយពិធីនោះក៏បានសុំឱ្យបារមីព្រះអង្គថែរក្សាប្រាង្គប្រាសាទ ជួយឱ្យឱ្យកូចចៅខ្មែរ បានរួចចាក​ផុត​ពី​ជំងឺផ្សេងៗ​ផងដែរ ​ជាពិសេសជំងឺកូវីដ១៩។

ចំពោះ ឯកឧត្ដម ក៏បានរំលឹកគុណដល់បារមីគ្រប់ទិសទី​ដែល​ជួយ​តាមថែរក្សាប្រជាពលរដ្ឋខ្មែរមាន​សេចក្ដី​សុខ​មកដល់ថ្ងៃនេះ ​ក្នុងពេលវិបត្ដិជំងឺកូវីដ១៩ ក្នុងរយៈពេលជិត២ឆ្នាំកន្លងមក ​ហើយខេត្ដសៀមរាប នឹងវិលត្រឡប់ទៅសភាពដើមវិញ​ ដូចមុនឆ្នាំ២០២០កន្លងមក ។

នៅក្នុងពិធីមួយនេះ លោកតាអាចារ្យ បានសូត្របួងសួងដល់​វត្ថុ​ស័ក្តិសិទ្ធ​ ដួងព្រះវិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រខ្មែរ ​និងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ ​ឲ្យតាមជួយឃុំគ្រងបីបាច់ថែរក្សាជាតិកម្ពុជា ឲ្យបន្តមាន​សុខសន្តិភាព រក្សាបានការអភិវឌ្ឍ ​និងភាពរីកចម្រើនតរៀងទៅ ចៀសផុតពី​គ្រោះកាច​ទាំងឡាយ។ ក្រៅពីនេះ លោកតា​ ក៏បានអំពាវនាវដល់បារមីវត្ថុ​សក្តិសិទ្ធ តាមបីបាច់ថែរក្សាថ្នាក់ដឹកនាំ​កំពូលៗ​នៅ​កម្ពុជា និងអាជ្ញាធរខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋ​ខេត្តសៀមរាប ​និងបងប្អូន​ដែលបានអញ្ជើញមកកម្សាន្ត ​នៅលើទឹកដីអង្គរ ។

ពិធីបួងសួងនេះ ​ក៏​សង្កេតឃើញថាមានប្រជាពលរដ្ឋបានចូលរួមជាច្រើនកុះករផងដែរ ពួកគេសុទ្ធតែបាន​បង្ហាញក្តីរីករាយជាមួយពិធីបួងសួងនេះ​ និងចាត់ទុកជាពិធីដ៏ល្អមួយសម្រាប់សូមសេចក្តីសុខ​សេចក្តី​ចម្រើនជូនប្រជាពលរដ្ឋ និងជាតិកម្ពុជា។ បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមសុទ្ធតែបានផ្តល់ និង​តម្កល់​តម្លៃខ្ពស់បំផុតចំពោះសុខសន្តិភាព​កំពុង​មាននៅកម្ពុជានាពេលបច្ចុប្បន្ន ​ដែល​ទាមទារ​រក្សាឲ្យបាន ដោយពួកគាត់បានយល់ឃើញថា បើគ្មានសន្តិភាព នឹងមិនអាចឲ្យកម្ពុជាអភិវឌ្ឍន៍រីកចម្រើនលូតលាស់​ទៅ​មុខបាននោះឡើយ។

អាស្រ័យហេតុនេះ សូមជម្រាបថា​ពិធីបួងសួងនេះ​ ធ្វើឡើងចំនួន៤ទីតាំងក្នុងថ្ងៃតែមួយ ​រួមមាននៅចំណុចលោកតារាជ ខាងមុខប្រាសាទអង្គរវត្ត​ នៅព្រះអង្គគោកធ្លក ​និងព្រះអង្គងោគ ​នៅព្រះអង្គចេក ព្រះអង្គចម ស្ថិតក្នុង​ក្រុងសៀមរាប ​ដែលធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃប្រទេស​កម្ពុជា ​បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍​ ២០កុម្ភៈ កាលពីថ្ងទី២០ខែធ្នូឆ្នាំ២០២១នេះ៕

ប្រភព៖ BTV

សូមចូលទស្សនារូបភាពខាងក្រោម៖

សកម្មភាពការរៀបចំពិធីបួងសួង
សកម្មភាពការរៀបចំពិធីបួងសួង
សកម្មភាពការរៀបចំពិធីបួងសួង
សកម្មភាពការរៀបចំពិធីបួងសួង
សកម្មភាពការរៀបចំពិធីបួងសួង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]