រាជធានីភ្នំពេញ៖ ស្ថិតនៅក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ នៅមិនទាន់ផុតរលត់ចេញពីពិភពលោក ជាពិសេសប្រទេសកម្ពុជា ចំណែកឯ ការប្រលងបាក់ឌុប នឹងនៅតែដំណើរការប្រឡង ដូចឆ្នាំមុនៗដដែល ហើយក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ បើបេក្ខជនក្តៅខ្លួន និងពិនិត្យទៅឃើញ កើតជំងឺកូវីដ-១៩ក៏ដោយ បេក្ខជនរូបនោះ នៅតែអនុញ្ញាតឲ្យមានការប្រឡងដដែល ពោលគឺគ្រាន់តែដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែកពីគេឯងប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក នួន ផារ័ត្ន អភិបាលរង។

ការថ្លែងបញ្ជាក់បែបនេះរបស់លោក នួន ផារ័ត្ន ធ្វើឡើង នៅក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ និង២៨ ធ្នូ ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ លោក នួន ផារ័ត្ន បានបញ្ជាក់ដូច្នេះថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះគឺអនុវត្ត មិនខុសពីឆ្នាំមុននោះទេ។ ប៉ុន្តែអ្វីដែលខុសប្លែក គឺដោយសារឆ្នាំនេះ មានការរីករាលដាលជម្ងឺកូវីដ-១៩ ការប្រឡងគឺស្ថិតនៅក្នុងកិច្ចការពារខ្លួនពីកូវីដ-១៩។ បន្ថែមពីលើនេះ លោកក៏បានជំរុញឲ្យ កងកម្លាំងប៉ូលិស កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំងអស់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ទាំងក្នុង និងក្រៅបរិវេណសាលារៀន ឲ្យបានល្អប្រសើរ ជៀសវាងឲ្យបាននូវការកកស្ទះចរាចរណ៍។

ក្នុងនោះ លោកក៏បានជំរុញឲ្យអាជ្ញាធរ សហការជាមួយមន្ទីរអប់រំយុវជន និងកីឡា ដើម្បីធានាសុវត្ថិភាពនៃការប្រឡងនេះទទួលបាននូវភាពជោគជ័យ។ បន្ថែមពីនេះ ត្រូវបង្កើតឲ្យមានគណៈកម្មការទីបញ្ជាការស្រាលមួយ ដើម្បីទទួលព័ត៌មានក៏ដូចជាធ្វើអន្តរាគមន៍ ទៅលើអ្វីផ្សេងៗដែលកើតមាន និងធ្វើការហាមដាច់ខាតចំពោះការបើកអាជីវកម្មនៅក្បែរសាលាពាក់ព័ន្ធនឹងការថតចម្លងឯកសារនានា។

លោក ហែម ស៉ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងចាប់ផ្ដើមប្រឡងនៅថ្ងៃចន្ទ ទី២៧ និង២៨ ធ្នូ ឆ្នាំ២០២១ នៅមណ្ឌលប្រលងចំនួន ២៨ មណ្ឌល មាន៨៤០បន្ទប់ និងមានបេក្ខជនប្រលងចំនួន ២០៧២៥៤នាក់។

ចំពោះទីតាំងផ្ញើយានយន្តរបស់បេក្ខជនប្រឡងទាំង ២៨មណ្ឌល គឺមិនអនុញ្ញាតឲ្យយកលុយថ្លៃផ្ញើយានយន្តនោះទេ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ថវិកាចំនួន ១លានរៀល សម្រាប់មួយមណ្ឌល ដើម្បីសម្រួលលើកិច្ចការផ្ញើយានយន្តនេះដោយមិនយកប្រាក់ពីបេក្ខជន៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបតំណាង

ប្រភព៖ FN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]